មណ្ឌលគិរី: អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​និង​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនខិលខូច​ដែល​បាន​លួច​បោះបង្គោល​របង​ថ្ម​នៅលើ​ដីចម្ការ​ស្រល់​របស់​រដ្ឋ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ដក​កម្ទេច​បង្គោលរបង​ថ្ម​ចោល​ជិត ២០០ ​បង្គោល​ នៅក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​បាន​ថ្លែង​កាលពី​ចុង​សប្ដាហ៍​មុន​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លួច​បោះបង្គោល​ថ្ម​ព័ទ្ធ​ដី​ជិត​ ២០០ ​បង្គោល​ លើ​ផ្ទៃដី​ប្រមាណ​ជា​ ១០០ ​ហិកតា ដើម្បី​ប៉ុនប៉ង​កាប់​រាន​ព្រៃ​ចម្ការ​ស្រល់​នោះ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​។

តែ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​មករា សមត្ថកិច្ច​ជាង​ ១០ ​នាក់​ បាន​ចុះទៅ​ដក​បង្គោល​ទាំងនោះ​ចោល​វិញ ស្រប​ពេល​ដែល​អាជ្ញាធរ​កំពុង​រៀបចំ​ដំណើរការ​នីតិវិធី​ដើម្បី​ចុះបញ្ជី​ចម្ការ​ស្រល់​នោះ​ទុកជា​ដី​រដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងអំឡុង​ពេលនេះ​យើង​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ដែល​បោះបង្គោល​របង​ថ្ម​លើដី​នេះ​សិន​ដើម្បី​ឲ្យ​ពួកគាត់​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​តាម​ផ្លូវច្បាប់ ប៉ុន្ដែ​ប្រសិន​បើ​អ្នក​ដែល​បោះបង្គោល​លើដី​នេះ​មាន​ប្លង់រឹង​ ឬ​ឯកសារ​បញ្ជាក់ យើង​នឹង​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​អាជ្ញាធរ ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​»​។

លោក​បន្ថែមថា កន្លងមក​ដី​តំបន់​នេះ​ត្រូវបាន​ជនខិលខូច​បោះ​បង្គោលរបង​ចំនួន​ ២ ​លើក​រួចមកហើយ ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរ​ចុះទៅ​ដក​ចោល​វិញ​។ ​រីឯ​អ្នក​ដែល​ដាំ​បង្គោល​នោះ​មិន​បាន​ចូលខ្លួន​មក​ទទួល​ខុសត្រូវ​ទេ​។ ប៉ុន្ដែ​ពេល​នេះ​អាជ្ញាធរ​នឹង​ស្រាវជ្រាវ​រក​ជនអនាមិក​ទាំងនោះ​មក​ទទួល​ខុសត្រូវ​តាមច្បាប់​។

លោក ថៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា កម្លាំង​លោក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ដក​បង្គោលរ​បង​ថ្ម​នេះ​ចោល​ដែរ ប៉ុន្ដែ​ជុំវិញ​ការទិញ​ ឬ​លក់​ដី និង​មូលហេតុ​យ៉ាងណា​នោះ លោក​មិន​បានដឹង​រឿងនេះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​គ្រាន់តែ​ចុះ​ដក​បង្គោល​ហ្នឹង​ចោល​ទេ ហើយ​រឿង​គេ​ទិញ​ ឬ​លក់​ដី​រដ្ឋ​យ៉ាងណា​នោះ​ខ្ញុំ​អត់​ដឹង​ទេ​។ ​សួរ​ទៅ​មន្ត្រី​ជំនាញ​បាន​គេ​ដឹង ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា​លោក​បានទទួល​ដំណឹង​នេះដែរ ប៉ុន្ដែ​ដី​ក្នុង​​ទីតាំង​នោះ មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ទេ​។ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដី​ហ្នឹង​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកគ្រប់គ្រង​។ រីឯ​មន្ទីរ​បរិស្ថាន​ខេត្ត​គ្រប់គ្រង​ដី​នៅ​ជាប់​គ្នា​នោះដែរ ប៉ុន្ដែ​មិនមាន​អ្នក​លួច​ដាំ​បង្គោលរបង​រំលោភ​យក​ដី​ទេ​។ ពួក​ខ្ញុំ​នឹង​ចុះទៅ​ពិនិត្យមើល​ដី​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ដែរ ព្រោះ​ខ្លាច​គេ​លួច​ដាំ​បង្គោលរបង​ដែរ​។ ​បញ្ហា​ចុះ​ពិនិត្យ​នេះ យើង​ចុះ​អនុវត្ត​ជាប្រចាំ ព្រោះ​ជន​ខិលខូច គាត់​រង់ចាំ​មើល​តែ​យើង​ទេ​។ បើ​យើង​មិន​សូវ​ចុះទៅ​មើល​ទេ គឺ​គេ​នឹង​លួច​យក​ដី​អស់​»​។

លោក អ៊ុំ សុវណ្ណសុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​មិន​​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណីនេះ​​បាន​ទេ​ដោយ​ទូរស័ព្ទ​លោក​មិនមាន​អ្នកទទួល​។

លោក អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​ដែរ ប៉ុន្ដែ​មិនបាន​ទៅពិនិត្យ​ជាក់ស្ដែង​ទេ​។ ​លោក​ថា​​ ដី​តំបន់​នោះ​ត្រូវបាន​គេ​រំលោភ​យក​ជាច្រើន​លើក​មកហើយ ប៉ុន្ដែ​អាជ្ញាធរ​បាន​ចុះបង្ក្រាប​ទាន់ពេលវេលា​។

លោក អ៊ាង ម៉េងលី បាន​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ ប៉ុន្ដែ​បានស្នើ​ឲ្យ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនខិលខូច​ដែល​លួច​បោះ​បង្គោលរបង​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។ ​លោក​ថា អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ព្រមាន​អ្នកផ្សេង​ទៀត​កុំ​ឲ្យ​យក​ដី​រដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​នៅ​តែ​បណ្ដោយ​តទៅទៀត​គឺ​ករណី​នេះ​នៅ​បន្ត​កើតឡើង​ជា​ហូរហែ​ហើយ​កាន់តែ​ពិបាក​ដោះស្រាយ​ថែមទៀត​។ ​ជាពិសេស​​ត្រូវ​ស្រាវជ្រាវ​ថា ភាគី​ដែល​រំលោភ​ហ្នឹង​មាន​ឯកសារ​បញ្ជាក់​អ្វីខ្លះ​? ​ពួកគាត់​មក​បោះបង្គោល​ខ្លួនឯង​ ឬ​មាន​បក្ខពួក​នៅ​ពី​ក្រោយខ្នង​? ​ហើយ​ការដែល​អាជ្ញាធរ​ទៅ​បំផ្លាញចោល​ ២ ​ឬ​ ៣ ​ដង​មកនេះ​​គឺ​បង្ហាញថា អាជ្ញាធរ​មិនទាន់​មាន​ការអនុវត្ត​ច្បាប់​បាន​តឹងរ៉ឹង​នៅឡើយ​»​។

បើតាម​លោក សៀក មុន្នី មាន​ដីចម្ការ​ស្រល់​របស់​ក្រុមហ៊ុន​មួយ​នៅជាប់​ដី​រដ្ឋ​ដែល​គេ​លួច​បោះបង្គោល​នោះ ប៉ុន្តែ​ដី​ក្រុមហ៊ុន​នោះ​ក៏​មិនទាន់​អាច​ចុះបញ្ជី​បានដែរ ព្រោះ​កំពុង​មាន​បញ្ហា​ជាន់គ្នា​លើដី​ពលរដ្ឋ​។ ​ដូច្នេះ​ត្រូវ​រង់ចាំ​ឲ្យ​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​ដើម្បី​សម្រេច​ថា តើ​ត្រូវ​ឆ្វៀល​ចេញ​ក្នុង​ទំហំ​ប៉ុន្មាន ហើយ​ទីតាំង​ត្រង់​កន្លែង​ណា​ត្រូវ​កាត់​ឲ្យ​ក្រុមហ៊ុន និង​ទីតាំង​ត្រង់​កន្លែង​ណា​ត្រូវ​កាត់​ឲ្យ​ពលរដ្ឋ​៕

វីដេអូ៖