ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​ នឹង​មិន​មាន​ដំណោះ​ស្រាយ​ចំពោះករណី​រលំ​ដើមឈើ​សង្កត់​រថ​យន្ដ​​គ្រឿង ​កាលពី​ល្ងាច​ថ្ងៃទី ២៦ ​ខែ​វិច្ឆិកា​ នៅតាម​​ផ្លូវព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូន​ពេញ នោះ​ទេ ជា​អ្វីដែ​លម​ន្ត្រី​ថា​ ជា​ករណី​ប្រធាន​ស័ក្តិម​កពី​គ្រោះ​ធម្ម​ជាតិ។ នេះ​បើតាម​ លោក ​ម៉េ​ត មាស​ភក្ដី ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​នេះ​។

លោក​ មាស​ភក្តី បាន​ថ្លែងថា បន្ទាប់​មេឃ​ភ្លៀង​រយៈ​ពេល​១​យប់​១​ថ្ងៃរួម​នឹង​កម្លាំង​ខ្យល់​ផង​នោះបាន​បណ្ដាល​ឲ្យ​រលំ​ដើម​ឈើ​ទាល​ធំ​និង​បណ្ដាល​ឲ្យ​សង្កត់​លើ​រថយន្ដ​៣​គ្រឿង ប៉ុន្ដែ​មិន មាន​រង​គ្រោះ​ដល់​មនុស្ស​ឡើយ​ ហើយ​បន្ទាប់​ពី​កើត​ហេតុ អាជ្ញា​ធរ​បាន​ចុះ​ទៅ​កាត់​ដើម​ឈើ​ជា​កំណាត់​តូចៗ រួច​ប្រ​មូល​ចេញ​ភ្លាមៗ​ដែរ។

លោក​បន្ដ​ថា៖​«ករណី​នេះ​ជា​ករណី​ប្រ​ធាន​ស័កិ្ត​យើង​ដូច​ជា​មិន​មាន​ដំណោះ​ស្រាយ​អ្វី​បន្ដ​ទៀត​ជា​មួយ​ជនរ​ងគ្រោះ​ទេ​។ ចំណែក​ដើម​ឈើ យើង​រៀប​ចំ​កាត់​ជា​តូចៗ​យក​ចេញ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរា​ចរ​ណ៍»​។

យ៉ាង​ណា​ក្ដី លោក សន ជ័យ ​នាយក​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា បាន​មើលឃើញថា រឿង​បាក់​រំលំ​ដើមឈើ​សង្កត់​ឡាន​៣​គ្រឿង​នេះ បើ​មើលទៅ​ដូចជា​មិន​សូវ​ធំ​ទេ ប៉ុន្ដែ​កម្រិត​នៃ​ការ​ទទួល​ខុស​ត្រូវ ត្រូវបាន​គេ​ចោទសួរ។

លោក​ថា៖ «រឿង​នេះ​ត្រូវ​បាន​គេ​ចោទ​សួរថា តើ​ទំនាក់​ទំនង​រវាងក្រុមមន្ដ្រី​ដែល​គិតគូរ​ពី​សុវត្ថិភាពរបស់​អ្នក​ធ្វើដំ​ណើរ និង​ក្រុម​អ្នក​ដែល​អភិរក្ស​បរិ​ស្ថាន។ អ៊ីចឹ​ង​ខ្ញុំ​គិត​ថា រឿង​នេះ ​យើង​គួរតែ​គិត​រក​ចំណុច​កណ្ដាល​មួយ ​ហើយ​ចំពោះ​ដំណោះ​ស្រាយ​វិញ បើ​ត្រជាក់ គឺ​ត្រ​ជាក់​ទាំង​អស់​គ្នា ប៉ុន្ដែ​ពេល​មាន រឿង​គ្មាន​អ្នក​ចេញ​មក​ទទួល​ខុស​ត្រូវ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «អ៊ីចឹ​ង​ទាំង​អាជ្ញា​ធរ​ដែល​ធ្វើ​ការ​លើ​សុវត្ថិ​ភាព​ទី​ក្រុង​និង​អ្នក​អភិរ​ក្ស​ដល់​បរិស្ថានគួរតែ​រក​ចំណុច​កណ្ដាល​មួយ​ដើម្បី​ឲ្យ​មាន​វិធាន​ការ​ការពារ ​ឧទាហរណ៍​ថាតាម​ដើម​ឈើ​នីមួយ​ៗ ត្រូវ​សរសេរ​បម្រាម​ហាម​ចត់​រថយន្ដ​ពេល​មេឃ​ភ្លៀង អី​ជា​ដើម»។

ឆ្លើយតប​ចំពោះ​រឿងនេះ​ លោក ​មាស​ភក្ដី​​ បាន​ថ្លែង​ថា ចំពោះ​ការ​ថែរ​ក្សា ​ការពារ​បរិស្ថាន និង​ថែទាំ​ដើម​ឈើ​ធំៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​​មិន​មែន​ជា​រឿង​ថ្មី​​របស់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ទេ ​ដោយ​លោក​បាន​បញ្ជាក់​ថា សាលា​រាជ​ធានី​តែងតែ​មាន​សកម្ម​ភាព​ថែរ​ក្សា ការ​ពារ​ចំពោះ​បញ្ហា​ជា​យូរ​មក​ហើយ​។

លោក​​ថា៖​ «រឿង​នេះ វា​មិន​មែន​ជា​កិច្ច​ការ​ថ្មី​ដែល​យើង​ត្រូវធ្វើ​នោះ​ទេ ​កិច្ច​ការងារ​នេះ ​យើង​បាន​ធ្វើ​ជាប្រចាំ​មក​ហើយ។​ មាន​ពលរដ្ឋ​ខ្លះ​មាន​ចម្ងល់​ជាច្រើន​រួច​មកហើយពេល​ឃើញ​អាជ្ញាធរ​​ចុះទៅ​កាប់​មែក​ឈើ​ចេញ​អស់​ ដូចជា​ នៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ជា​ដើម ហើយ​តែង​តែ​ថា ហេតុ​អ្វី​បាន​ជា ​អាជ្ញា​ធរ​កាប់​មែក​ឈើ​ចេញ​អស់​បែប​នេះ ? នេះហើយ​គឺជា​ជំនាញ​ក្នុង​ការ​ថែម​ទាំ​របស់​យើង»។ «​យើង​ តែង​តែ​មាន​ការ​មើ​លថែទាំ​ជា​ប្រចាំ​ចំពោះ​ដើម​ឈើ​ធំ​ផ្សេងៗ​នៅ​តាម​ដង​វិធី​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ ​រួច​ទៅ​ហើយ»៕