មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចុះបង្ក្រាប​រោង​កែច្នៃ​ឈើ​ខុសច្បាប់​ចំនួន ៤ កន្លែង ដោយ​រឹបអូស​ឈើ​​ជាង ៤ ម៉ែត្រគុប​នៅ​ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ប៉ុន្ដែ​​ ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​បា​ន​​រត់គេចខ្លួន ខណៈ​សមត្ថកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏បានឃាត់ខ្លួន​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ម្នាក់និង​រឹបអូស​ឈើ​ជាង ១៤ ម៉ែត្រគុប​នៅ​ឃុំ​ត្រពាំង​​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ។

លោក ថោង វាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ ​ថ្លែង​​នៅ​ថ្ងៃ​នេះ​​ថា រោង​កែច្នៃ​ឈើ​ធ្វើ​គ្រឿង​សង្ហា​រឹម​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ៤ កន្លែង ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ជា​បន្តបន្ទាប់ ដោយ​រឹបអូស​ឈើ​ប្រមាណ​ជាង ៤ ម៉ែ​ត្រ​គុប(ឈើ​ចម្រុះ)។

លោក​ថា ឈើ​ទាំងអស់នោះ ត្រូវបាន​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ទី​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេ​ត្ត​ ​កំពង់​​ឆ្នាំង។

លោក​បន្តថា ក្រៅពី​ទីតាំង ៤ កន្លែង​នេះ លោក​គ្រោង​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ចំនួន ៦ កន្លែង​ទៀត ​ដែ​ល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​កែច្នៃ​ឈើ​ធ្វើជា​គ្រឿង​សង្ហា​រឹម​ ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់។

ប៉ុន្ដែ​លោ​ក​មិនទាន់​អាច​បញ្ជាក់​ពីទីតាំង​ច្បាស់លាស់​បានទេ។

លោក វាន់​វី​រ៉ា​វុ​ឌ្ឍី បញ្ជាក់ថា៖ «ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ទាំង​នោះបាន​រត់គេចខ្លួន​បាត់​អស់ហើយ ដោយ​បន្សល់ទុក​ឈើ និង​​គ្រឿង​ម៉ាស៊ីន​កែច្នៃ​ឈើ​នៅនឹងកន្លែង។ ឥឡូវនេះ​យើង​បាន​ប្រមូល​ទាំង​ឈើ និង​គ្រឿង​ម៉ាស៊ីន​កែច្នៃ​ឈើ​ហ្នឹង​មក​រក្សា​ទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្តហើយ អ៊ីចឹង​ម្ចាស់​ទាំងអស់ គួរ​តែ​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់»។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ លោក ងិន ហ៊ុន ​ថ្លែង​​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​ថា ក្រុមមន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​មួយចំនួន​ហើយ។ ជន​ដែល​ប្រព្រឹត្ត​បទល្មើស ត្រូវតែ​មក​ទទួល​ការ​ពិន័យ ឬ ​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​ដោយ​គ្មាន​កា​រលើក​លែង​ទេ។

លោក​បញ្ជាក់ថា៖«ខ្ញុំ​អត់​ទាន់​បាន​របាយការណ៍​លំអិត​ទេ ព្រោះ​មន្ត្រី​យើង​កំពុងធ្វើការ អ៊ីចឹង​គាត់​មិនទាន់​ធ្វើ​របា​យ​កា​រ​ណ៍​​​រួច​រាល់​ទេ។ ក្រៅពី​បង្ក្រាប​ប៉ុន្មាន​កន្លែង​នេះ យើង​នៅតែ​បន្ត​ចុះ​ស៊ើបអង្កេត និង​បង្ក្រាប​បន្ថែមទៀត យើង​មិនមែន​ធ្វើ​ត្រឹមនេះ​ទេ។ ឈើ​ដែល​ក្រុម​ឈ្មួញ​កំពុង​កែច្នៃ​នេះ ភាគច្រើន​នាំចូល​មកពី​ខេត្តពោធិ៍សាត់ និង​កំពង់ស្ពឺ រីឯ​នៅ​ខេត្ត​កំពង់​ឆ្នាំង​មិនមាន​ឈើ​សម្រាប់​កែច្នៃ​ទេ»។

តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្តី​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ កាលពីថ្ងៃ​ទី១៩ មេសា​ ​ថា ករណី​ឈ្មួញ​​រកស៊ី​បទល្មើស​បើក​សិប្បកម្ម កែច្នៃ​ឈើ​ គឺធ្វើបាន​យ៉ាង​រលូនគ្រប់ៗគ្នា ដោយ​មិន​រំខាន​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ទឹកផុស និង​ខេត្តកំពង់ឆ្នាំង​ទេ។ អ្នក​ដែល​រកស៊ី​បង់ពន្ធ​ជូន​រដ្ឋ​ចេះតែ​បង់​តាមច្បាប់ រីឯ​អ្នករកស៊ី​មិន​គោរព​ច្បាប់ ចេះ​តែ​ធ្វើបាន​ស្រេច​តែ​ចិត្ត ព្រោះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ចុះបង្ក្រាប​ទប់ស្កាត់​រាល់​ទ​ង្វើ​អ្នករកស៊ី​ល្មើសច្បាប់​កាប់​ឈើ ដឹក​ជញ្ជូន​ឈើ កែច្នៃ​ឈើ​ទាំងអស់​នោះទេ។

ករណី​ស្រដៀង​គ្នា​នេះ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅថ្ងៃនេះ​ បាន​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ម្នាក់​នៅ​ភូមិ​ថ្នល់កែង ​ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​បាន​រឹប​អូ​ស​​ឈើ​ជាង ១៤ ម៉ែត្រគុប។

លោក​ ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រាប់​​នៅ​ថ្ងៃ​អង្គារ​នេះ​​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ុ​ត វ៉ាន់​ស៊ុន ភេទ​ប្រុស​អាយុ ៣៩ឆ្នាំ ដែលជា​ម្ចាស់​ទីតាំង​សន្និធិ​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​សមត្ថកិច្ច​ឃា​ត់​ខ្លួន​នៅ​ថ្ងៃទី២១ ខែមេសា​។ ​សមត្ថកិច្ច​បាន​ប្រមូល​ឈើ​ទាំងអស់​យកមក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​គូ​លេ​ន​​ព្រហ្ម​ទេព។ រីឯ​ម្ចាស់​ត្រូវបានបញ្ជូន​មក​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​សាកសួរ​បន្ត​នីតិវិធី​ច្បាប់។

លោក​បញ្ជាក់ថា៖«ខ្ញុំ​មិនទាន់​ដឹងថា មន្ត្រី​ជំនាញ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​នៅពេលណា​ទេ ប៉ុន្ដែ​​ ជនសង្ស័យ​ស្ថិត​​នៅក្នុង​ការសាកសួរ​នៅឡើយ។ ខ្ញុំ​គិតថាប្រហែលជា​នៅ​ថ្ងៃទី ២២ ខែមេសា​នេះ មន្ត្រី​ជំនាញ​រៀបចំ​សំណុំរឿង​រួច​រា​ល់​​ហើ​យ អាច​នឹង​បញ្ជូនទៅ​តុលាការ​តែម្ដង»។

តាម​របាយការណ៍​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​បង្ហាញ​លើ​គេហទំព័រ​របស់ខ្លួន (GRK News) ពី​ម្សិ​ល​មិ​ញ​​​ឲ្យ​ដឹងថា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ដឹកនាំ​ដោយ​លោក ម៉ៅ អូ​ដេ មេបញ្ជាការ​រង​មូលដ្ឋាន​ក​ង​រាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ សហការ​ជាមួយ​កម្លាំងចម្រុះ ​ដឹកនាំ​រួម​ ដោយ​លោកប៉េង ម៉េង​គ័ង ព្រះរាជ​អាជ្ញា​រង​​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះបង្ក្រាប​ទីតាំង​សន្និធិ​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ម្ចាស់​ឈ្មោះ​ យ៉ុ​ត វ៉ាន់​ស៊ុន ភេទ​ប្រុស​អាយុ ៣៩ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ​ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

របាយការណ៍​បន្តថា មន្ត្រី​ជំនាញ​បាន​ដកហូត​ឈើ​លេខ ១ (ស្រឡៅ) ចំនួន ៣១៦ សន្លឹក ស្មើនឹង ១៤,០៦ ម៉ែត្រគុប។

​បច្ចុប្បន្ននេះ ឈើ​ដែល​រឹបអូស​បាន​ទាំងអស់​យកមក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​គូ​លេន​ព្រហ្ម​ទេព រីឯ​ម្ចាស់​ឈើ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ៕