ព្រះសីហនុៈ ក្នុង​រយៈពេល ៥ ថ្ងៃ​ដែល​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ម្សិលមិញ​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​បាន​ចុះ​ទៅ​រុះរើ​ដក​ស្លាក​យីហោ​របស់​ជនជាតិ​ចិន ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស ឬ​ដាក់​ឈ្មោះ​យីហោ​មិន​ត្រឹមត្រូវ​បាន​ជាង ២០០ កន្លែង​ដែល​ការសរសេរ​អក្សរ​ខុស​នេះ​គឺ​ដោយសារ​តែ​ពួកគេ​មិន​ចេះ​អក្សរ​ខ្មែរ ហើយ​ប្រើ​កម្មវិធី​បកប្រែ Google Translate​។

ខណៈ​ដែល​មាន​កំណើន​យ៉ាង​ខ្លាំង​នៃ​ជនជាតិ​ចិន​ចូល​មក​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ គេ​ឃើញ​មាន​ការលើក​ស្លាក​យីហោ​ជាច្រើន​ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស អក្ខរាវិរុទ្ធ ឬ​ដាក់​ឈ្មោះ​មិន​ត្រឹមត្រូវ​លើ​ស្លាក​យីហោ​ដូចជា​ដាក់​ថា «​ប្រទេស​ចិន​» «​លក់​នាយកដ្ឋាន​» «​លាង​សម្លៀកបំពាក់​» «​ទីក្រុង​កំសាន្ត​ក្វាងទុង​» ជាដើម​។​ល​។

លោក លឹម ភត្រី មន្ដ្រីរដ្ឋបាល​ក្រុង​ព្រះសីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ និង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ដែល​មក​បើករបរ​រកស៊ី​នៅ​ខេត្ដ​ព្រះសីហនុ ហើយ​នាំ​គ្នា​សរសេរ​ស្លាក​យីហោ​ខុស​នេះ ពីព្រោះ​ម្ចាស់​ទីតាំង​មិន​បាន​ទៅ​សុំ​ច្បាប់​ត្រឹមត្រូវ និង​បើក​កន្លែង​ធ្វើ​ស្លាក​យីហោ​ខ្លួនឯង​។

លោក​បន្ត​ថា​៖ «​បើ​ពួកគាត់​មក​សុំ​ច្បាប់​ត្រឹមត្រូវ​គេ​តម្រូវ​ឲ្យ​ពួកគាត់​ដាក់​ឈ្មោះ​ជា​អក្សរ​ខ្មែរ ចំណែក​អក្ខរាវិរុទ្ធ​ក៏​គេ​ត្រួតពិនិត្យ​មើល​ដែរ​។ ឥឡូវ​ពួកគាត់​មក​បើក​កន្លែង​រកស៊ី​បោះពុម្ព​ស្លាក​យីហោ​នៅ​ព្រះសីហនុ​ច្រើន​ដែរ ហើយ​ពួកគាត់​មិន​ចេះ​អក្សរ​ខ្មែរ ពេល​ខ្លះ​ក៏​យក​ទៅ​បកប្រែ​តាម​ហ្គូហ្គល​ទើប​ខុស​អ៊ីចឹង​»​។

បើ​តាម​លោក ភត្រី ថា​អាជ្ញាធរ​ក៏​មាន​ចំណុច​ចន្លោះ​ប្រហោង​ដែរ ព្រោះ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ត្រួតពិនិត្យ​ស្លាក​យីហោ​នេះ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​នៅក្នុង​ក្រុង​ព្រះសីហនុ​។ «​កន្លង​មក​យើង​ចុះ​រុះរើ​ស្លាក​យីហោ​ដែល​ធ្វើ​ខុស​ច្បាប់​កំណត់​នេះ​ច្រើន​មក​ហើយ ប៉ុន្ដែ​ទើប​តែ​រយៈពេល​ប្រហែល ៥ ​ថ្ងៃ​កន្លង​មក​នេះ​យើង​បាន​ចុះ​ទៅ​រុះរើ​បាន​ច្រើន​ជាង ២០០ កន្លែង​»​។

លោក សន ជ័យ នាយក​ប្រតិបត្ដិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​មើល​ឃើញ​ថា​៖ «​ដូចជា​កំហុស​ការធ្វើ​ស្លាក​យីហោ​នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ​ដែល​ដាក់​ឈ្មោះ​ថា ប្រទេស​ចិន​នោះ​គឺ​មិនមែន​ជា​កំហុស​រដ្ឋបាល​ទេ នេះ​ជា​កំហុស​ព្រហ្មទណ្ឌ​អ៊ីចឹង​ត្រូវ​តែ​យក​ម្ចាស់​ទីតាំង​នោះ ឬ​ម្ចាស់​ហាង​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​»៕