កំពង់ឆ្នាំង៖ អាជ្ញាធរស្រុក ទឹកផុសខេត្តកំពង់ឆ្នាំង បានសម្រេចដោះលែងអ្នកបើកបររថយន្តដឹកចំណីសត្វរបស់ក្រុមហ៊ុនចំរើនផល ដែលបានដឹកលើសទម្ងន់ បង្កឲ្យបាក់ស្រុតស្ពានដែកមួយកន្លែង នៅចំណុចភូមិជីប៉្រង ឃុំខ្លុងពពក ឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីម្ចាស់ក្រុមហ៊ុន បានចេញមុខធានាទូទាត់សំណងជួសជុលស្ពានដែកនោះឡើងវិញ។ នេះបើតាម លោក ឌិន សំបុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកទឹកផុស នៅថ្ងៃទី ១១ ខែវិច្ឆិកា។
លោកសំបុន បានឲ្យដឹងថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ គេឃើញរថយន្តដឹកចំណីសត្វមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុនចំរើនផល បានបើកឆ្លងកាត់ស្ពានដែកនៅចំណុចទីតាំងខាងលើ បង្កឲ្យបាក់ស្រុតស្ពាន បណ្ដាលឲ្យកកស្ទះអ្នកដំណើរអស់រយៈពេលជាច្រើនម៉ោង។ ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរណាម្នាក់ឡើយ។
លោកសំបុនបញ្ជាក់ថា៖«ក្រោយពេលមានបញ្ហា អាជ្ញាធរមូលដ្ឋានយើង បានសម្រេចធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តដឹកចំណីសត្វនោះ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់»។
បើតាមលោកសំបុន រយៈពេលបីម៉ោងក្រោយមកម្ចាស់ក្រុមហ៊ុនចំរើនផល ដែលនាំចូលចំណីសត្វ បានមកធានាអ្នកបើកបររថយន្តនោះ ដើម្បីដឹកទំនិញយកទៅកាន់ដេប៉ូចែកចាយក្នុងទីក្រុងភ្នំពេញ និងបានចេញថ្លៃជួសជុលស្ពានទៅឲ្យក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវនិងស្ពានក្នុងតំបន់នោះ ក្រោមកិច្ចសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
លោកបានបន្តថា៖«ស្ពានដែកនោះ គឺគេសង់ឡើងដើម្បីធ្វើជាផ្លូវវាង ខណៈស្ពានថ្មចាស់ត្រូវវាយចោលនិងកំពុងធ្វើការសាងសង់ថ្មីឡើងវិញ។ ទោះយ៉ាងណា បន្ទាប់ពីមានករណីនេះកើតឡើង ខាងមន្ទីរសាធារណការខេត្ត និងអាជ្ញាធរស្រុកបានសម្រេចមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ បើកឆ្លងកាត់ស្ពានដែកដែលសង់សម្រាប់ការបើកឆ្លងកាត់ជាបណ្ដោះអាសន្ននោះទៀតឡើយ»។
លោកភឿក ហឹង មេឃុំខ្លុងពពក បាននិយាយថា ស្ពានដែកដែលបាក់ស្រុតនោះ គេសង់ពុំមានបង្គោលកណ្ដាលទេ ហេតុដូច្នេះហើយ ទើបមានបញ្ហាកើតឡើង។
លោកថ្លែងថា៖«បើទោះជាសង់បណ្ដោះអាសន្នមួយរយៈខ្លីក៏ដោយ ចាំបាច់ត្រូវគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ដែរ តែការសង់នេះ វាខុសបច្ចេកទេស។ ម្យ៉ាងទៀត វាក៏ជាកំហុសរបស់អ្នកបើកបររថយន្តនោះផងដែរ ដែលផ្ទុកលើសទម្ងន់ ហើយបើកបរបង្កការខូចខាត និងរាំងស្ទះដល់អ្នកធ្វើដំណើរ»។
យោងតាមរបាយការណ៍ប្រចាំខែតុលា ឆ្នាំ ២០១៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រថយន្តដែលផ្ទុកលើសទម្ងន់សរុបចំនួន ១៦៦ គ្រឿង ត្រូវបានចាប់ផាកពិន័យ ដែលគិតជាទឹកប្រាក់សរុប ចំនួន ៤៧៣៧៥០០០០រៀល៕