កណ្តាលៈ ​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ​ក្នុង​ស្រុក​ខ្សាច់កណ្តាល​កាលពី​ថ្ងៃ​ទី​ ១៨ ខែឧសភា​ បាន​កោះហៅ​ម្ចាស់​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​ឲ្យ​មក​ជួប​ប្រជុំ និង​បាន​តម្រូវ​ឲ្យ​កាយ​ដី​ដែល​ពួកគេ​បាន​ចាក់​លុប​ចំណី​ប្រឡាយទឹក​សាធារណៈ​ក្របៅត្របត់​ចេញ​វិញ បន្ទាប់ពី​បាន​ចាក់​លុប​ប្រឡាយ​នេះ​អស់​ប្រមាណ​ ៤០% ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។

លោក​ ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែ​ឧសភា​ ថា នៅពេល​ថ្មីៗ​នេះ​រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ពិនិត្យឃើញ​មាន​ក្រុមហ៊ុន​មួយចំនួន​ដែល​មាន​ក្បាលដី​ជាប់​នឹង​ប្រឡាយ​ក្របៅត្របត់​បាន​នាំគ្នា​ចាក់ដី​លុប​ប្រឡាយ​សាធារណៈ ដើម្បី​ធ្វើ​ផ្លូវ​តភ្ជាប់​ទៅកាន់​ទីតាំង​ដី​របស់​ពួកគេ​ដោយ​គ្មាន​ការអនុញ្ញាត​ធ្វើឲ្យ​មាន​ការរិះគន់​ពី​សាធារណជន​មកលើ​អាជ្ញាធរ​មូលដ្ឋាន​ថា ខ្វះ​ការទទួល​ខុសត្រូវ​ក្នុង​កិច្ចការពារ និង​ទប់ស្កាត់ សកម្មភាព​នៃ​ការរំលោភ​ចាក់ដី​លុប​ចំណី​ប្រឡាយទឹក​របស់​រដ្ឋ​ខាងលើ​នេះ​។

លោក​បន្តថា ក្រោយពី​ពិនិត្យ​ឃើញ​មាន​បាតុភាព​រំលោភបំពាន​ច្បាប់​ខាងលើ​នេះ រដ្ឋបាល​ស្រុក​ស្វាយជ្រុំ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ភូមិ-ឃុំ ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ ឬ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​ឲ្យ​ផ្អាក​សកម្មភាព​នៃ​ការចាក់ដី​លុប​ចំណី​ប្រឡាយទឹក​ជាបន្ទាន់ និង​ត្រូវ​កោះហៅ​ឲ្យ​ម្ចាស់​ ឬ​តំណាង​ក្រុមហ៊ុន​ទាំងនោះ រួមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ប្រជុំ​ដោះស្រាយ​នូវ​បញ្ហា​នេះ​ឲ្យ​បាន​សមស្រប​។

លោក​ ផេង ​បន្ត​ថា​៖ «​ខ្ញុំ​បាន​ចុះ​ណែនាំ និង​ផ្អាក​សកម្មភាព​នៃ​ការចាក់ដី​លុប​ចំណី​ប្រឡាយ​ទឹក​នៅ​ចំណុច​ខាងលើ​នេះ​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​»​។

លោក​ សុន សំបូរ មេឃុំ​ស្វាយជ្រុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដី​ចំណី​ប្រឡាយ​ប្រមាណ​ ៤០ ​ភាគរយ​ត្រូវបាន​ចាក់​លុប​ដោយ​គ្មាន​ការអនុញ្ញាត​។ ក្នុង​ជំហាន​ដំបូង​នេះ​អាជ្ញាធរ​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ ធ្វើយ៉ាងណា កាយ​ដី​ទាំងនោះ​ចេញ​វិញ ហើយ​រៀបចំ​ដាក់​បង្កប់​ប្រព័ន្ធ​លូ​ធំៗ ដែល​មាន​ទំហំ​មុខកាត់​ ២ ​ម៉ែត្រ និង​មាន​ប្រវែង​ពី ៤ ​ម៉ែត្រ​ទៅ​ ៦ ​ម៉ែត្រ ដើម្បី​ធ្វើជា​ផ្លូវ​តភ្ជាប់​ទៅ​ក្បាលដី​របស់​ពួកគេ ដោយ​រក្សា​ការពារ​នូវ​ដី​ចំណី​ប្រឡាយ​របស់​រដ្ឋ​សម្រាប់​អភិវឌ្ឍ​ជា​ផ្លូវ​ខ្នង​ទំនប់​ប្រឡាយ​នា​ថ្ងៃ​អនាគត​។

លោក​និយាយថា​៖ «​ប្រឡាយ​នោះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ដូច្នេះ​យើង​ចាំបាច់​ត្រូវ​រក្សា​ការពារ​ពី​ការរំលោភ​ដោយ​ចាក់ដី​លុប​យក​ដី​ចំណី​ប្រឡាយ​នេះ​ធ្វើជា​កម្មសិទ្ធិឯកជន​»​។ យ៉ាងណា​ក៏ដោយ​លោក សំបូរ មិន​បាន​ប្រាប់​ឲ្យ​ដឹងថា តើ​ក្រុមហ៊ុន​ឯកជន​ណាខ្លះ​ដែល​បាន​ធ្វើ​សកម្មភាព​ចាក់ដី​លុប​យក​ប្រឡាយ​នោះទេ​។

លោក តែហួរ គឹមស្រេង តំណាង​ក្រុមហ៊ុន​ទេសចរណ៍​ហួរណាន ដែល​មាន​ក្បាលដី​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រឡាយទឹក​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការចាក់ដី​លុប​ចំណី​ប្រឡាយទឹក​ក្នុង​តំបន់​ខាងលើ​នេះ​គឺ​មិនមែន​ជា​ទង្វើ​របស់​ក្រុមហ៊ុន​លោក​ឡើយ ហើយ​ក្រុមហ៊ុន​របស់លោក​ក៏​មិន​គាំទ្រ​ចំពោះ​សកម្មភាព​នោះដែរ​។

លោក​ថ្លែងថា​៖ «​ប្រឡាយទឹក​នេះ​គឺជា​ប្រព័ន្ធ​រំដោះ​ទឹក​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ដ៏សំខាន់​មួយ​ក្នុង​តំបន់​ស្វាយជ្រុំ​។ ក្រុមហ៊ុន​យើង​សូម​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ក្នុង​ការការពារ​នូវ​ប្រព័ន្ធ​ប្រឡាយទឹក​នេះ​»​។

លោក សេង សូរិយា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយជ្រុំ​ថ្លែងថា ចាប់តាំងពី​តំបន់​នេះ មាន​ការអភិវឌ្ឍ​សំណង់ផ្ទះ​ល្វែង និង​ខុន​ដូរ​មក ប្រព័ន្ធ​អូរ និង​ប្រឡាយ​មួយចំនួន​ត្រូវបាន​គេ​ចាក់ដី​លុប​យក​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​រីករាយ​ចំពោះ​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​សកម្មភាព​នៃ​ការអភិវឌ្ឍ​ខ្លះ​ក៏​បាន​ធ្វើឲ្យ​ខ្ញុំ​មិន​សប្បាយចិត្ត​ដែរ ដូចជា​ករណី​ក្រុមហ៊ុន​មួយចំនួន​បាន​រំលោភ​ចាក់ដី​លុប​យក​ដី​ចំណី​ប្រឡាយទឹក​សាធារណៈ​របស់​រដ្ឋ​នៅ​ភូមិ​ស្វាយជ្រុំ​នេះ​ជាដើម​»​។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​តាមរយៈ​លិខិត​មួយ​កាលពី​ថ្ងៃទី​ ៨ ខែ ឧសភា ឆ្នាំ​ ២០២០ ​បាន​បង្ហាញ​ពី​ក្ដី​ព្រួយកង្វល់​អំពី​លទ្ធភាព​នៃ​ការរំដោះ​ទឹកជំនន់ ដែល​បង្កឡើង​ពី​ការរំលោភ​ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ និង​តំបន់​រងទឹក​ភ្លៀង​មួយចំនួន​ក៏ដូចជា​ការសាងសង់​បិទផ្លូវ​ទឹក​នានា​ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន​។ ទន្ទឹមនឹងនេះ​លោក លឹមគានហោ ក៏បាន​ស្នើ​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ចូលរួម​ជួយ​ទប់ស្កាត់​នូវ​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕