បន្ទាយមានជ័យៈ ​គិត​មកដល់​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ អាជ្ញាធរ​ស្រុក​មង្គលបុរី និង​កងទ័ព​សរុប​ជាង​ ៥០០ ​នាក់​ បាននិង​កំពុង​បន្ត​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ជាង​ ២០ ​ហិកតា ​ក្នុង​ឃុំ​រហាត់ទឹក​ដែល​ត្រូវបាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​ស្ទឹង​បវេល​។

លោក រ័ត្ន ដាស៊ីណង់ អភិបាល​ស្រុក​មង្គលបុរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ស្រូវ​ដែល​ត្រូវបាន​ជន់​លិច​នោះ​មាន​ចំនួន​ ២០ ​ហិកតា​ ដែល​នៅ​សេសសល់​ពី​ការខូចខាត​ដោយ​គ្រោះរាំងស្ងួត​កាលពី​ដើម​រដូវវស្សា​។ ស្រូវ​ទាំង​នោះ​បាន​ទុំ​នឹង​ជិត​ដល់​ពេល​ច្រូតកាត់​ប្រមូលផល​ទៅហើយ​ស្រាប់តែ​ត្រូវ​ជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​ស្ទឹង​បវេល ខេត្ត​បាត់ដំបង​។

លោក ដាស៊ីណង់ បញ្ជាក់ថា​៖ «​យើង​ពិតជា​អាណិតអាសូរ​ប្រជាកសិករ​យើង​ខ្លាំងណាស់ ដើម​រដូវវស្សា​ជួប​គ្រោះរាំងស្ងួត​ខូចខាត​ស្រូវ​រាប់ពាន់​ហិកតា ដល់​ពេល​ស្រូវ​ជិត​ដល់ពេល​ប្រមូលផល​ក៏​ត្រូវបាន​ទឹក​ជន់លិច​អស់​ទៀត​។ យើង​មានតែ​កៀរគរ​កម្លាំង​មន្ត្រី និង​កងទ័ព​ចុះជួយ​ច្រូតស្រូវ​ពួកគាត់​ពី​ក្នុង​ទឹក ដើម្បី​បាន​គ្រាន់​ជា​ពូជ​សម្រាប់​ដាំដុះ​បន្តទៀត​»​។

បើ​តាម​លោក ដាស៊ីណង់ ការចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ដែល​ជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​តំបន់​នោះ​បាន​ធ្វើឡើង​តាំងពី​ថ្ងៃអាទិត្យ​មកម្ល៉េះ​។ ក្នុង​នោះ​ស្រូវ​ ៨ ​ហិកតា ​ត្រូវបាន​កម្លាំង​កងទ័ព​ និង​មន្ត្រី​ស៊ីវិល​ក្នុង​មូលដ្ឋាន​ចុះ​ជួយ​ច្រូតកាត់ និង​ដឹកជញ្ជូន​ទៅដល់​លំនៅឋាន​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃអាទិត្យ ហើយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នឹង​គ្រោង​ធ្វើការ​ច្រូតកាត់​ស្រូវ​លើ​ផ្ទៃដី​ ១២ ​ហិកតា​ទៀត​ បើ​ពុំ​នោះ​ទេ​គ្រាប់ស្រូវ​នឹងត្រូវ​ស្អុយ​អស់​ជាមិនខាន​។

លោក ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី​ ៥ និង​ជា​មេបញ្ជាការ​ទិស​ទី​ ១ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​ថា ការចុះ​អន្តរាគមន៍​ជួយ​ច្រូតស្រូវ​ជូន​ពលរដ្ឋ​គឺជា​កាតព្វកិច្ច​របស់​កងទ័ព ព្រោះ​កងទ័ព​គឺជា​បងប្អូន កូនចៅ​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​កិច្ចការងារ​សំខាន់​របស់​កងទ័ព​គឺ​ការពារ​សុខសន្តិភាព និង​ភាពសំបូរ​សប្បាយ​ជូន​ជាតិ​ និង​ប្រជាជន​។ នៅពេល​នេះ​ប្រជាជន​កំពុង​ប្រឈម​ការលំបាក​ដោយ​ទឹក​ជន់លិច​ស្រូវ​ដែល​ជិត​ប្រមូលផល ដូច្នេះ​កម្លាំង​កងទ័ព​របស់​យើង​ជាង​ ៥០០ ​នាក់ ​បាន​នាំគ្នា​ចុះជួយ​ច្រូតស្រូវ​ពី​ក្នុង​ទឹក​ជូន​ដល់​ពួកគាត់​»​។

ការច្រូតស្រូវ​នៅក្នុង​ទឹក​មិនមែន​ជា​ការងារ​ស្រួល​នោះទេ ប៉ុន្តែ​បើ​ស្រូវ​ទុំ​ហើយ​ទុកឱ្យ​លិច​ចោល​នៅក្នុង​ទឹក​នោះ វា​នឹង​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ជួប​ប្រឈម​ការលំបាក​ថែមទៀត​។ នេះ​បើ​តាម​លោក គង់ សុភាព មេឃុំ​រហាត់ទឹក ដែល​បាន​ដឹកនាំ​មន្ត្រី​ក្នុង​មូលដ្ឋាន​ចុះ​ជួយ​អន្តរាគមន៍​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ក្រមុល​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។

លោក​ថ្លែងថា​៖ «​យើង​ស៊ូទ្រាំ​លំបាក ច្រូតស្រូវ​នៅក្នុង​ទឹក​ជា​ជាង​គ្មាន​ស្រូវ​ច្រូត ឬ​ទុក​វា​ឱ្យ​ខូច​ចោល​នៅក្នុង​ទឹក ខណៈ​យើង​កំពុង​ខ្វះខាត​ស្បៀង​អាហារ ដោយសារ​ភាពរាំងស្ងួត និង​បញ្ហា​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចសង្គម​នៅ​ទូទាំង​ពិភពលោក​»​។

បើតាម​លោក សុភាព ទឹកបាន​ជន់​លិច​ដីស្រែ​ក្នុង​ជម្រៅ​ត្រឹម​ចង្កេះ​ដែល​មិនអាច​ប្រើ​គ្រឿងចក្រ​ច្រូតកាត់​បាន​នោះ​ទេ គឺ​មាន​តែ​ការច្រូត​ដោយ​ដៃ​ប៉ុណ្ណោះ​។ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ លោក​អភិបាលស្រុក មង្គលបុរី បាន​ស្នើសុំ​កម្លាំង​កងទ័ព​ពី​បញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​ ៥១ មកជួយ​អន្តរាគមន៍​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​មក​ទល់​ថ្ងៃ​ចន្ទ​ម្សិលមិញ គឺជា​ថ្ងៃទី​ ២ ​ហើយ ដែល​កម្លាំង​កងទ័ព​បាន​ចុះជួយ​ច្រូតស្រូវ​នៅក្នុង​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រហាត់ទឹក​លោក ប៉ក់ អ៊ិត អាយុ​ ៥៦ ​ឆ្នាំ ​បាន​សម្ដែង​ការត្រេកអរ​យ៉ាងខ្លាំង​នៅពេល​ឃើញ​កម្លាំង​កងទ័ព និង​អាជ្ញាធរ​មូលដ្ឋាន​នាំគ្នា​ចុះជួយ​អន្តរាគមន៍​ច្រូតស្រូវ​ជូន​ពលរដ្ឋ​ដែល​ត្រូវបាន​ទឹក​ជន់លិច​។

លោក​ថ្លែង​ថា​៖ «​បើ​គ្មាន​កម្លាំង​កងទ័ព និង​អាជ្ញាធរ​មូលដ្ឋាន​ចុះជួយ​ច្រូតស្រូវ​ទេនោះ​ស្រូវ​របស់​ខ្ញុំ​ប្រមាណ​ជាង​ ១ ​ហិកតា​នេះ​នឹង​ត្រូវ​ស្អុយរលួយ​អស់​ជាមិនខាន​ទេ​។ ផល​ស្រូវ​ដើម​រដូវវស្សា​នេះ​មិន​ច្រើន​ទេ តែ​វា​អាច​ជួយ​កាត់បន្ថយ ការចំណាយ​ទៅលើ​ការទិញ​ស្រូវពូជ​ថ្មី​ផងដែរ​»៕