ព្រះ​វិហារៈ អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ និង​ភាគី​ពាក់​ព័ន្ធ​បា​ន​ឯកភាព​គ្នា​ ដោយ​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន​ ៥ ចំណុច ដើម្បី​​​ឈាន​ទៅ​ដោះ​ស្រាយ​​​បញ្ចប់​រឿង​ជម្លោះដីធ្លី​ រវាង​ពលរដ្ឋជាង ៣៣០ គ្រួសារ ស្ថិត​ក្នុង​ភូមិ​អន្ទិល ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ជាមួយ​ក្រុមហ៊ុន​មេត្រី​ភាពដែល​វិវាទ​នេះ​ពល​រដ្ឋ​បាន​ឡើង​មក​សុំ​អន្តរាគមន៍ ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បន្ទាប់​ពី​មានការ​ចាប់​ខ្លួន​ពលរ​ដ្ឋ​​ជា​បន្ត​បន្ទាប់​រហូត​ដល់​ ១៤ នាក់។

ការសម្រេចបាន​ជាគោលការណ៍​ចំនួន ៥ ចំណុច​ក្នុងការ​ដោះ​ស្រាយ​​ជម្លោះ​ដី​ធ្លី​​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយកាលពី​ម្សិល​មិញ ​ដែល​មាន​ការ​ចូលរួមពី​​​ប្រធាន​មន្ទីរ​បរិស្ថាន ប្រធា​ន​មន្ទីរ​កសិកម្មប្រធាន​មន្ទីរ​ដែន​ដី តំណាង​ក្រុមហ៊ុននិង​ក្រុម​អង្គ​​ការ​សង្គម​ស៊ីវិល​ក្រោម​អធិប​តី​ភាព​ អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា។

លោក អ៊ុន ចាន់​ដា បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ កាល​ពី​ម្សិល​មិញ​ថា កិច្ចប្រជុំ​នេះ ​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពីព្រឹក ហើយ​បាន​បញ្ចប់​នៅ​ម៉ោង​ប្រមាណ ១១ ព្រឹក ដោយ​ក្នុងនោះ​ភាគី​ពាក់​ព័ន្ធ បាន​ឯកភាព​គ្នា លើ​គោលការណ៍​ចំនួន ៥ ដើម្បី​ជាវិធាន​ការ ​ឈាន​ទៅ​រកការ​ដោះ​ស្រាយ​​បញ្ចប់​បញ្ហា​វិវាទដី​ធ្លី ក្នុង​តំបន់​នេះ​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៨។

លោក​ថា គោល​ការណ៍​ទាំង ៥ ចំណុច ដែល​នឹង​ចាប់​ផ្តើម​អនុវត្ត​ក្នុង​សប្តាហ៍​បន្ទាប់ គឺរួមមាន​ ទី១-​បង្កើត​ក្រុមការងារ​ចម្រុះ​ ដើម្បី​ចុះ​វាស់វែងនិង​ដោះ​ស្រាយ​ដី​ប៉ះពាល់​ជាក់​ស្តែ​ង​​របស់​ពលរដ្ឋ ទី២-ជំរុញ​ឲ្យ​មាន​ការ​ចុះបញ្ជីដី​ក្រុមហ៊ុន​មេត្រីភាព​ស្រប​ច្បាប់​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ងាយស្រួល​ក្នុង​ការ​កាត់​វៀល​​ដី​ជូន​ពលរដ្ឋ។

​ចំណុច​ទី៣-គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ ធ្វើការ​កំណត់​ព្រំ​​ដី​របស់​ខ្លួន​ឲ្យ​បានច្បាស់លាស់ និង​ត្រូវមាន​កម្លាំង​ការពារ​សន្តិ​សុខ​របស់​​ខ្លួន​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​​ពី​ពលរដ្ឋ​ដទៃទៀត ដែល​នាំ​ឲ្យ​ពិបាក​ក្នុងការ​ដោះស្រាយ។ ​

ទី៤-គឺ​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអ​ស់​ ដែល​បាន​អាស្រ័យ​ផល​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ និង​បញ្ឈប់​ការកាប់​ទន្ទ្រាន​លើដី​មាន​ជម្លោះបន្ត​ទៀត​ ដោយ​រង់ចាំ​ការចុះ​សម្របសម្រួល​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ និង​ចំណុច ​ទី​៥-​​គឺ​ស្នើ​ឲ្យ​តុលាការ​ខេត្ត​នេះ ​បញ្ឈប់​ការចេញ​ដីកា​កោះហៅ ឬ​ចាប់​ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

លោក ចាន់​ដា បញ្ជាក់​ថា៖ «ចំណែក​អ្នក​ទាំង ១៣ នាក់ (ចាប់​ខ្លួន​បន្ថែម​ម្នាក់​ទៀតឡើ​ង ១៤ នាក់) គឺ​ខាង​សិទ្ធិ​មនុស្ស​​ គាត់​បានធ្វើកា​រ​ជាមួយ​សា​លាដំបូង​ខេត្តហើយ គឺ​បានដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ស្នើសុំ​ឲ្យ​នៅក្រៅ​ឃុំ។ អ៊ឹ​ចឹ​ង​នីតិវិធី​របស់​តុលា​ការគឺ​ខាង​សិទ្ធិ​មនុ​ស្ស គាត់​បាន​បញ្ចប់​រួច​ហើយ​ទៅ​តា​ម​​​នីតិវិ​ធី​របស់​តុលាការ»។

បើ​តាម​ញត្តិ​ ដែល​ដាក់ជូន​លោក​នាយក​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០១៩ ប្រជា​ពល​រដ្ឋ​បាន​រៀប​រាប់​ថា ជម្លោះ​ដីធ្លី​នេះ បាន​កើតឡើង ​ក្នុងអំឡុង​ឆ្នាំ ២០១៨ រវាង​ពលរដ្ឋ​​ជាង​ ៣៣០ គ្រួសារ និង​ក្រុមហ៊ុន​មេត្រីភាព ដែល​មាន​ម្ចាស់​ឈ្មោះ ឡុង ចន្ទ​វាសនា ជន​ជាតិខ្មែរ​ធ្វើការ​វិនិយោគ​លើ​វិស័យ​ដំណាំ​ក​សិឧស្សាហកម្ម​និង​ចិញ្ចឹមសត្វ លើ​ផ្ទៃដី​ទំហំ ៨ ៥​២០ ហិក​តា រយៈពេល ៥០​ ឆ្នាំ។​ ជម្លោះ​ដី​ធ្លី​នេះ​បាន​កក្រើក​​ឡើងជា​ថ្មីបន្ទាប់ពី​មានការ​ចា​ប់​ខ្លួន​ពលរ​ដ្ឋ​ចំនួន ១៤ នាក់ ជា​បន្ត​បន្ទាប់។

ជាមួយនឹង​គោលការណ៍​ទាំ​ង ៥ ចំណុច​​ខាង​លើ​នេះ លោក រី​ម ខេ​ម តំណាង​​ភាគី​​ក្រុមហ៊ុន​មេត្រីភាព បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ខ្លួន​នឹងចូលរួម​សហ​ការ​ណ៍​ជាមួយ​អាជ្ញាធរ ដើម្បី​ដោះស្រាយ​បញ្ឈប់​ជម្លោះ​​​ដី​ធ្លី​​នេះ តែ​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋឈប់​កាប់​រុករាន​ដី​របស់​ក្រុម​ហ៊ុន​ជា​បន្ត​​ទៀត ព្រោះតែ​កន្លង​ទៅ ពលរដ្ឋ​មួយចំនួន​មា​ន​គំនិត​អាក្រក់ ដោយបាន​បំផុស​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត ​ចូលមក​ទន្ទ្រាន​លើ​ដីនេះឥត​ឈប់​ឈរ​។

លោក​បាន​​បញ្ជាក់ថា៖ «យើ​ង​ចូល​​រួមទាំង​អស់​ហ្នឹងព្រោះថា ក្រុម​ហ៊ុន​បានទទួល​ការ​អនុ​ញ្ញា​​​​ត​​​ពី​រដ្ឋាភិបាល ក្នុងកា​រវិ​និ​យោគ ដូច្នេះ​ការ​សម្រេច​​បែបណា​​រប​ស់​អាជ្ញាធរគឺ​ក្រុមហ៊ុន​ចាំតែ​ធ្វើតា​ម​ទេ។ ចំណែក​កា​រព​ន្លឿ​ន​ចុះ​បញ្ជី​​​​ដី និង​ចំណុច​ព្រំដី​នោះ គឺ​ក្រុមហ៊ុន​រង់ចាំ​មើល​ការ​សម្រេ​ច​ពី​អាជ្ញាធរ តាម​ការ​ព្រម​ព្រៀង​គ្នា»។

លោក ឡោ ច័ន្ទ មន្ត្រីសម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្វែងរក​ដំណោះ​ស្រា​យ​​ជម្លោះដីធ្លី​នោះ​ដែរ​បាន​សម្តែង​​ការ​សាទរ​ចំពោះ​វិធានការ​ទាំង​នេះ និង​បាន​ថ្លែង​ថា បើ​សិន​ជា​អាចអនុវត្ត​បាន​ទាំង ៥ ចំណុច​នេះគឺជា​ការប្រសើរ​ហើយ​ជម្លោះ​​ដីធ្លី​នៅ​តំបន់​នេះនឹងត្រូវ​បញ្ចប់។

តែ​​ទោះ​យ៉ាងណាមន្ត្រី​​អាដហុក​​រូប​នេះ ចង់​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់និ​ង​​ព​ន្លឿ​ន​ការ​ដោះ​ស្រា​យ​​ជម្លោះ​ដីធ្លី​ឲ្យ​បាន​ឆាប់រហ័ស និង​មា​ន​វិធានការ​ជាក់លាក់ ចៀស​វាង​អូស​បន្លាយពេល​វេលា​បន្ត​ទៅ​ទៀត។

លោក​បន្ត​ថា៖ «បើសិន​មាន​ករណីផ្សេងៗទៀត យើង​គួរតែមាន​វិធាន​ការជាមុន កុំ​ឲ្យ​ដល់ពេល​ហើយ (មាន​ជម្លោះ​) ទើប​មាន​វិធានការ ព្រោះថា បើ​យើង​ដោះ​ស្រាយ ទប់ស្កាត់​ជាមុន នោះ​វា​ហ្នឹង​ល្អប្រសើរ​ជាង​នេះ​ទៅ​ទៀត​ ហើយ​ប្រជាពលរដ្ឋ​ខ្លួនឯង គួរ​ផ្អាក​ក្នុង​ការកាប់​ទន្ទ្រាន ដើម្បី​ទុកពេល​ឲ្យ​អាជ្ញាធរ​ធ្វើ​ការងារ​របស់​គេ»។

លោក ឡយ លី​ហ៊ួ​រ តំណាង​ពលរដ្ឋ​ទាំង ៣៣០ គ្រួសារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​​ថា បើសិន​ជាមាន​ដំណោះ​ស្រាយ​​ពី​អាជ្ញាធរ​ដូច​ការ​អះអា​ង​​មែន ពលរដ្ឋ​ទាំងអស់គ្នា​នឹង​​ចូលរួម​សហការ ហើយ​ចូលរួម​ណែនាំ​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត ប​ញ្ឍ​ប់​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​ ដើម្បី​រង់ចាំ​ដំណោះស្រាយ​នេះ។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​ក៏​សូម​ស្នើ​សុំ​ទៅ​ខាងអាជ្ញាធរ និង​តុលា​ការ មេត្តា​ជួយ​លើកលែង​ពួកគាត់​ទាំង ១៤ នាក់​ផង​ទៅ ដោយសារតែ​ការចាប់ខ្លួន​ហ្នឹង​ឯង ជាប់​ពាក់​ព័ន្ធ​នឹង​ដីធ្លី​ទេ ហើយ​បើ​មានការ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ហើយ ក៏​សុំ​ស្នើ​ឲ្យ​ដោះ​លែង​ពួក​គាត់​មក»។

ក្នុង​ការ​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទការល័យ​លោក​នាយករដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី ៣១​ មក​រា ក៏​មាន​តំណាង​ក្រសួង​មហា​ផ្ទៃ​និង​​តំណាង​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយកម្ម ​និង​សំណ​ង់ក៏​​បាន​មក​ទទួល​យក​ញត្តិ​ពី​ប្រជា​ពល​រដ្ឋ​ផង​ដែរ៕