បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យ​សហការ​ជាមួយ​សមាគម​ក្រុមយុវជន​ស្ត្រី​ដើម្បី​សង្គម ក្រុម​យុវនិស្សិត​ស្ម័គ្រចិត្ត​បរិស្ថាន​នៅ​ធានី​ភ្នំពេញ​ក្រុមយុវជន ស.ស.យ.ក រួម​នឹង​ព្រះសង្ឃ​សរុប​ប្រមាណ​ ២០០ ​អង្គ​/​នាក់ បាន​ធ្វើ​យុទ្ធនាការ​ «​ខ្ញុំ​ដើម្បី​បរិស្ថាន​ស្អាត​ខេត្ត​បន្ទាយមានជ័យ​» ​ដោយ​បាន​សម្អាត​នៅតាម​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​ និង​ក្រុង​ប៉ោយប៉ែត​។

លោកស្រី រស់ សុផានី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ចូលរួម​ជា​អធិបតី​នៃ​ការបើក​យុទ្ធនាការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​នេះ​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​ (២៧-២៨ ​ខែ​មិថុនា​) ដើម្បី​រួមគ្នា​រើស​សំរាម សម្អាត​បរិស្ថាន​តាម​បរិវេណ​ប្រាសាទ​បន្ទាយឆ្មារ​ និង​បរិវេណ​ក្រុង​ប៉ោយប៉ែត​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​សកម្មភាព​របស់​យុវជន​ទាំងនេះ​គឺជា​គំរូ​ល្អ​សម្រាប់​យុវជន​ដទៃ​ និង​សង្គមជាតិ​។ ​យើង​ក៏​​ចង់ឱ្យ​យុវជន​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា ​ត្រូវតែ​មាន​ជំហរ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ថែរក្សា​បរិស្ថាន សម្អាត​ទីក្រុង សម្អាត​ប្រទេស​កម្ពុជា​យើង​ឱ្យមាន​បរិស្ថាន​ល្អ ទាក់ទាញ​ភ្ញៀវទេសចរ​ដូច​ទៅ​នឹង​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក​ដែរ​»​។

យុវតី កែវ ទិត្យលីដា ប្រធាន​សមាគម​ក្រុមយុវជន​ស្ត្រី​ដើម្បី​សង្គម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា កម្មវិធី​ «​ខ្ញុំ​ដើម្បី​​បរិស្ថាន​ស្អាត​ខេត្ត​បន្ទាយមានជ័យ​» ​ធ្វើឡើង​ក្នុង​បំណង​ផ្ដល់​គំរូ​ល្អ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​​តាមរយៈ​មិន​ចោល​សំរាម​ពាសវាល​ពាសកាល​លើ​ដងផ្លូវ​ហើយ​មិន​ទុក​គំរូ​អាក្រក់​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គមជាតិ​ទាំងមូល​។

យុវតី​រូបនេះ​បន្តថា​៖ «​សូម​បងប្អូន​គ្រប់រូប ជាពិសេស​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​ជាតិ​ទាំងមូល​មេត្តា​រក្សា​កិត្តិយស​ជាតិ និង​កិត្តិយស​ខ្លួនឯង​តាមរយៈ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ ​សូម​រួមគ្នា​ធ្វើ​ជា​រៀមច្បង​គំរូ​ល្អ​ដល់​ក្មេង​ជំនាន់ក្រោយ​ និង​ធ្វើជា​ម្ចាស់ផ្ទះ​ដ៏គំរូ​សម្រាប់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ និង​នៅ​តំបន់​ទេសចរណ៍​វប្បធម៌​ផ្សេងៗ​ទៀត​»​។

បើ​តាម​យុវតី ទិត្យលីដា ក្រុមយុវជន​នៃ​សមាគម​ក្រុមយុវជន​ស្ត្រី​ដើម្បី​សង្គម​ និង​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ដទៃ​ទៀត​កំពុង​រៀបចំ​ផែនការ​ដើម្បី​ស្នើ​ដល់​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​ក្នុង​ការដាំ​ដើមត្នោត​នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ខេត្ដ​នេះ និង​សាងសង់​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ​នៅក្នុង​បរិវេណ​ប្រាសាទ​បន្ទាយឆ្មារ​ផងដែរ​៕