កណ្តាល: អាជ្ញាធរ​ស្រុក​ស្អាង និង​មន្ត្រី​ជំនាញ​ខេត្តកណ្ដាល​កាលពី​ម្សិលមិញ​បាន​ចុះ​បញ្ឈប់​សកម្មភាព​គ្រឿងចក្រ​ចំនួន​ ៣ ​គ្រឿង​ ដែល​កំពុង​កាយ​ដី​ធ្វើ​ទំនប់​ជាន់​លើ​ដី​បឹង​របស់​រដ្ឋ​នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល​ដោយ​មន្ត្រី​អះអាង​ថា ក្រុម​ឈ្មួញ​បម្រុង​រំលោភ​យក​ដី​បឹង​ធម្មជាតិ​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក ឈាង លី មេឃុំ​ប្រាសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ស្រុក​ស្អាង និង​មន្ត្រី​ជំនាញ​ខេត្តកណ្ដាល​ប្រមាណ​ ២០ ​នាក់​ បាន​ចុះមក​ឃាត់​សកម្មភាព​គ្រឿងចក្រ​ចំនួន​ ៣ ​គ្រឿង​ពេល​កំពុង​កាយ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​​ប្រមាណ​ជាង ១០០ ​ហិកតា​។ ក្រុម​ឈ្មួញ​បាន​នាំគ្នា​កាយ​ដី​​ធ្វើ​ទំនប់​ក្រវាត់​ព្រំដី ដោយ​រំលោភ​មកលើ​ដី​បឹង​របស់​រដ្ឋ​ដែល​ពលរដ្ឋ​ធ្លាប់​បាន​អាស្រ័យផល​ជា​រៀងរាល់​ឆ្នាំ​។

លោក​បន្ត​ថា​លោក​មិនបាន​ស្គាល់​អត្តសញ្ញាណ​ក្រុម​ឈ្មួញ​ដែល​ដាក់​គ្រឿងចក្រ​មក​កាយ​ដី​បឹង​ធ្វើ​ទំនប់​រំលោភ​លើដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ​ទេ ប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​សកម្មភាព​កាយ​ដី​បឹង​នេះ​ជាង​ ១០ ​ថ្ងៃ​មកហើយ​។ ទំនប់​ដែល​ពួកគេ​បាន​ធ្វើ​នោះ​មាន​ប្រវែង​ជិត ១ ​គីឡូម៉ែត្រ​ហើយ ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​ទាន់​។

លោក ឈាង លី បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​ស្គាល់​ពួកគាត់​ទេ ហើយ​ពួកគាត់​ក៏​មិន​បាន​មក​ប្រាប់​ខ្ញុំ​ពី​កាយ​ដី​ធ្វើ​ទំនប់​ហ្នឹង​ដែរ​។

ខ្ញុំ​អត់​ដឹង​ពី​បំណង​គាត់​គិត​យ៉ាងណា​ទេ ប៉ុន្ដែ​ខ្ញុំ​យល់ថា ប្រហែល​ជា​គាត់​បម្រុង​រំលោភ​យក​ដី​បឹង​នេះ​។ ដូច្នេះ​នៅ​ថ្ងៃទី​ ៤ ខែ​ឧសភា ​នេះ​ អាជ្ញាធរ​យើង​បាន​ហាមឃាត់​គាត់​ហើយ​​ឥឡូវ​គាត់​បើក​គ្រឿងចក្រ​ចេញ​​ពី​ដី​បឹង​នោះ ហើយ​ខ្ញុំ​ក៏​អត់​ដឹងថា​មន្ត្រី​ជំនាញ​ដាក់​ទោសទណ្ឌ​គាត់​បែបណា​ទេ​»​។

លោក ហេង សុភារិទ្ធ នាយ​ខណ្ឌ​ជលផល​ខេត្ត​កណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​នោះ​ជាក់ស្ដែង​រួចរាល់​ហើយ ប៉ុន្ដែ​លោក​នៅ​មិនទាន់​បាន​ទួល​របាយការណ៍​ពី​ករណី​នេះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​បាន​ទទួល​របាយ​ការណ៍​លម្អិត​នៅ​ឡើយ ខ្ញុំ​អត់​ទាន់​ដឹងថា ត្រូវ​ផាកពិន័យ​ ឬ​តម្រូវ​ឲ្យ​​ធ្វើ​កិច្ចសន្យា​យ៉ាងណា​ទេ ព្រោះ​ខ្ញុំ​មិនទាន់​ដឹង​រឿង​ច្បាស់​។ ខ្ញុំ​គិតថា ប្រហែល​ជា​គាត់​កំពុង​ធ្វើ​របាយការណ៍​ពី​រឿង​នេះហើយ​»​។

លោក ប៊ុន នួនស៊ីម៉ូណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា មន្ត្រី​ជំនាញ​បាន​ចុះទៅ​ហាមឃាត់​រួចរាល់​ហើយ​នៅ​ថ្ងៃទី​ ៤ ខែ​ឧសភា​នេះ ប៉ុន្ដែ​លោក​​មិនទាន់​ដឹង​ពី​លទ្ធផល​ច្បាស់​នៅ​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​កំពុង​រង់ចាំ​មើល​របាយការណ៍​ជុំវិញ​ករណី​នេះដែរ ប៉ុន្ដែ​មន្ត្រី​ជំនាញ​យើង​មិនទាន់​បញ្ជូន​របាយការណ៍​លម្អិត​មក​ខ្ញុំ​ផង​។ អ៊ីចឹង​បើ​ពួកគាត់​ផ្ដល់​របាយការណ៍​មក​ទើប​បាន​ដឹង​រឿង​ច្បាស់​»​។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ប្រាសាទ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ពី​ម្សិលមិញ​ថា លោក​បានឃើញ​សកម្មភាព​កាយ​ដី​ធ្វើ​ទំនប់​នេះ​ជាង​ ១០ ​ថ្ងៃ​ហើយ ប៉ុន្ដែ​មិនទាន់​មាន​អាជ្ញាធរ​ចុះមក​សួរនាំ​អ្វី​ទេ​។ លោក​​ក៏​មិន​បានដឹង​រឿង​ច្បាស់​ដែរ​ថា តើ​មាន​ក្រុមហ៊ុន​មក​ទិញ​ដី​នេះ​ ឬ​មក​រំលោភ​យក​ដី​បឹង​នេះ​?

លោក​ថា​៖ «​ដី​បឹង​នេះ​របស់​រដ្ឋ​ហើយ​ពួក​ខ្ញុំ​ធ្លាប់​អាស្រ័យផល​ដូចជា រកត្រី បេះបន្លែ ឃ្វាលគោ​ក្របី និង​អ្នកខ្លះ​ដាំដំណាំ​រួមផ្សំ​តិចតួច ប៉ុន្ដែ​ខ្ញុំ​ឃើញ​មាន​ឈ្មួញ​អ្នកទិញ​ដី​តែងតែ​មកឈរ​មើល​ដី​បឹង​នេះ ហើយ​ប្រហែល​ជា​អាជ្ញាធរ​ឃុំ​មិន​ព្រម​លក់​ឲ្យ​ពួកគាត់​ទើប​ពួកគាត់​ចេះ​ស្ដាយ​ដី​នេះ​»​។

លោក ញឹម វណ្ណឌិន អភិបាល​ស្រុក​ស្អាង​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​ទូរស័ព្ទ​ចូល​តែ​ត្រូវ​បាន​ចុច​ផ្ដាច់​វិញ​។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ផ្សាយ​ពី​ម្សិលមិញ​ថា គ្រឿងចក្រ​ទាំងនេះ បាន​ធ្វើ​សកម្មភាព​អំឡុង​ខែ​មេសា​រហូត​ដល់​ថ្ងៃទី​ ៣ ខែ​ឧសភា បើទោះបី​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​បាន​រាយការណ៍​ទៅ​​អាជ្ញាធរ​យ៉ាងណា​ក៏ដោយ​។ គ្រឿងចក្រ​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ម្ចាស់​ឈ្មោះ តូ​, ឈ្មោះ តាំង ឡឺយ​, ឈ្មោះ តាំង ម៉េង និង​ឈ្មោះ ហុក ឡេង​។

សារព័ត៌មាន​ដដែល​បន្តថា អ្នក​ទាំង​ ៤ ​រូប​នេះ​តែង​យក​គ្រឿងចក្រ​មក​ស៊ីឈ្នួល​ជីកទំនប់​ក្រវាត់​ព្រំដី​ឲ្យ​ឈ្មួញ​ខុសច្បាប់​ដែល​ពលរដ្ឋ​សង្ស័យថា អាជ្ញាធរ​បើកដៃ​ឲ្យ​ធ្វើ​សកម្មភាព​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

ទោះជា​យ៉ាងណា​ភ្នំពេញ​ប៉ុស្ដិ៍​មិនទាន់​អាច​ស្វែងរក​ប្រភព​អ្នក​ទាំង​ ៤ ​នាក់​នេះ ដើម្បី​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បាន​នៅឡើយ​ទេ​កាលពី​ម្សិលមិញ​៕