ក្រចេះៈ អាជ្ញា​ធរ និង​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ បាន​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​ក្នុង​ការ​តវ៉ា​រឿង​ដី​ធ្លី​របស់​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​​នៅ​ថ្ងៃ​ទី ៨ ខែ​មីនា​នេះ​ទេ។

លោក គៀត ច័​ន្ធ​ថារិទ្ធ អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​ថ្លែង​​ថា ៖«តាម​របាយ​ការណ៍​ដែល​ខ្ញុំ​ទទួល​បាន ពីស្នង​ការ​ខេត្ត​ក្រចេះ ព្រឹក​មិញ គឺមាន​ប្រតិបត្តិ​ការណ៍​មួយ​ដឹក​​​នាំ​ដោយ​អភិបាល​រង និង​ព្រះរាជ​អាជ្ញា​រង​ខេត្ត ចុះ​ទៅ​ជួយ​ការ​ពារ​ការ​កាយ​ដី​ធ្វើ​ព្រំ​ របស់​ក្រុម​ហ៊ុន​មេម​ត់។ នៅ​ពេល​ដែល​ពួកគាត់​ ចុះ​ទៅ​ ក៏មាន​ប្រជា​ពលរ​ដ្ឋ ២០០ ទៅ ៣០០ នាក់​តវ៉ា​សុំ​ឲ្យ​ផ្អាក ហើយ​ក៏មាន​ការ​សម្រប​សម្រួល​រវាង​ព្រះអាជ្ញា​ អភិបាល​រង​​ខេត្ត​ និង​ប្រជា​ពលរដ្ឋ​ តែខាង​ប្រជា​ពល​រដ្ឋ​ លោក​មិន​ព្រម»។

លោកបន្ត​ថា ក្រោយ​មក​ប្រហែល​ម៉ោង ១១​ ថ្ងៃ​ត្រង់ ​ប្រជា​ពល​រដ្ឋ​​បាន​បិទ​ផ្លូវ​ប្រហែល ​២ ម៉ោង​ជាង​ ដូច្នេះ​ក្រុម​ប្រតិបត្តិ​ការណ៍​ព្យាយាម​សម្របសម្រួល​​ពល​រដ្ឋ​ប៉ុន្តែប្រ​ជា​ពល​រដ្ឋ​ មិន​ព្រម​។ «ហើយ​ចុង​ក្រោ​យ​ ពួក​គា​ត់ហាក់​ដូចមាន​សកម្ម​ភាព ​ដូច​ជា​មាន​កាំបិត ពូថៅ គ្រោង​នឹង​ធ្វើ​អំពើ​ហិង្សា​ នឹង​ដុត​គ្រឿង​ចក្រ​ ហើយ​ដើម្បី​ទប់​ស្កាត់​អំពើអស់​ហ្នឹង​ក៏មា​ន​ការផ្ទុះ​អាវុធ​ឡើង​លើ ​ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​»។

លោក​បញ្ជាក់​ថា​៖«បន្ទាប់​ពី​ផ្ទុះអា​វុធ​ប៉ុន្មាន​គ្រាប់​ យើង​មិន​បាន​ដឹង​ថា​ ប៉ុន្មាន​គ្រាប់ដែរ។ ​ការ​ផ្ទុះ​អាវុធមួយ​ចំនួន​ ប្រជា​ពលរ​ដ្ឋ​ក៏បាន​រំសាយ​ទៅ ប៉ុ​ន្តែមិន​ដឹង​ថា​ អាវុធ​វាយ៉ាង​ម៉េច​ វា​ផ្លាត​ត្រូវ​របួស​ប្រជា​ពលរដ្ឋ​ពី​រនាក់​ ប្រុស​ម្នាក់​ ស្រីម្នាក់​។​ ហើយ​តាម​របាយ​ការណ៍​គឺ​ថា ​របួស​ស្រាល​ហើយ​ប្រហែល​ជា​ត្រូវ​ដៃ​ឬជើង​»។

ចំណែក​ លោក គង់ គឹមនី អភិបាលស្រុកស្នួល បានថ្លែងថា មុនពេលប៉ះទង្គិចនេះ អាជ្ញាធរបានចុះចរចា និង​សម្របសម្រួលចំនួន ២ លើកមកហើយ ប៉ុន្ដែក្រុមប្រជាពលរដ្ឋទាំងនោះ មិន​យល់ព្រមតាម​យោ​បល់​របស់​អាជ្ញាធរទេ។

លោកបន្តថា៖«យើងជួបប្រជុំជាមួយពួកគាត់ ប៉ុន្ដែគាត់មិនបានយល់ព្រម ហើយ​ក៏មានការបិទផ្លូវ ដែលធ្វើឲ្យប៉ះ​ទង្គិច​គ្នានេះ បណ្ដាលឲ្យសមត្ថកិច្ចរងរបួលស្រាល ៧ នាក់ ហើយ​ពលរដ្ឋ​របួសស្រាលពីរនាក់ដែរ តែអត់មានស្លាប់ទេ ហើយក៏ត្រូវបានយកទៅមន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ​អស់​ហើយដែរ»។

ប៉ុន្តែ លោក ប៉ឹង វិន មេឃុំ ២ ធ្នូរ ខេត្តក្រចេះ បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា លោកក៏បានស្ថិតនៅក្នុង​ហេតុ​ការណ៍​នោះដែរ ដោយលោក​បាន​អះ​អាង​ថា៖«ខ្ញុំបានទៅក​ន្លែងកើតហេតុ ប្រជាពលរដ្ឋបានបិទផ្លូវ ដោយ​សារ​គាត់​ខឹងអាជ្ញាធរបានមកដុតផ្ទះ ដំណាំក្នុងចម្ការ ខ្ញុំឃើញសពមនុស្សសែងនឹងអង្រឹង។ ខ្ញុំបាន​នៅ​នឹង​កន្លែងកើតនោះដែរ ដោយមានក្រុមប៉ូលិសទាហាន ខណៈដែលពួកគាត់បានទាមទារសុំបែងចែក​ដីពីក្រុម​ហ៊ុន។ ពេលថ្ងៃហ្នឹង ខ្ញុំបានឃើញមនុស្សស្លាប់ពីរនាក់ផ្ទាល់នឹងភ្នែកខ្ញុំ ប៉ុន្ដែល្ងាចនេះ ខ្ញុំក៏បាន​ឃើញគេសែងអង្រឹងដាក់សាកសពពីរ ឬបីនាក់បន្ថែមទៀត»។

មុន​នេះ​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ស្រង់​សម្តី​របស់​​​បុគ្គលិក​​ អង្គការ​អាដ​ហុក​ លោក​ប៊ី វណ្ណី​​ យក​មក​ចុះ​ផ្សាយ​ថា​ យ៉ាង​ហោច​ណាស់ មាន​ពល​រដ្ឋ​ចំនួន ៦ នាក់​បាន​ស្លាប់ និង​​ជាង ​៤០​ នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ នៅ​រសៀល​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ ​រវាង​ប្រជា​ពលរដ្ឋ និង​​ក្រុម​អាជ្ញាធរ។

លោក ​វណ្ណី​ បាន​អះ​អាង​​ថា​ ក្រុម​អាជ្ញាធរ​ បាន​ចុះ​រុះ​រើ​ខ្ពម​ ដែល​ពលរដ្ឋ​សង់​លើ​ដី​ជម្លោះ ហើយ​ពលរដ្ឋ​​បាន​ធ្វើ​ការ​តវ៉ា ដែល​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​ការ​បាញ់​កាំភ្លើង​កើត​ឡើង។ ភ្លាម​ៗ​នោះ ​ប្រជា​ពល​រដ្ឋ​ចំនួន​ ២​ នាក់​បាន​ស្លាប់​ នៅ​នឹង​​កន្លែង​ និង​ ៤​ នាក់​​ទៀត​ បាន​ស្លាប់​តាម​ផ្លូវ​​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ ក្នុង​ហេតុ​ការណ៍​នេះ ទូរស័ព្ទ​​របស់​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​ ២០០​ គ្រឿង ​ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត។

ចំណែក​ លោក​ ប៉ុង វិន ​មេឃុំ​ ២ ​ធ្នូ​ បាន​ឲ្យ​​ដឹង​ថា លោក​បាន​ឃើញ​គេ​ដុត​ផ្ទះ​ពលរដ្ឋ​ ប្រមាណ​ជា​ ៧​ គ្រួសារ និង​បាន​ដុត​​ជា​បន្ត​បន្ទាប់ ព្រម​ទាំង​មាន​កាប់​បំផ្លាញ​ដើម​ចេក ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខឹង ​និង​ប្រមូល​ផ្តុំ​គ្នាបិទ​ផ្លូវ។ ពេល​នោះ​ ក្រុម​អាជ្ញាធរ​បាន​ប្រាប់​​ពលរដ្ឋ​ឲ្យ​បើក​ផ្លូវ​​វិញ តែ​ពលរដ្ឋ​មិន​ព្រម​បើក​។ លោក​អះអា​ងផ​ង​ដែរ​ថា មាន​ពលរដ្ឋ​ ២​ នាក់​ស្លាប់​ នៅ​នឹង​កន្លែង​កើត​ហេតុ។

នៅពេលទាក់ទងក្រោយមកទៀត លោកប៊ី វណ្ណី បានថ្លែងផងដែរថា ព័ត៌មានដែលថាស្លាប់៦នាក់នោះគឺលោកទទួលបានពីពលរដ្ឋ ហើយក្រោយមកទៀតទើបមានសេចក្តីរាយការណ៍ថា មានទាំងពលរដ្ឋ និង​កម្លាំង​អាជ្ញា​ធរ​រង​របួស​។