កំពតៈ អាជ្ញាធរ​ខេត្ត​កំពត​និង​ក្រុម​យុវជន សប្បុរស បាន​ផ្ដល់​អំណោយ​ដល់​គ្រួសារ​ក្រីក្រ មួយ​គ្រួសារ នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ក្រោយ​ពី​កូន​ពួកគេ ២ នាក់​លង់​ទឹក​ស្លាប់ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។

លោក សេង សុគន្ធចាន់ អធិការ​នគរបាល​ស្រុក​កំពង់ត្រាច បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២ ឧសភា​ថា ស្ត្រី​ឈ្មោះ ឃិន ស្រីនាង អាយុ ២៧ឆ្នាំ និង ប្តីឈ្មោះ នួ នឿត អាយុ ៤៥ឆ្នាំ ដែល​មាន​កូន​ឈ្មោះ ឆេង សូ ភេទប្រុស អាយុ ៦ឆ្នាំ និង​ឈ្មោះ ឆេង រ័ត្ន ភេទស្រី អាយុ​៤ឆ្នាំ ក្មេង​ទាំង ២ លង់​ទឹក​អណ្ដូង​ស្លាប់ ពេល​ដែល​ឪពុក​កំពុង​ដើរ​រក​គោះ​អង្ក្រង​យក​ទៅ​លក់។ គ្រួសារ​មួយ​នេះ​មាន​កូន ៤ នាក់ រីឯ​ក្មេង​ស្លាប់​ជាកូន​បន្ទាប់ និង នៅ​សល់​កូន​តូចៗ​ប្រុស ២ នាក់​ទៀត។ ចំពោះ​អំណោយ​ទាំង​នោះ​មាន មី ត្រីខ ទឹកត្រី អង្ករ រួម​ទាំង​ថវិកា មួយ​ចំនួន ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ក៏​ដូចជា​ជួយ​រំលែក​ទុក្ខ​របស់​ម្តាយ-ឪពុក។

លោក​ប្រាប់​ថា ៖«ចំពោះ​ចំនួន​ថវិកា​ដែល​ឧបត្ថម្ភ​នោះ នៅ​មិន​ទាន់​អាច​កំណត់​បាន​ទេ​ព្រោះ​នៅតែ​មាន​បន្ត​បន្ទាប់»។

លោក សុគន្ធចាន់ រំឭក​ប្រាប់​ថា កាល​ពី​ម៉ោង​ប្រហែល ៨ ព្រឹក​ថ្ងៃទី​ ១ ខែ​ឧសភា ឆ្នាំ ២០២១ បុរស​ជា​ឪពុក​ក្មេង​រងគ្រោះ​បាន​ចេញ​ទៅ​រកអង្ក្រង​លក់ រីឯ​ប្រពន្ធ​ធ្វើ​កិច្ចការ​ផ្ទះ។លុះ​ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយ​ទើប​ស្រែក​ហៅ​កូន តែ​មិន​ឮ​ឆ្លើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​និង​ពឹង​ឱ្យ​អ្នក​ភូមិព្រម​ទាំង​ប្រជាការពារ​ភូមិ​ជួយ​តាម​រក។ ពេល​នោះ អ្នក​ភូមិ​បាន​នាំ​គ្នា​រក​ឃើញ​ក្នុង​អណ្តូង​ទឹក។ បន្ទាប់​មក​អ្នក​ភូមិ​បាន​ដឹក​ក្មេង​រងគ្រោះ​ទៅមន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​តែ​លោក​គ្រូ​ពេទ្យ​ប្រាប់​ថា ពួកគេ​ដាច់​ខ្យល់​ស្លាប់​តាំង​ពី​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ម៉្លេះ៕