
សកម្មភាពប្រមូលសំរាម នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។ រូបថត សាលាខេត្តព្រះសីហនុ
ព្រះសីហនុៈ អាជ្ញាធរខេត្ដព្រះសីហនុ សហការជាមួយប្រជាពលរដ្ឋ បានចំណាយពេលប្រមាណ ៥ថ្ងៃ ដើម្បីប្រមូលសំរាម និងកំប្លោកដែលបានអណ្ដែតមកពីសមុទ្រ ពីប្រទេសជិតខាង នៅឆ្នេរអូឈើទាលបានប្រមាណ ៧៧ តោន និងកំពុងបន្ដប្រមូលនៅតាមឆ្នេរផ្សេងទៀត។
លោក ឱ សារឿន អ្នកនាំពាក្យខេត្ដព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា គិតត្រឹមថ្ងៃអាទិត្យនេះ អាជ្ញាធរបានប្រមូលកំប្លោកនៅតាមមាត់ឆ្នេរអូឈើទាលអស់ទាំងស្រុងហើយ និងកំពុងបន្ដប្រមូលតាមឆ្នេរមួយចំនួនទៀត ។
លោកថ្លែងថា៖ «កំប្លោកដែលប្រមូលនោះ យើងនឹងយកទៅចាក់នៅទីលានសំរាមខេត្ដព្រះសីហនុ។ បើតាមការបូកសរុបជាបឋមម្សិលមិញនេះ សម្រាប់តែឆ្នេរអូរឈើទាល់មួយ យើងប្រមូលបាន ៧៧ តោនហើយ។ យើងនៅបន្ដប្រមូលនៅឆ្នេរផ្សេងៗទៀត ដូចជា ឆ្នេរអូរត្រេស និងឆ្នេរឯករាជ្យជាដើម»។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី១១ ខែតុលា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៨ រហូតមកដល់ថ្ងៃនេះ មានកំប្លោកដែលមានប្រភពពីសមុទ្រប្រទេសជិតខាង បានហូរអណ្ដែតរសាត់លើផ្ទៃសមុទ្រ និង បានទើលើឆ្នេរសមុទ្រក្នុងខេត្ដព្រះសីហនុ។
សេចក្ដីប្រកាសបានបញ្ជាក់ថា៖«បញ្ហានេះអាជ្ញាធរខេត្ដកំពុងចុះសំអាតតាមបណ្ដាឆ្នេរក្នុងក្រុងព្រះសីហនុ… សូមកុំមានការព្រួយបារម្ភ ព្រោះបញ្ហានេះ មិនបានធ្វើឲ្យខូចគុណភាពទឹកសមុទ្រ ឆ្នេរខ្សាច់នោះទេ គ្រាន់តែធ្វើឲ្យបាត់បង់សោភ័ណភាពឆ្នេររយៈពេលខ្លីប៉ុណ្ណោះ ក្រោយការសំអាតរួចឆ្នេរនឹងមានសភាពដូចដើមវិញ»។
បន្ទាប់ពីមានក្តីកង្វល់លើការបំផ្លាញសម្រស់ឆ្នេរ ក្នុងខេត្តព្រះសីហនុ ដោយសារការបោះចោលសំរាមពាសវាលពាសកាល និង ទឹកកខ្វក់ដែលបង្ហូរចេញពីតំបន់នានា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីមកពីក្រសួងចំនួន ៣ រួមមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើដំណើរចុះទៅដល់ខេត្តព្រះសីហនុ ដើម្បីរិះរកវិធានការទប់ស្កាត់លើបញ្ហាទាំងនេះ។
បន្ទាប់ពីបានចុះទៅពិនិត្យដោយផ្ទាល់ និងពិភាក្សាជាមួយមន្ត្រីជំនាញរួចហើយ ក្រុមរដ្ឋមន្រ្ដីនៃក្រសួងពាក់ព័ន្ធបានដាក់ចេញនូវវិធានការចំនួន៣ ដើម្បីទប់ស្កាត់បញ្ហាបង្ហូទឹកកខ្វក់ចូលទៅក្នុងសមុទ្រ រួមមាន ១. ស្ដារស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ១៦ ហិកតា នៅតំបន់ឆ្នេរអូរឈើទាល ២.រៀបចំអាងស្ដុក ស្ថានីយបូមទឹកកង្វក់ នៅចំណុចអូរចំណា អូរឆ្នេរ ៧ ជាន់ និងស្ដារអាងស្តុកទឹកនៅតាមតំបន់មាត់សមុទ្របន្ថែមទៀត និង ទី៣. រៀបចំធ្វើអាងចម្រោះទឹកកខ្វក់តាមអូរ ដោយចាប់ផ្ដើមដំបូងពីអូរម៉ារីយូ។
លោក នេត ភក្រ្ដា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា៖«ថ្នាក់ដឹកនាំបានពិភាក្សាគ្នា ដើម្បីរិះរកវិធានការដោះស្រាយសំណល់រាវ គោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ ជាប់មាត់សមុទ្រមួយនេះឱ្យបានស្អាត និងចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យមានការបង្ហូរសំណល់រាវទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនឆ្លងកាត់អាងប្រព្រឹត្តិកម្មទឹកកខ្វក់»។
ខេត្តព្រះសីហនុ ដែលកំពុងតែមានសន្ទុះកើនឡើង នូវការសាងសង់សំណង់អគារខ្ពស់ៗ ក្រៅពីបញ្ហាសំរាមដែលបានធ្វើឲ្យមានភាពកខ្វក់ដល់តំបន់ឆ្នេរ បញ្ហាផ្លូវ ក៏កំពុងតែខូចខាតយ៉ាងដំណំផងដែរ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅក្រុងជាប់មាត់សមុទ្រមួយនេះ៕