ភ្នំពេញៈ ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេ​ញ ​រួម​នឹង​មន្ទីរ​សុខាភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​ បាន​ចាត់វិ​ធាន​កា​រ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ ​តាម​រយៈ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​ផ្សារ​​ធំៗ​ ចាប់​តាំង​ពី​ថ្ងៃទី​ ១៨ ខែ​មេសា ​រហូត​ដល់​ថ្ងៃ​ទី ​២២ ​ខែ​មេសា​ និង​កំពុង​ពិនិត្យ​លើស្ថាន​ភាព​ និង​ ទីតាំង​ជាក់​ស្ដែង​ក្នុង​ការ​បន្ត​វិធានការ​នេះ​ទៅ​ទីតាំង​ផ្សេង​ទៀត​​ ។

លោក ​ម៉េត ​មាស​ភក្ដី ​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្ដិ៍ ​នៅថ្ងៃ ២២ មេសា នេះ​​ថា ដោយ​អនុ​វត្ត​តាម​ការ​ណែ​នាំរ​បស់​លោក​ ឃួង​ ស្រេង ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ក្រុម​ការងារ​រដ្ឋបាល​រាជ​ធានី​​ និ​ង មន្ទីរ​សុខា​ភិបាល​រាជ​ធានី​ភ្នំ​ពេញ​ បាន​ចាត់​វិធាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​បណ្តា​ផ្សារធំៗ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ថែ​រក្សា​សុខុ​មាល​ភាព​​ពល​រដ្ឋ​ក៏ដូច​ជា​ អាជី​វករ​លក់​ដូរ​ក្នុង​ផ្សារ​ ​ ខណៈ​​ជំងឺ​កូវីដ​១៩​ កំពុង​បន្ត​រី​ក​រាល​ដាល​នៅលើ​ភិភព​លោក​​។

លោក​ថ្លែង​ថា​៖«​យើង​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ផ្សារ​ធំៗ​មួយ​ចំនួន​​ចាប់​តាំង​ពីថ្ងៃ​ទី​១៨ខែ​មេសារហូត​មក​ដល់​ពេល​នេះគឺ​បាន​៤-៥ផ្សារ​ហើយ។ចំពោះ​វិធាន​ការ​បន្ត​ទៀត​យើង​កំពុង​ពិនិត្យ​មើល​តាមស្ថាន​ភាព​​ជាក់​ស្ដែង​ថា​យើង​ត្រូវ​បាញ់​នៅ​កន្លែង​ណាខ្លះ​ជាបន្ត​បន្ទាប់​ទៀត​»​។ ​

លោក​ មាស​ភក្តី បាន​ឱ្យ​ដឹង​ថា វិធាន​ការ​នេះ គឺ​ដើម្បី​គិត​គូរ​ពីសុ​ខភាព​ ពលរដ្ឋ ក៏ដូច​ជាអា​ជីវក​រល​ក់ដូរក្នុ​ងផ្សារ​ ទើប​លោក​អភិ​បាល​រាជ​ធា​នីភ្នំ​ពេញ​ណែនាំ​ឲ្យ​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​ ភ្នំពេញ ​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​បែប​នេះ​។

លោក​ថ្លែង​ថា រហូត​មក​ទល់​ពេលនេះ​ ក្រុម​ការងារ​មន្ទីរ​សុខា​ភិបាលបាន​ចុះបា​ញ់​ថ្នាំ​នៅ​ផ្សារ​ធំថ្មី ​ទួល​ទំពូង​ ផ្សារ​កណ្តាល ​និង​ផ្សារ​មួយ​ចំនួន​ទៀត​ ​។ ​

លោក​ថា ​ទោះ​បីរាល់​ថ្ងៃ​គណៈ​កម្ម​ការ​ផ្សារ​នីមួយ​ៗ​បាន​និង​កំពុង​អនុ​វត្ដ​វិធាន​ការ​ការ​ពារ​សុខ​ភាពតាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ក៏ដោយ​ប៉ុន្ដែ​​​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​តាម​ផ្សារ​ទាំង​នោះ​ត្រូវ​បាន​ថ្នាំ​សម្លាប់​មេ​រោគ​បន្ថែម​ទៀត​។​

កាល​ពីថ្ងៃ​ទី​២១ ខែ​មេសា លោក​នាយ​ក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន​ បាន​​បន្ត​អំពាវ​នាវ​ដល់​ពល​រដ្ឋ​ឲ្យបន្ត​រួម​គ្នា​ទប់​ស្កាត់​​កុំឱ្យ​ឆ្លង​មេរោគ​​កូវីដ​១៩​ដដែល ​បើទោះ​បើក្រ​សួង​សុខា​ភិបាល​ប្រកាស​ពី​ការ​ជាសះ​ស្បើយ​ជាង​៩០​ភាគ​រយ​នៃ​អ្នក​ឆ្លង​ ១២២​ នាក់​និង​ពុំ​មាន​រក​ឃើញ​អ្នក​ឆ្លងថ្មី​រយៈ​ពេល​ប្រមាណ ​១០​ ថ្ងៃ​កន្លង​ទៅ​នេះ​ក្ដី។

លោក​ថ្លែងថា​៖«​រាល់​វិនា​ទី ​និង​ជារៀង​រាល់ថ្ងៃ សូម​បង​ប្អូន​ជន​រួម​ជាតិ​ចង​ចាំ​និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​សុខ​ភាព​ដែល​ជា​អាយុ​ជី​វិតផ្ទាល់​របស់​បង​ប្អូន​ ប្តី​ប្រ​ពន្ធ កូន​ចៅ​ និង​ក្រុម​គ្រួសារ ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​ជាតិ​យើង​កំពុង​ប្រយុទ្ធ​ប្រ​ឆាំង​កម្ចាត់​ជំងឺ​ឆ្លង​កូវីដ​ ១៩​»។

លោក​បាន​បញ្ជាក់​ថា​៖«​យើង​ការ​ពារ​ខ្លួន​កុំនាំ​យក​មេរោគ​ឆ្លង​ទៅ​គេ​និង​សូម​កុំ​នាំ​មេរោគ​ពី​គេ​មក​យើង​និង​ទៅ​កាន់​ក្រុម​គ្រួសា​រ​ ហើយ​ត្រូវ​មាន​អនា​ម័យ​សុខ​ភាព​ខ្ពស់​​ជា​ប្រចាំ ​ហើយ​ត្រូវ​ស្តាប់​តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខា​ភិបាល​ជា​និ​ច្ច​»។

លោក ងែ មាន​ហេង ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​ មិន​អាច​សុំ​ការអ​ត្ថា​ធិប្បាយ​បន្ថែម ​ជុំវិញ​ការ​​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ផ្សារ​ធំៗនេះ​បានទេ​ នៅ​ថ្ងៃទី​២២ មេសា​នេះ​​​ ដោយ​សារ​ទូរ​ស័ព្ទ​ចូល​តែ​គ្នាន​អ្នក​ទទួល​​៕