ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គភាព​ការពារ​កុមារ​ (CPU) ​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​កន្លង​មក​នេះ​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន បារ៍ និង​ហាង​កាហ្វេ​ជាង​ ៤០ ​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ពន្យល់​ឲ្យ​មាន​ការយល់ដឹង​ពី​ការចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​មុនពេល​សមត្ថកិច្ច​ចុះ​អនុវត្ដ​ច្បាប់​។

លោក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ម្សិលមិញ​ថា ការសហការ​ចុះ​ណែនាំ​នេះ​គឺ​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ទប់ស្កាត់ កុំឲ្យ​មាន​សកម្មភាព​ជួញដូរ​ផ្លូវភេទ ជួញដូរ​កុមារ និង​ផ្សព្វផ្សាយ​ពី​ការអនុវត្ដ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​បទល្មើស​ទាំងនេះ​។

លោកស្នងការ​ថ្លែងថា​៖ «​សកម្មភាព​នេះ​គឺជា​វិធានការ​មួយ​ដ៏ល្អ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដូចជា បារ៍ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​មុន​នឹង​សមត្ថកិច្ច​អនុវត្ដ​ច្បាប់​។ ប៉ុន្ដែ​សកម្មភាព​ចុះ​ណែនាំ​នេះ​មិនមែន​ជា​ការចុះទៅ​អនុវត្ដ​ច្បាប់​ចោទប្រកាន់​ចំពោះ​ម្ចាស់​អាជីវកម្ម​ទេវា​គ្រាន់តែ​ជា​ការណែនាំ​ដើម្បី​ឲ្យ​មាន​ការយល់ដឹង​ជាមុន​»​។

លោក ស ថេត បន្តថា ក្រោយពី​ចុះ​ណែនាំ​រយៈពេល​ ១ ​សប្ដាហ៍​បាន​ជាង​ ៤០ ​ទីតាំង បារ៍ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ទាំងនោះ​រួចហើយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​សហការ​ជាមួយ​អង្គភាព CPU ដើម្បី​អនុវត្ដ​វិធានការ​នេះ​ទៀត​។

លោក​ថា​៖ «​ការចុះ​ណែនាំ​នេះ មិន​មានន័យ​ថា​ចោទប្រកាន់​ម្ចាស់​ហាង ឬ​ក៏​ទីតាំង​នោះ​ថា មាន​ការប្រព្រឹត្ដ​បទល្មើស​ជួញដូរ​ផ្លូវភេទ ឬ​ជួញដូរ​កុមារ​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យ​មាន​ការបង្ការ​ជាមុន​។ ​មាន​ន័យថា ដើម្បី​ឲ្យ​ពួកគាត់​យល់ដឹង​។ ​ប្រសិនបើ​មាន​អ្នកណា​ប្រព្រឹត្ដ​នូវ​អំពើ​នេះ​យើង​នឹង​ងាយស្រួល​ក្នុង​ការអនុវត្ដ​ច្បាប់​ព្រោះ​ពួកគាត់​បាន​យល់ដឹង​ជាមុន​រួចហើយ​»​។

លោក​ James McCabe នាយក​ប្រតិបត្តិ​អង្គភាព​ CPU ថ្លែង​ម្សិលមិញ​ថា CPU មមាញឹក​ក្នុង​ការប្រឆាំង​ការជួញដូរ​ទៅលើ​អនីតិជន​នៅតាម​បារ៍​។ CPU ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាល​ជាតិ​កម្ពុជា​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​លើសពី​ ៤០ ​បារ៍ និង​ហាង​កាហ្វេ​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​នេះ​។

លោក​ថ្លែងថា​៖ «​គោលដៅ​នៃ​ការផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​រំឭក​ម្ចាស់​បារ៍​អំពី​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​ជាមួយនឹង​ការទទួល​យក​បុគ្គលិក​ក្រោម​អាយុ​នៅក្នុង​បារ៍​»​។ លោក​បន្តថា ប្រទេស​កម្ពុជា​មានច្បាប់​តឹងរ៉ឹង​ក្នុង​ការប្រឆាំង​ការជួញដូរ​អនីតិជន ហើយ​ក្នុង​គ្រា​លំបាក​ទៅលើ​សេដ្ឋកិច្ច បង្កដោយ COVID-19​។ CPU ជឿជាក់​ថា​នេះ​ជា​ពេលវេលា​ដ៏ល្អ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​រំឭក​អំពី​ទោស​ដែល​មាន​ប្រសិន​បើ​មាន​អំពើ​ខុសច្បាប់​កើត​ឡើង​លើ​បទល្មើស​ទាំងនេះ​។

លោក​បញ្ជាក់ថា​៖ «​នគរបាល​ជាតិ​កម្ពុជា និង CPU នឹង​បន្តធ្វើ​ការត្រួតពិនិត្យ​នៅ​តាម​បារ៍ ដើម្បី​ធ្វើឲ្យ​ប្រាកដថា​មិន​ឲ្យ​មានការ​ជួញដូរ​ទៅលើ​អនីតិជន​អាច​កើតឡើង​បាន​។ គ្រប់​បារ៍​ដែល​យើង​បានធ្វើ​ទស្សនកិច្ច​បាន​គាំទ្រ​ដល់​គោលការណ៍​របស់​យើង និង​មិនមាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ឡើយ​»៕