កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា ខេត្ត​នឹង​ដកហូត​ដី​ពី​អ្នក​ដែល​ដណ្តើម​កាន់កាប់​ដោយ​ខុសច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​មក​ទុកជា​ដី​រដ្ឋ​វិញ​ខណៈ​មាន​ប្រជាពលរដ្ឋ​ជិត​ ២០ ​នាក់​បាន​អះអាង​ថា បុគ្គល​ ២ ​នាក់​ដែល​ម្នាក់​ជា​មន្ត្រី​បរិស្ថាន​បាន​រំលោភបំពាន​យក​ដី​ជាង​ ២ ​ហិកតា​ក្នុង​តំបន់​ឧទ្យាន​ជាតិ​នេះ​។

លិខិត​ ១ ​ច្បាប់​រួមទាំង​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជិត ២០ ​នាក់​ដែល​អះអាង​ថា ជា​សាក្សី​រស់នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​បាន​ដាក់​ជូន​មេឃុំ​ចំបក់​កាលពី​ថ្ងៃទី ១៣ ខែ​មិថុនា ឲ្យ​ដឹងថា​លោក ហេង សុខា ជា​មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​គិរីរម្យ រស់នៅក្នុង​ភូមិ​ថ្មី និង​លោក ម៉ាង សុវណ្ណតារ៉ា ដែល​ត្រូវជា​កូនប្រសា​មាន​លំនៅ​ក្នុង​ភូមិ​បុរីកម្មករ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិន​ធ្លាប់​មាន​ដី និង​រស់នៅ​អាស្រ័យផល​លើ​ទីកន្លែង​មាន​ទំនាស់​នោះទេ​។

ពលរដ្ឋ​អះអាង​ក្នុង​លិខិត​ថា​៖ «​តប​តាម​កម្មវត្ថុ​ខាងលើ យើង​ខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ សូម​ធ្វើការ​ផ្តិត​ស្នាម​មេដៃ​ទុកជា​ភ័ស្តុតាង​។ អាស្រ័យ​ហេតុនេះ​លោក​មេឃុំ​មេត្តា​ទទួល​ស្នាម​មេដៃ​ស្តាំ​របស់​ពួកយើង​ទាំងអស់​គ្នា ដើម្បី​ធ្វើជា​សាក្សី​ដោយ​ក្តី​អនុគ្រោះ​»​។

លោក ជ័យ ហ៊ីម មេឃុំ​ចំបក់ និង​លោក ហន ពិសិដ្ឋ អភិបាល​ស្រុក​ភ្នំស្រួច មិន​អាច​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយសារ​ពួកលោក​បាន​ចុច​បិទ​ទូរស័ព្ទ​នៅ​ពេលឮ​ភ្នំពេញ​ប៉ុស្តិ៍​សាកសួរ​ពី​បញ្ហា​នេះ ហើយ​ក្រោយ​មក​ទូរស័ព្ទ​របស់​ពួកលោក​ក៏​ទាក់ទង​​លែង​ចូល​។

លោក ជា ទិត អនុប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ទទួល​បន្ទុក​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​នៅ​ថ្ងៃ​​ទី​ ៧ ខែ​កក្កដា​ ថា លោក និង​ក្រុម​ការងារ​កំពុង​ធ្វើការ​ស៊ើបអង្កេត​ជុំវិញ​ករណីនេះ​។ ប៉ុន្តែ​លោក​បាន​បដិសេធ​បកស្រាយ​រាល់​ព័ត៌មាន​ទាំងអស់​ដែល​ទាក់ទង​នឹង​ជម្លោះដីធ្លី និង​ការរំលោភបំពាន​កាន់កាប់​ដីធ្លី​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​។ លោក​ថា​៖ «​កំពុង​ចុះ​ធ្វើ​រឿង​ហើយ យើង​កំពុង​ធ្វើការ​ហ្នឹង​មិន​ទាន់​មាន​ករណី​ណា​ទៀត​ទេ​។ មិនទាន់​មាន​អ្វី​បកស្រាយ​បានទេ​»​។

យោង​តាម​ឯកសារ​ជាច្រើន​សន្លឹក និង​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News កាលពី​ថ្ងៃទី​ ៦ កក្កដា បាន​ឲ្យ​ដឹងថា​លោក ហេង សុខា និង​កូនប្រសា​ប្រុស​លោក ម៉ាង សុវណ្ណារ៉ា មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​រឿង​ដីធ្លី​ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ រហូត​ដល់​ប្រជាពលរដ្ឋ​បាន​ប្តឹង​ពួកគេ​ទាំង​ ២ ​នាក់​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​។

ការប្តឹងប្តល់​នេះ​កើតឡើង​បន្ទាប់ពី​លោក ហេង សុខា និង​កូនប្រសា បាន​បង្ហាញ​លិខិត​ទិញ​លក់​ដី​ក្នុងភូមិ​ឃុំ​ខាងលើ​រវាង​ឈ្មោះ ហង្ស សុភាព ហើយ​បុគ្គល​ទាំង​ ២ ​នាក់ ឪពុក និង​កូន​នេះ​ក៏​បាន​រង​ការចោទ​ថា វាយ​បំផ្លិចបំផ្លាញ​បង្គោលរបង​ចោល​គ្មាន​សល់​ហើយ​បាន​ចូលកាន់​កាប់​ដី​របស់​អ្នកដទៃ​ដោយ​គ្មាន​ហេតុផល​។ នេះ​បើ​តាម​សារព័ត៌មាន Fresh News​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​បុគ្គល​ទាំង​ ៣ ​នាក់​ដែល​មាន​ជម្លោះដីធ្លី​នេះ​បានទេ​។

លោក​ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ដែល​កំពុង​ស៊ើបអង្កេត​ក្នុង​ករណី​នេះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​នេះ​គឺ​ភាគី​ដែល​ពាក់ព័ន្ធ​សុទ្ធតែ​ជា​អ្នក​ដណ្តើម​កាន់កាប់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ដែល​មាន​ទំហំ​ជាង ២ ​ហិកតា​។

លោក​បន្តថា អាជ្ញាធរ​ភូមិ​ឃុំ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ផងដែរ ព្រោះ​បាន​ចូលរួម​បំពេញ​ឯកសារ​ដោយ​ខុសច្បាប់​។ លោក​បាន​បញ្ជាក់ថា​៖ «​តាមពិត​រឿងនេះ​មកពី​អាជ្ញាធរ គាត់​ចុះហត្ថលេខា​ផ្ទេរសិទ្ធិ​ទៅ​លើ​លិខិត​កាន់កាប់​ទៅ​ឲ្យ​ពលរដ្ឋ​ម្ខាង​ទៀត ធ្វើ​ឲ្យ​មាន​ការជាន់​គ្នា​។ នីតិវិធី​នៃ​ការប្រយុទ្ធ​នឹង​អំពើ​ខុសច្បាប់ មន្ត្រី​បរិស្ថាន​ខ្លួនឯង​មិនដឹង​ជា​គាត់​ដោះស្រាយ​យ៉ាងម៉េច នៅ​ពេល​ដោះស្រាយ បើទោះ​ជា​គាត់​មិន​ដាក់​ឈ្មោះ​គាត់ តែ​គាត់​បាន​ដាក់​ឈ្មោះ​សាច់ញាតិ​គាត់​ដែល​នេះ​ជា​បញ្ហា​មួយ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ព្រមាន​ថា ខេត្ត​ត្រូវតែ​ដកហូត​ដី​ទាំងនោះ​មកវិញ ដោយសារ​ពួកគេ​បាន​បង្ក​ជា​ជម្លោះ ដើម្បី​ដណ្តើម​កាន់កាប់​ដី​រដ្ឋ​តែ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា​៖ «​កុំ​ឲ្យ​នាំ​គ្នា​ទៅ​ធ្វើ​ជា​ឈ្លោះ​គ្នា​នៅ​លើ​ដី​រដ្ឋ​។ នៅពេល​គេ​ធ្វើ​ឈ្លោះ​គ្នា​អ៊ីចឹង​ទៅ គេ​ឲ្យ​អាជ្ញាធរ​ដោះ​ដល់​ពេល​យើង​ដោះ​ទៅ កាត់​ឲ្យ​អ្នក​នេះ​តិច អ្នក​នោះ​តិច ប៉ុន្តែ​តាមពិត​ដី​ទាំងនេះ​គឺជា​ដី​រដ្ឋ​ហ្នឹង​។ បញ្ជាក់​សម្រាប់​អាជ្ញាធរ យើង​អត់​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ អត់​មាន​ទៅ​គាំទ្រ​អ្នកណា​ទេ​។ អ្នកណា​ក៏ដោយ មន្ត្រី​ក៏ដោយ ឧត្តមមន្ត្រី​ក៏ដោយ ប្រជារាស្ត្រ​ក៏ដោយ​ឲ្យ​តែ​កាន់កាប់​លើ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​គឺ​ត្រូវ​តែ​ដកហូត​មកវិញ​»​។

បើ​តាម​លោក វ៉ី សំណាង បន្ទាប់ពី​មាន​ការប្រកាស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការផ្តល់​សិទ្ធិ​កាន់កាប់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាយូរ​ឆ្នាំ​លើ​ដី​របស់​រដ្ឋ ថ្មីៗ​នេះ​ក៏​មាន​ជន​ឆ្លៀត​ឱកាស​មួយចំនួន​បាន​លួច​ទៅ​សាងសង់​ផ្ទះ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​។ លោក​បញ្ជាក់ថា ទង្វើ​ដណ្តើម​កាន់កាប់​ដី​រដ្ឋ​ក្នុង​តំបន់​ឧទ្យានជាតិ​គិរីរម្យ​ដោយ​ខុសច្បាប់​នេះ អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជាដាច់ខាត​៕

វីដេអូ៖