ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ដើម្បីបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹក ក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញដោយលោក យន្ដ មីន កាលពីថ្ងៃសុក្រ ទី ១៨ ខែមករា ហើយដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា កន្លងមកតំបន់មួយចំនួន ក្នុងតំបន់គ្រប់គ្រងជលផលព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ មានសកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់កើតឡើងជាបន្តបន្ទាប់ ទើបអាជ្ញាធរដាក់ចេញវិធានការការពារ។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នាពេលកន្លងមក រួមមានការកាន់កាប់ ការផ្ទេរ ការទិញលក់ដីដោយខុសច្បាប់ ជាពិសេសការទន្ទ្រានកាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹក ព្រមទាំងធនធានជីវចម្រុះដទៃទៀត ដែលបានធ្វើឲ្យខូចបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីឆ្នេរ។
ទាក់ទងនឹងវិធានការទប់ស្កាត់សកម្មភាពខុសច្បាប់ខាងលើនេះ រដ្ឋបាលខេត្ដព្រះសីហនុ បានដាក់ចេញនូវវិធានការមួយចំនួនរួមមាន រដ្ឋបាលខេត្តព្រះសីហនុបដិសេធរាល់ឯកសារពាក់ព័ន្ធ និងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទដូចជា ការកាប់ទន្ទ្រាន ការកាន់កាប់ ការផ្ទេរនិងទិញលក់ដីដោយខុសច្បាប់ក្នុងតំបន់ព្រែកកំពង់ស្មាច់។
វិធានការដែលចេញដោយ លោក យន្ដ មីន បានបញ្ជាក់ថា អ្នកដែលបាននិងកំពុងកាន់កាប់ដីដោយខុសច្បាប់ត្រូវបញ្ឈប់សកម្មភាពទាំងអស់ (ការឈូសឆាយ និងការសាងសង់សំណង់នានា) ជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះដោយឥតលក្ខខណ្ឌមករដ្ឋបាលខេត្ត និងអង្គភាពជំនាញគ្រប់គ្រងវិញ។
វិធានការនេះ បានប្រាប់ទៀតថា រដ្ឋបាលមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវបញ្ឈប់ជាបន្ទាន់ការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីក្នុងតំបន់ដីព្រៃកោងកាង និងព្រៃលិចទឹក ក្នុងតំបន់គ្រប់គ្រងជលផលព្រែកកំពង់ស្មាច់។
រដ្ឋបាលខេត្ដបញ្ជាក់ថា ការកាប់គាស់ រុករាន ដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃកោងកាង ព្រៃលិចទឹក ព្រមទាំងការសង់ផ្ទះ សង់តូប រោង ដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ព្រែកកំពង់ស្មាច់ ជាអំពើល្មើសច្បាប់ និងត្រូវចាត់វិធានការតាមច្បាប់។
លោក ឱ សារឿន អ្នកនាំពាក្យខេត្តព្រះសីហនុ បញ្ជាក់ថា ដីព្រៃកោងកាង និងដីព្រៃលិចទឹកទាំងអស់ កន្លងមកតែងតែមានបញ្ហា ដោយមានអ្នកចូលទៅទន្ទ្រានកាន់កាប់នៅក្នុងតំបន់ដីអភិរក្សដែលគ្រប់គ្រងដោយរដ្ឋ ហើយបញ្ហាទាំងនេះកើតឡើងព្រោះតែសម្ទុះដីឡើងថ្លៃ។
លោកបន្ថែមថា៖ «វិធានការដំបូងយើងនឹងទប់ទល់នឹងសកម្មភាពដែលជនខិលខូចបានរំលោភកាន់កាប់ ដែលតែងតែមានជារឿយៗកន្លងមក។ មួយទៀតដោយសង្កេតឃើញថា កំណើនទីផ្សារដីឡើងថ្លៃនេះ ទើបយើងមានវិធានការទប់ស្កាត់ជាមុន ចៀសវាងកាន់តែមានការរាលដាលធំឡើង»។
លោក ស៊ុន សុផាត តំណាងសហគមន៍ដីធ្លីនៅខេត្តព្រះសីហនុ បានចាត់ទុកការដាក់ចេញនូវវិធានការរបស់រដ្ឋបាលខេត្ដនេះ គឺជាវិធានការល្អ ប៉ុន្ដែថា កន្លងមកអាជ្ញាធរខេត្ដព្រះសីហនុ មិនសូវអនុវត្ដវិធានការនេះឲ្យមានប្រសិទ្ធភាពនោះទេ។
លោកបន្ដថា៖ «គឺល្អហើយ តែខ្លាចតែធ្វើមិនបាន។ ភាគច្រើន មានតែអ្នកមានលុយមានអំណាចទេ ដែលអាចទៅកាប់ទន្ទ្រានតំបន់ព្រៃលិចទឹក និងដីអភិរក្សរបស់រដ្ឋបាន ចំណែកប្រជាពលរដ្ឋធម្មតាមិនអាចទៅកាប់ទន្ទ្រានបានទេ។ ជាទូទៅការអនុវត្ដវិធានការនេះ របស់អាជ្ញាធរខេត្ដព្រះសីហនុ នៅមិនទាន់មានតម្លាភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅឡើយទេ»។
អ្នកស្រី ហង្ស ចិន្ដា រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ថ្លែងថា វិធានការរបស់អាជ្ញាធរមិនសូវមានប្រសិទ្ធភាពទេកាលពីពេលកន្លងមក។ អ្នកស្រី្តថ្លែងថា៖ «ដោយសារអ្នកដែលរំលោភយកដីរបស់រដ្ឋនោះ សុទ្ធតែមានឋានៈផ្កាយមានស័ក្តិយសធំ»៕