ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​បញ្ជា​ដល់​ម្ចាស់​ការដ្ឋាន​សំណង់​ដែល​សង់​រំលោភ​ច្បាប់​ចំនួន ២ កន្លែង​ឲ្យ​រុះរើ​ជា​បន្ទាន់ បន្ទាប់​ពី​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​សំណង់​មួយ​ចំនួន​ឲ្យ​គោរព​ច្បាប់​ និង​បាន​ព្រមាន​អនុវត្ដ​វិធានការ​ច្បាប់​ ប្រសិន​បើ​នៅ​បន្ត​សកម្មភាព​ល្មើស​ច្បាប់​តទៅ​ទៀត​នោះ។

លោក លី ចិត្ត​និយម ប្រធានការិយាល័យ​គ្រប់គ្រង​ការ​អភិវ​ឌ្ឍ​និង​សំណង់​សាលា​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុម​ការងារ​ចម្រុះ​ដឹកនាំ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ណែនាំ​ម្ចាស់​ការដ្ឋាន​សំណង់​ជា​ជន​បរទេស​ដែល​សង់​រំលោភ​ចំណី​ផ្លូវ​នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ​ចំនួន ២ ករណី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដោយ​ឲ្យ​រុះរើ​និង​វាយ​កម្ទេច​សំណង់​នោះ​ជា​បន្ទាន់។

លោក​បាន​ឲ្យ​ដឹងថា ការដ្ឋាន​សំណង់​ខាងលើ​ត្រូវបាន​មន្ត្រី​ចុះ​ណែនាំ ៤ ដង​រួច​មក​ហើយ​តែ​ម្ចាស់​សំណង់​នៅ​តែ​បន្ត​ធ្វើ​ទាំង​បំពាន ទើប​រដ្ឋបាល​ខេត្ដ​ចាត់​វិធានការ​ក្ដៅ​ឲ្យ​រុះរើ​ចេញ​តែ​ម្ដង​ទៅ។

បើតាម​លោក ចិ​ត្ដ​និយម កន្លងមក​ក្រុមការងារ​ចម្រុះ​បាន​ចុះ​ហាមឃាត់​និង​បញ្ជា​ឲ្យ​រុះរើ​ចេញ​នូវ​សំណង់​រំលោភ​ច្បាប់​ជាច្រើន​កន្លែង តែ​ម្ចាស់​សំណង់​ខ្លះ​បាន​លួច​សាងសង់​ខណៈ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​បាន​និង​កំពុង​កើន​ឡើង​ខ្លាំង។

លោក ចិត្ត​និយម បានបញ្ជាក់ថា៖ «ទីតាំង​សំណង់​ដែល​រដ្ឋបាល​ខេត្ដ​ឲ្យ​រុះរើ​នេះ ព្រោះ​ម្ចាស់​បាន​សង់​រំលោភ​ចូល​ដី​ចំណី​ផ្លូវ​ប្រវែង ៣,៧ ម៉ែត្រ​ និង​បាន​សង់​ឡើង​លើ​ធ្វើ​ឲ្យ​ប៉ះ​បង្គោល​ខ្សែ​អគ្គិសនី​ផងដែរ»។ «រដ្ឋបាល​ខេត្ដ​បញ្ជា​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ប្រសិន​ម្ចាស់​សំណង់​មិន​អនុវត្ត​តាម រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​ចុះ​រុះរើ​វាយក​ម្ទេច​និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ឡើយ»។

លោក​បានបង្ហាញ​ជំហរ​ថា នឹងបន្ត​បេសកកម្ម​នេះ​ដោយ​អនុវត្តទៅតាម​ច្បាប់​និង​សេចក្តី​ជូន​ដំណឹង​ទាក់​ទិន​វិស័យ​សំណង់​របស់​រាជ​រដ្ឋាភិបាល​និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ធានា​បរិស្ថាន​ល្អ និង​សុខដុម​នីយកម្ម​ជាមួយ​អ្នក​ជិត​ខាង​និង​សាធារណៈ។

លោក​បានបន្ដថា៖ «ខ្ញុំ​សំណូមពរ​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវតែ​គោរព​ទៅ​តាម​ច្បាប់​ទាំងអស់​គ្នា»។

ទាក់ទង​នឹង​ការបង្ក្រាប​សំណង់​សាងសង់​ល្មើសច្បាប់​នេះ លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​មិន​បាន​បង្ហាញ​ពី​ទិន្នន័យ​ទេ​កាល​ពី​ម្សិលមិញ​ដោយ​សំអាង​ថា​ជា​ថ្ងៃ​ដែល​មន្ដ្រី​ការិយាល័យ​សាលា​ខេត្ដ​សម្រាក ប៉ុន្ដែ​លោក​បាន​ឲ្យ​ដឹងថា កន្លង​មក អាជ្ញាធរ​បង្ក្រាប​បាន​ជា​ច្រើន​ករណី​មាន​ទាំង​ការ​បង្ខំ​ក៏មាន ដោយសារ​ម្ចាស់​សំណង់​មិន​អនុវត្ដ​តាម​កិច្ចសន្យា ។

លោក​បាន​បន្តថា៖ «សំណង់​មួយចំនួន​បាន​សាងសង់ឡើង​ខុស​បច្ចេកទេស​ និង​ស្ដង់ដារ​ច្បាប់​ដោយ​សាង​សង់​លើស​ចូល​មក​ដី​សាធារណៈ​របស់​រដ្ឋ​និង​ឆ្នេរ​សមុទ្រ។ បើ​មិន​ទប់ស្កាត់​ទេវា​នឹង​ក្លាយជា​សំណង់​អនាធិបតេយ្យ»។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​លើក​ឡើង​ថា អ្នកស្រី បាន​ឃើញ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ចុះ​ទៅ​បង្ក្រាប​សំណង់​ល្មើស​ច្បាប់​ជា​បន្ដ​បន្ទាប់​ប៉ុន្ដែ​អ្នកស្រី​ថា​មិនគួរ​បណ្ដោយ​ឲ្យ​សកម្មភាព​ខុស​ច្បាប់​បែប​នេះ​កើត​ឡើង​ដដែលៗ​នោះ​ទេ។

អ្នកស្រី​បន្តថា៖ «ភាគច្រើន​សំណង់ធំៗជា​របស់​ក្រុមហ៊ុន​របស់​ជនបរទេស​ហើយ​កន្លែង​ដែល​មាន​បញ្ហា​ភាគ​ច្រើន​គឺ​ជន​ជាតិ​ចិន​ជា​អ្នក​ម៉ៅការ​សំណង់ ។ យើង​ឃើញ​មន្ដ្រី​របស់​រដ្ឋបាល​ខេត្ដ​មួយ​ក្រុម​បាន​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ការដ្ឋាន​សំណង់​រាល់ថ្ងៃ ប៉ុន្ដែ​បើ​ចុះ​ពិនិត្យ​ឬ​បង្ក្រាប​សុំ​ឲ្យ​មន្ដ្រី​កុំ​មាន​ការ​ពុករលួយ គឺ​ត្រូវ​អនុវត្ដ​ទៅ​តាម​ច្បាប់»៕