ភ្នំពេញៈ មន្ទីរបរិស្ថានរាជធានីភ្នំពេញកាលពីម្សិលមិញបានព្រមាននឹងដាក់វិធានការពិន័យដល់ពលរដ្ឋណា ដែលទុកដាក់សំរាមមិនបានត្រឹមត្រូវទៅតាមម៉ោងដែលបានការកំណត់ដោយច្បាប់ ក្រោយពីយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញត្រូវបានបញ្ចប់។
ទោះបីជាយ៉ាណាក៏ដោយ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញមិនបានបញ្ចាក់ឲ្យបានច្បាស់លាស់ពីរយៈពេលវេលា និងឱសានវាទនៃការចាប់ផ្ដើមផាកពិន័យនោះទេ ដោយទុកពេលឲ្យក្រុមការងារបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីច្បាប់ និងការទុក ដាក់សំរាមឲ្យបានត្រឹមត្រូវមុនពេលបញ្ចេញមកទុកនៅលើទីសាធារណៈ។
លោក គាត រង្សី បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «ក្រុមការងារយើងកំពុងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានទូទាំងរាជធានីភ្នំពេញ ដើម្បីចុះណែនាំដល់ខ្នងផ្ទះប្រជាពលរដ្ឋ ចុះអប់រំតាមតំបន់ទីប្រជុំជន និងផ្សារមួយចំនួន រួមទាំងបិទសញ្ញាណែនាំនានា ជុំវិញការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ រហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់បានអនុវត្តច្បាប់ផាកពិន័យឲ្យបានតឹងរឹុងនោះទេ ដោយទុកពេលឲ្យពលរដ្ឋបានយល់ដឹងពីច្បាប់សិន»។ «កន្លងទៅ យើងមិនទាន់មានការផាកពិន័យទេ ដោយយើងគ្រាន់តែបានហៅពួកគាត់ ដែលល្មើសហ្នឹង មកធ្វើកិច្ចសន្យា អប់រំ បើពួកគាត់ នៅបន្តល្មើស ទើបយើងមានវិធានការពិន័យ តែពួកគាត់អត់ទេ ក្រោយធ្វើកិច្ចសន្យា ពួកគាត់បានកែប្រែ។ យើងនឹងមានវិធានពិន័យតាមច្បាប់របស់យើង នៅពេលដល់ពេលមួយ ដែលពលរដ្ឋយល់ដឹងអស់ ហើយការផ្សព្វផ្សាយរបស់យើងបានទូលំទូលាយជាងនេះ»។
លោក គាត រង្សី បាននិយាយថា ក្នុងមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋនៅតាមផ្ទះ ហាក់មានការយល់ដឹងបានច្រើនជាមួយនឹងការទុកដាក់សំរាម បានត្រឹមត្រូវតាមពេលវេលាកំណត់ ប៉ុន្តែនៅតែមានពលរដ្ឋមួយចំនួនតូច នៅតែបន្តបោះសំរាមចោលពាសវាលពាសកាល និងទុកដាក់សំរាមមិនបានត្រឹមត្រូវ។
យោងតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សំណល់រឹង និងសំរាមប្រមាណ ២ ៧០០ តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗនៅរាជធានីភ្នំពេញ ស្របពេលការប្រើប្រាស់ ការវេចខ្ចប់ទំនិញ និងការកែច្នៃសំរាមនៅកម្ពុជា មានកម្រិតទាបនៅឡើយ។
អ្នកស្រី ម៉េន គួន ពលរដ្ឋម្នាក់ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង នៅចំណុចគីឡូម៉ែត្រលេខ ៦ ឲ្យដឹងថា ការផាកពិន័យគឺជាការមិនសមរម្យទេ នៅពេលដែលពលរដ្ឋម្នាក់ៗគាត់មិនបានយល់អំពីច្បាប់ទាក់ទងនឹងការចូលរួមថែរក្សាបរិស្ថាននិងច្បាប់ដែលពាក់ព័ន្ធជាមួយការទុកដាក់សំរាម។
អ្នកស្រី ថ្លែងថា៖ «ខ្ញុំគិតថារាល់ថ្ងៃពលរដ្ឋមួយចំនួនអត់ទាន់យល់អីទាំងអស់ សំរាម និងសុខភាពម៉េចផង។ អ៊ីចឹងបើមានការផាកពិន័យភ្លាម សួរថា ទឹកចិត្តរបស់យើង គិតម៉េច លុះត្រាតែបង្រៀនយើងឲ្យយល់ច្បាស់មែនទែន»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត ដែលធ្លាប់ធ្វើការស្រាវជ្រាវស្តីពីអភិបាលកិច្ចទីក្រុង ការគ្រប់គ្រងកាកសំណល់នៅក្នុងរាជធានីភ្នំពេញបានអះអាងពីម្សិលមិញថា ទំនាក់ទំនងរវាងអាជ្ញាធរ និងពលរដ្ឋមូលដ្ឋាននៅមានគម្លាតគ្នាឆ្ងាយ ដែលហាក់មិនសូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ ជុំវិញបញ្ហាសំរាម។
លោកអះអាងបន្តថា ច្បាប់មានយូរហើយ អាជ្ញាធរ គួរតែមានពេលវេលាកំណត់ និងផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ មិនគួរណា ពន្យារពេលយូរ ហើយចំណេះដឹងរបស់ប្រជាពលរដ្ឋ នៅមិនយល់ពីបញ្ហានេះនោះទេ ហើយនៅពេលមានការផាកពិន័យ វានឹងមានការពិបាក។
លោកថ្លែងថា៖ «វិធានការផាកពិន័យ គឺជាវិធានមានប្រសិទ្ធភាពមួយ ដើម្បីទប់ស្កាត់ ការទុកដាក់សំរាមមិនបានត្រឹមត្រូវ តែមុននឹងអនុវត្ត គឺត្រូវការពេលវេលាក្នុងការផ្សព្វផ្សាយ និងចុះអប់រំដល់ពលរដ្ឋ ឲ្យបានយល់ពីច្បាប់នេះឲ្យបានច្បាស់។ ប៉ុន្តែមិនមែនបានន័យថា ត្រូវតែពន្យារពេលយូរ និងមិនមានការកំណត់ច្បាស់លាស់នោះទេ»។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មាត្រា ៤០ បានចែងថា បុគ្គលដែលនាំយកកញ្ចប់ ឬធុងផ្ទុកសំរាម សំណល់រឹងទីប្រជុំជន ទៅដាក់នៅតាមដងផ្លូវ ឬទីសាធារណៈខុសពេលម៉ោងអនុញ្ញាតឲ្យធ្វើការបញ្ចេញ ដែលកំណត់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ត្រូវទទួលពិន័យអន្តរការជាប្រាក់ចាប់ពី ២ ម៉ឺនរៀល ទៅ ៤ សែនរៀល៕