មណ្ឌលគីរីៈ រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាន​សហការ​គ្នា​ចំណាយពេល​ ២ ​ថ្ងៃ​ ក្នុង​ការបោះបង្គោល​ថ្ម​ចំនួន​ ៥៣ ​បង្គោល​ នៅ​ជុំវិញ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ការពារ​ភ្នំ​នេះ​កុំឲ្យ​មាន​ការរំលោភ​យក​តទៅ​ទៀត​។ ប៉ុន្តែ​សហគមន៍​ជនជាតិ​ដើម​អះអាង​ថា​ការបោះបង្គោល​នោះ​គឺ​មិន​បាន​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​នាយករដ្ឋមន្ត្រី​ដែល​ប្រកាស​ឱ្យ​ដកហូត​យក​ដី​របស់​ភ្នំ​ដោះ​ក្រមុំ​ទាំងអស់​ដែល​ត្រូវគេ​រំលោភ ទុក​ធ្វើ​ជា​របស់​រដ្ឋ​វិញ​ឡើយ​។

លោក គ្រើង តុលា លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​ដែនដី​ខេត្ត​បាន​ចុះទៅ​បោះបង្គោល​ដើម្បី​កំណត់​ទីតាំង​ភ្នំ​ដោះ​ក្រមុំ​ដែល​ត្រូវ​រដ្ឋាភិបាល​បង្កើត​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិភាគតិច​។

ប៉ុន្តែ​លោក​ថា​ខាង​សហគមន៍​ចំនួន​ ២០ ​នាក់ និង​តំណាង​ពី​ក្រសួង​វប្បធម៌​ដែល​ចុះទៅ​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ការបោះបង្គោល​នោះ​គឺ​បាន​ជំទាស់ និង​ដើរ​ចេញ​ពី​កន្លែង​បោះបង្គោល​វិញ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា ការបោះ​បង្គោល​របស់​រដ្ឋបាលខេត្ត និង​មន្ទីរ​ដែនដី​នេះ​គឺ​នៅតែ​ធ្វើឱ្យ​បាត់បង់​ដី​របស់​ភ្នំ​ដោះ​ក្រមុំ​ដដែល និង​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នោះ​ទេ​។

លោក​ថា​៖ «​ការចុច (GPS) បោះបង្គោល​ហ្នឹង​គឺ​មាន​តែ​ ៨៥ ​ហិកតា​ជាង​ទេ​។ ប៉ុន្តែ​លិខិត​ដែល​យើង​ដាក់​ទៅ​សម្ដេច​រួចហើយ​ហ្នឹង គឺថា​យើង​យកតាម ស.ជ.ណ របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០០២ ​ជា​គោល​គឺ​ភ្នំ​ដោះ​ក្រមុំ​មាន​ទំហំ​ ១០២ ​ហិកតា​។ បើ​ធ្វើតាម​ហ្នឹង​គឺជា​ការ​អនុវត្តតាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​»​។

លោក គ្រើង តុលា បញ្ជាក់​ថា​ការបោះបង្គោល​នេះ​គឺ​មិនបាន​រាប់បញ្ចូល​ទាំង​ដី​ដែល​ត្រូវ​រំលោភ​យក​ដោយ​ប្រជាពលរដ្ឋ​ចំនួន​ ៨៦ ​គ្រួសារ​នៅលើ​ភ្នំ​ដោះក្រមុំ​ឡើយ ហើយ​ក៏​មិនបាន​បូក​បញ្ចូល​ដី​ដែល​រដ្ឋបាលខេត្ត​សម្រេច​ដក​មកវិញ ក្រោយពី​បដិសេធ​ឈប់​ឱ្យ​មាន​ការកាត់​ដី​នៅលើ​ភ្នំ​ដោះ​ក្រមុំ​ឱ្យ​ក្រសួង​ចំនួន​ ៣ គឺ​ក្រសួង​ធនធានទឹក ក្រសួង​រ៉ែ និង​ក្រសួង​ឧស្សាហកម្ម​សម្រាប់​បង្កើត​ការិយាល័យ​របស់​ក្រសួង​ទាំង​នោះដែរ​។

លោក តុលា អះអាង​ថា​នៅពេល​បច្ចុប្បន្ននេះ ខាង​សហគមន៍​កំពុង​រៀបចំ​ធ្វើលិខិត​ដាក់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ឱ្យមាន​កិច្ចអន្តរាគមន៍​ដកហូត​ដីភ្នំ​ដោះ​ក្រមុំ​ទាំង​ ១០២ ​ហិកតា​​ត្រឡប់​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​។

លោក ឈឹម កាន អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ការបោះបង្គោល​ដើម្បី​កំណត់​ទីតាំង​ព្រំប្រទល់​របស់​ភ្នំ​ដោះ​ក្រមុំ​ដែល​មាន​ ៥៣ បង្គោល​លើ​ទំហំ​ផ្ទៃដី​សរុប​ជាង​ ៨៥ ​ហិកតា គឺ​ធ្វើ​ឡើង​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៥ ​ដល់​ថ្ងៃទី​ ៦ ​ខែធ្នូ​។ ការបោះបង្គោល​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​មានការ​ឯកភាព​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​មួយ និង​លិខិត​សម្រេច​របស់​ក្រសួង​ដែនដី​មួយទៀត ដែល​ឱ្យ​ចុះបញ្ជី​ចំពោះ​តំបន់​ដែល​មាន​សុវត្ថិភាព​ជាមុន ហើយ​លោក​ថា​ចំពោះ​ដី​ដែល​នៅមាន​ជម្លោះ​នៅឡើយ គឺ​ត្រូវ​ទុក​ដើម្បី​ពិភាក្សា​គ្នា​ដោះស្រាយ​នៅពេល​ក្រោយ​ទៀត​។

ការបោះបង្គោល​នេះ គឺជា​ដំណើរការ​មួយ​ក្នុង​ការឈាន​ទៅ​ចុះបញ្ជី​ដី​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​តាម​ការស្នើសុំ​របស់​ក្រសួង​វប្បធម៌ ហើយ​តាម​នីតិវិធី​ក្នុង​ដំណាក់កាល​ចុះបញ្ជី​ខាង​ខេត្ត​ក៏​នឹង​រង់ចាំ​ទទួល​បាន​បណ្ដឹងតវ៉ា​ពី​ខាង​ប្រជាពលរដ្ឋ​ដែរ​។

លោក​ថា​៖ «​ជំហាន​ដំបូង​យើង​បោះបង្គោល​សិន​ដើម្បី​ស្នើសុំ​ចុះបញ្ជី​»​។

លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​ដែនដី​ខេត្តមណ្ឌលគិរី​បានលើកឡើង​ដែរ​ថា ដី​ដែល​បម្រុង​ឱ្យ​ក្រសួង​ចំនួន​ ៣ ​សម្រាប់​បង្កើត​ការិយាល័យ​នោះ​គឺ​ត្រូវ​ដកហូត​មកវិញហើយ​។ រីឯ​ការបោះបង្គោល​ដើម្បី​រៀបចំ​ចុះបញ្ជី​នៅពេល​នេះ​គឺ​ដើម្បី​កុំឱ្យ​មាន​ការរំលោភ​ទន្ទ្រាន​យក​ដី​លើ​ភ្នំ​ដោះក្រមុំ​បន្ថែមទៀត ហើយ​មិនមែន​មានន័យថា ឈប់​ដោះស្រាយ​ដើម្បី​ដកហូត​យក​ដី​ដែល​ត្រូវ​បាន​គេ​រំលោភ​យក​នាពេល​កន្លងមក​ឡើយ​។

លោក​ថា​៖ «​យើង​មិនទាន់​បាន​ដោះស្រាយ​ចប់សព្វគ្រប់​ទេ ហើយ​ដូច​ជម្រាប​អ៊ីចឹង យើង​បោះ​បង្គោលព្រំ​វាស់វែង​ចុះបញ្ជី​កន្លែង​ដែល​យើង​គិតថា​មាន​សុវត្ថិភាព គឺ​ចុះបញ្ជី​ប៉ុណ្ណឹង​សិន ព្រោះ​ខ្លាច​ត្រូវ​បាន​រំលោភ​បន្ថែមទៀត​»​។

លោក គ្រើង តុលា បាន​ឲ្យ​ដឹងថា តាម ស.ជ.ណ ឆ្នាំ​ ២០០២ ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​គឺ​មាន​ចំនួន​​ ១០២ ​ហិកតា ប៉ុន្តែ​ក្រោយមក​ដីភ្នំ​នេះ​ត្រូវបាន​គេ​ទន្ទ្រាន​យក​អស់​ចំនួន​នៅសល់​តែ​ ៩១ ​ហិកតា​កាលពី​ឆ្នាំ​ ២០០៩ ​ដោយសារតែ​អតីត​អភិបាលខេត្ត​ចាស់​ខ្វះ​ការយកចិត្ត​ទុកដាក់​។ លុះ​នៅពេល​នេះ​គឺ​នៅសល់​តែ​ជាង​ ៨៥ ​ហិកតា​។

លោក អ៊ាង ម៉េងលី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហាដីធ្លី​នៅលើ​ភ្នំ​ដោះក្រមុំ​ឱ្យ​ចប់សព្វគ្រប់​ជាមុនសិន មុន​មាន​ការ​បោះបង្គោល​ចុះបញ្ជី​បែបនេះ ដើម្បី​ចៀសវាង​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ដី​រដ្ឋ​។

លោក​ថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា ការដោះស្រាយ​ដី​នៅលើ​ភ្នំ​ដោះ​ក្រមុំ​មាន​ការអូសបន្លាយ​វែងឆ្ងាយ​ (​អាជ្ញាធរ​) ​គួរតែ​អនុវត្ត​វិធានការ​តាម​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ឱ្យ​ឆាប់​ចប់សព្វគ្រប់​»៕