ព្រះសីហនុៈ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ បាន​ព្រមាន​ចាត់​​វិធាន​ការរុះ​រើនិង​បិទ​ទីតាំង​អា​ជីវកម្ម​ជា​បណ្ដោះសន្ន ចំពោះ​​ម្ចាស់​​​គ្រឹះស្ថាន​ សិប្ប​កម្ម និ​ង​អាជីវ​កម្ម​ទាំង​ឡាយ​ណា ដែល​ប​ន្ត​ប្រើប្រាស់​ស្លាក​ពាណិជ្ជ​កម្ម ដែល​ផ្ទុយ​ពីគោល​ការណ៍​ណែ​នាំ​ ខណៈ​ដែល​បច្ចុប្បន្ន​ខេត្ត​ជាប់​មា​​ត់​សមុទ្រ​មួយ​នេះមាន​ជន​ បរទេស​ប្រមាណ​ជាង​ ៧​ ម៉ឺន​នា​ក់​ កំពុង​ស្នាក់​នៅ ​ប្រកប​មុខ​របរ​និង​ធ្វើការ​ងារ​ផ្សេងៗ​ ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជនជាតិ​ចិន។

លោក​ ឃាង ភារម្យ អ្នក​នាំ​​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃ​ចន្ទ​​ថា ចាប់​ពីថ្ងៃ​នេះ​តទៅ រា​ល់​ស្លា​ក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​អ​ស់​ ដែល​ធ្វើ​ឡើង​ខុស​ពី​បទ​ដ្ឋាន​បច្ចេក​ទេសដូច​ជាការ​ប្រើ​ពាក្យ​ពេចន៍ខុសឆ្គង សរសេរ​ខុស​អក្ខ​រា​វិរុទ្ធ ឬ​សរសេរ​តែភាសា​បរទេសមិន​មាន​ភាសាខ្មែរ មិន​​ត្រឹម​តែ​ត្រូវ​កាត់​ទម្លាក់​ទេ ប៉ុន្តែទី​តាំង​គ្រឹះ​ស្ថាន ​អាជីវកម្ម និងសិប្ប​កម្ម​ទាំង​នោះ អាច​នឹង​ត្រូវ​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ ​បើ​រកឃើញ​ថា​ ម្ចាស់​ទីតាំង​មិន​មាន​ការ​កែ​ប្រែក្រោយ​ពី​មាន​​ការអប់រំ​ណែនាំ​ម្ដង​ ឬ​ ២ ​ដង​ពី​មន្ត្រី​ជំនាញ។

លោក​ថ្លែង​ថា​៖ «​កន្លង​មក​យើង​​បាន​ធ្វើ​ការ​អប់​រំណែនាំ​ឲ្យ​ម្ចាស់​គ្រឹះ​ស្ថាន​ អាជីវកម្ម សិប្ប​កម្មទាំង​អស់​ធ្វើ​ការកែ​តម្រូវ អក្ខរា​វិរុទ្ធ និង​ខ្លឹម​សារនៅ​លើ​ស្លាក​ផ្សព្វ​ផ្សា​យ​​ពាណិជ្ជ​កម្ម​របស់​ពួក​គេ​ឲ្យ​បាន​ត្រឹម​ត្រូវ ប៉ុន្តែ​ពេល​នេះ យើង​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល​​តឹង​រុឹងបំផុត ដោយ​បិទ​ការ​ធ្វើ​ពា​​ណិជ្ជ​កម្មរហូត​ដល់​ម្ចាស់​ទីតាំ​ង​ទាំង​នោះ ​បាន​ធ្វើ​ការកែ​តម្រូវ ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​គតិយុត្ត ដែល​មាន​ជា​ធរមាន»។

លោក​ថា​៖ «​ចំពោះ​ម្ចា​​ស់​​អាជីវ​កម្ម ជាជន​បរទេសមិន​ត្រឹម​តែ​ប្រឈម​ការ​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន​​ទេ ថែម​ទាំង​អាច​នឹង​ត្រូវ​ឃាត់​ខ្លួន ​យក​មក​អប់រំ​ណែនាំ​ នៅ​អធិកា​រ​​ដ្ឋាន​ ឬស្នងការ​ដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​ផង​ដែរក្នុង​ករ​ណី​រកឃើ​ញ​ថា​ ពួក​គេ​គ្មាន​ឯក​សា​​រ​បញ្ជាក់​អំពី​ភាព​ស្រប​ច្បាប់​ដើ​ម្បី​បើកអា​ជីវកម្ម​នៅ​កម្ពុជា»។

បើតាម​​លោកភារម្យការ​ព្រ​មា​​​ន​អំពី​ចំណាត់ការដ៏​តឹង​រឹុង​នេះ គឺជាវិ​ធានការ​ថ្មី​មួយ​ទៀតរប​ស់​លោក​ គួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ការ​គ្រប់​គ្រង​រដ្ឋបាលសាធារណៈ និងការគ្រប់​គ្រង​កា​រ​ធ្វើ​ពាណិ​ជ្ជកម្ម អាជី​វម្មរបស់​ពលរដ្ឋ ក៏ដូច​ជា​ការ​គ្រប់គ្រង​ស្ថិតិ​ជន​អន្តោប្រវេសន៍។

កន្លង​មកក្រុម​សមត្ថ​កិច្ច​ជំនា​ញ​បាន​ត្រួ​ត​ពិនិត្យ​រក​ឃើញមាន​ស្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​រា​ប់​រយ​បា​​ន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មិន​សម​ស្រប ឬមាន​ខ្លឹម​សារ​អសុរោះ​ដូច​ជា «តូប​លក់​សាច់​កម្ពុជា, កំពូឡ​ឆ្នេរ​ហាង​លក់​នាយក​ដ្ឋាន,» និង​មាន​ស្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ជាច្រើន​ទៀតដែល​សរសេរ​អក្សរ​បញ្រ្ចា​ស​​ជើង ខុសអក្ខរាវិរុទ្ធ ឬសរសេរ​​​តែ​ភាសា​បរទេស គ្មាន​ភាសា​ខ្មែរ។

ភាព​ខុស​ឆ្គង​ទាំង​នេះ គឺ​ដោយ​សារ​តែម្ចាស់​អាជីវកម្ម​ជាជន​បរទេស​ទាំង​នោះ បាន​បោះពុម្ព​ស្លាក​ពាណិជ្ជកម្ម ដោ​យ​​ខ្លួន​ឯង និង​ពឹង​ផ្អែក​ការ​បក​ប្រែ​តាម Google Translate ហើ​យ​ភាគ​ច្រើននៃ​អាជីវកម្ម​របស់​ពួក​គេគឺ​គ្មាន​ច្បាប់​អនុញ្ញាត។

លោក ដេត ណូ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈខេត្ត​ព្រះសីហនុ ​ថ្លែង​ថា នៅ​ពេល​នេះក្រុមការ​ងារ​របស់​លោក កំពុង​បន្ត​ចុះ​ត្រួត​ពិនិត្យ​នៅ​គ្រប់​​ទី​ប្រជុំ​ជននៃ​បណ្ដា​ស្រុក ក្រុង ទូទាំង​ខេត្ត​ព្រះសី​ហនុ ដើម្បី​រុះ​រើ និង​អប់​រំណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ ធ្វើ​ការ​កែ​សម្រួល​ឡើង​វិញ។

លោក​បន្ត​ថា ក្នុង​រយៈ​ពេល​ ៧ ​ខែ​កន្លង​មក​នេះ ក្រុម​ការ​ងារ​របស់​លោក​បានរុះរើ​ ស្លាក​ផ្សព្វ​​ផ្សាយ​ពាណិជ្ជកម្មធំ តូច និង​មធ្យម​ដែល​ខុស​បទ​ដ្ឋាន​បច្ចេ​ក​​ទេស និងបទ​ដ្ឋាន​គតិ​យុត្តនៃ​កម្ពុជា​សរុប​ចំនួន ៤៥០ ផ្ទាំង និងបាន​ប្រកាស​បិទជា​បណ្ដោះ​​​អាសន្ន ទីតាំង​បោះ​ពុម្ពស្លាក​ពាណិជ្ជ​កម្ម​ខុស​ច្បាប់​ចំនួន​ ២ ​ទីតាំង​ផង​ដែរ ដោយ​បាន​ធ្វើ​​ការ​អប់​រំណែនាំ​ឲ្យ​ម្ចាស់​ទី​តាំង​ទាំង​នោះ ធ្វើ​ការ​កែ​តម្រូវ និង​សុំច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម។

លោក​​បន្ត​ថា៖ ​«ស្លាក​ពាណិ​ជ្ជ​​កម្ម​ដែល​មាន​លក្ខណៈ​ខុស​ឆ្គង​ទាំង​នោះ​ភាគ​ច្រើន​ជា​របស់​ពាណិជ្ជករ​ជនជាតិ​ចិន»។

ខេត្ត​ព្រះសីហនុ នា​ពេល​បច្ចុប្បន្ន មាន​ជន​បរទេស​ ៦១ ​សញ្ជាតិ មាន​ចំនួន​សរុប​ជាង​ ៧ ម៉ឺន​នាក់​ កំពុង​ស្នាក់​នៅ​និង​បម្រើ​ការងារ ព្រមទាំង​បើក​អាជីវកម្ម​ប្រកប​មុខ​របរ​ផ្សេង​ៗ​។ ក្នុង​នោះ​ជន​ជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាងគេលើស​លប់​បន្ទាប់​មក​គឺ​ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និ​ង​ហ្វីលីពីន។ នេះ​បើ​យោង​តាម ​លោក ជួន ណារិន្ទ ស្នង​ការ​នគរបាល​ខេត្ត​ព្រះសីហនុ។

លោក ជួន ណារិន្ទ បញ្ជាក់​ថា៖ «យោង​តាម​ការ​ចុះ​ធ្វើ​បញ្ជី​បច្ចុប្ប​ន្នភាព​នា​ពេលថ្មីៗ​នេះ ជន​អន្តោ​ប្រវេសន៍​ ដែល​កំពុង​ស្នាក់​នៅ​និង​បំពេញ​ការងារ​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ យើង​មាន​ជាង​ ៤ ម៉ឺន​នាក់ ប៉ុន្តែ​ បើគិត​ពីសម្ទុះ​នៃការ​ស្នាក់​នៅ ​និង​បំពេញ​ការងារ​ចល័ត ភ្នំពេញ ក្រុង​ព្រះ​សីហនុ និង​ខេត្ត​ផ្សេង​ទៀត គឺ​មាន​ជាង ៧ ម៉ឺន​នាក់»៕