ភ្នំពេញៈ លោក ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​ស្នើ​ជាថ្មី​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​នៅលើ​ប្រឡាយ​បឹង​ត្របែក​ត្រូវ​រំកិល​ផ្ទះ​ចេញជា​បណ្តោះអាសន្ន ​ដើម្បី​ធ្វើការ​ស្តារ​ប្រឡាយ និង​បុក​ស៊ី​ផាយ​ស្ថាបនា​ប្រឡាយ​ឡើងវិញ​ ដែលជា​ប្រយោជន៍​សម្រាប់​ទប់ស្កាត់​ជំនន់​ទឹកភ្លៀង​លិច​ទីក្រុង។

ការប្រកាស​ជាថ្មី​នេះ ​បាន​ធ្វើឡើង​អំឡុងពេល ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​បឹង​ត្របែក ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអង្គារ។ លោក​អភិបាល ​ជំរុញ​ការស្ថាបនា​ជញ្ជាំង​បេតុង​សងខាង​ប្រឡាយ ​ដែល​នៅ​សេសសល់​ប្រមាណ ៥០% ​ទៀតឲ្យ​បាន​រួចរាល់ ​និង​ជំរុញឲ្យ​ធ្វើ​ការស្ដារ​ភក់​សំរាម ​ចេញពី​ប្រឡាយ​ដើម្បីឱ្យ​ទឹក​ហូរ​បាន​លឿន​ទៅ​ស្ថានីយ​បូមទឹក​បឹង​ត្របែក ​និង​បញ្ចៀស​ការ​ជន់​លិច​ក្នុង​តំបន់​នោះ​នា​រដូវវស្សា​នេះ។

លោក​ ឃួង ស្រេង ថ្លែងថា​ ដោយសារតែ​ឥឡូវនេះ​ មនុស្ស​នៅក្នុង​ទី​ក្រុង​ភ្នំពេញ​កាន់តែ​ច្រើន ​ឯ​ប្រឡាយ​នេះ ​នៅ​ដដែល​ ហើយ​ការរំដោះ​ទឹក​ចេញពី​រាជធានី ​មិនទាន់​សភាព​ការណ៍ ​ទើប​លោក​ជំរុញ​ឲ្យ​មានការ​ជួសជុល ​ស្តារ​ឡើងវិញ។ ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រព័ន្ធ​ប្រឡាយ​នេះ​ប្រទាក់​ក្រឡា​គ្នា​ ហូរ​មក​ស្ថា​នីយ​នេះ​តែមួយ ​ដែល​អាចមាន​សមត្ថភាព​បូមទឹក​បាន​លឿន។

លោក​បញ្ជាក់ថា​៖ «ឥឡូវនេះ ​ដូច​អស់លោក​បាន​ឃើញ​នឹង​ភ្នែក​ស្រាប់​ហើយ ស្ថា​នីយ​បឹង​ត្របែក​របស់​យើង​នេះ ដំឡើង​ម៉ូ​ទ័រ​បូមទឹក​ ១១ គ្រឿង។ ​ប៉ុន្តែ​យើង​នៅ​បញ្ហា​មួយ​ដែល​មក​ពិនិត្យ​ថ្ងៃនេះ​ហ្នឹង គឺ​បញ្ហា​ប្រឡាយ​យើង​មាន​បងប្អូន​គាត់​មក​រស់​នៅលើ​ប្រឡាយ ដែល​យើង​ត្រូវ​ការបុក​ស៊ី​ផាយ ធ្វើយ៉ាងណា​ឲ្យ​ប្រឡាយ​របស់​យើងកាយ​ដី​ឲ្យ​អស់ពី​ប្រឡាយ»។

បើតាម​លោក ឃួង ស្រេង ​បច្ចុប្បន្ន ​អាជ្ញាធរ​ទើបតែ​ធ្វើ​ការ​កាយ​ដីមមោក​ពី​ប្រឡាយ​ប្រមូល បាន​ ៦ ពាន់​ម៉ែត្រ​គុប​ប៉ុណ្ណោះ ​ខណៈ​ដី​ប្រភេទ​នេះ​ អាចមាន​ប្រហែល ​៤ ទៅ ៥ ម៉ឺន​ម៉ែត្រ​គុប​ទៀត​នៅក្នុង​ប្រឡាយ​ ដែល​តម្រូវ​ឲ្យ​មានការ​ប្រមូល​យក​ចេញ។ ​អ្នកជំនាញត្រូវតែ​វាយ​តម្លៃ​ឲ្យ​បាន​ស៊ីជម្រៅ ​និង​ទាន់​សភាព​ការ​ណ៍ក្នុង​ការស្តារ ​និង​ជួសជុល​ប្រឡាយ​នេះ។

លោក​ ម៉េត មាស​ភក្តី​ អ្នក​នាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ ការ ប្រកាស​នៅ​ពេល​នេះ​ គឺជា​ការជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ ​ដែល​កំពុង​រស់នៅ​ជាប់​ប្រឡាយ​បឹង​ត្របែក ​ដែលអាច​នឹង​ប៉ះពាល់​នៅ​ពេល​អាជ្ញាធរ​ចាប់ផ្តើម​ជួសជុល ​និង​ស្តារ​ប្រឡាយ​នេះ។ លោកបន្តថា ​ដោយសារ​មន្ត្រី​ជំនាញ​ទើប តែ​ចាប់ផ្តើម​សិក្សា ​ដូច្នេះ​ចំនួន​តួ​​លេខ​នៃ​ផលប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់នេះ ​នៅ​មិន​ទាន់​មាន​នោះ​ទេ។

លោក​បញ្ជាក់ថា​៖ «​យើង​ប្រ​កាស​នៅពេលនេះ ​ដើម្បី​ធ្វើ​ទាំង​ព្រម​ ដោយឲ្យ​ប្រជា​ពលរដ្ឋ​បានដឹងថា​ផ្ទះ​គាត់​ប៉ះ​មិន​ប៉ះ។ បើ​ប៉ះពាល់​គួរតែ​ត្រៀមខ្លួន​ឯង​ឲ្យ​​ហើយក្នុងការ​រៀបចំ​បង្កល​ក្ខណៈ​ចូលរួម​ជាមួយ​អាជ្ញាធរ។ ដោយ​សារ​តែ​ការ​ងារនេះ​ កំពុង​សិក្សា​វាយតម្លៃ ​ដូច្នេះ​យើង​មិនទាន់​អាច​បញ្ជាក់​បានទេ​ ដោយ​យើង​កំពុង​ផ្សព្វផ្សាយ ​និង​រៀប​ចំ​ឲ្យ​បង​ប្អូន​យើង ​ដែល​កំពុង​នៅ​មាត់​ប្រឡាយ ​ត្រៀម​ខ្លួន​ឲ្យ​ហើយ»។

លោក​ ថេង សុ​ថុល ​អភិបាល​ខណ្ឌ​ចំការមន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃអង្គារ​ថា​ កន្លងទៅ​គម្រោង​ការស្តារ​ប្រឡាយ​នេះ​ បាន​ផ្អាកដោយសារតែ​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ។ ដូច្នេះ​នៅពេល​នេះ​គួរតែ​ដល់​ពេលដែល​គម្រោង​ត្រូវ​បន្ត​ហើយ។ លោក​ស្នើឲ្យ​ប្រជា​ពលរដ្ឋ​ទាំងអស់ដែលរង​ផល​ប៉ះពាល់​ចូលរួម​សហការក្នុងការ​រំកិល​ផ្ទះ​ចេញពី​ប្រឡាយ​។

លោក​បញ្ជាក់ថា​៖ «ប្រជា​ពល​រដ្ឋ​កាលពី​កន្លងមក ​ដែល​យើង​បានប្រកាស ​គឺមាន​ការឯកភាព​ច្រើន​ជាមួយនឹង​ការស្នើ​នេះ។ ក៏​ប៉ុន្តែ​យើង​កំពុង​បន្ត​យុទ្ធ​នាការ​នេះ​បន្តទៀត ​គឺជា​ការបន្ត​សកម្ម​ភាព​ចាស់​ ដើម្បី​ស្តារ​ឲ្យ​បានល្អ​ប្រសើរ​ ដោយ​ប្រជាពលរដ្ឋ​រំកិល​ផ្ទះ។ ឧបមា​ថា ​រំកិល​ពី​កន្លែង​ប៉ះពាល់​ហ្នឹងឲ្យ​ផុត ដើម្បី​អាច​យក​គ្រឿង​ចក្រ​ទៅ​កាយ​បន្ត​ទៀត។ ដូច្នេះ​ការ​រំកិល​ផ្ទះ​ចេញពី​ប្រឡាយ​នេះ​ គឺ​មិនមាន​ការផ្លាស់ប្តូរ​ទៅណា​ទេ។ ព្រោះ​អី​ពេល​រំកិល​ផុតពី​កន្លែង​ហ្នឹង​ ពេល ​(បញ្ចប់​ការ​ដ្ឋាន)​ ហើយ​ គឺ​ឲ្យ​គាត់​មក​ទីតាំង​ចាស់​វិញ​ដដែល​ទេ​ ហើយ​ថែម​ទាំង​យើង​ជួយ​សម្រប​សម្រួល​ជាថ​វិកា​ប្រមាណ ២០ ម៉ឺន[រៀល]​ ក្នុង​ ១ ​គ្រួសារ​ទៀត​ផង»។

លោក​ សឿង សារ៉ន ​នាយក​ប្រតិបត្តិ​ស្ដីទី​នៃ​សមាគម​ធាង​ត្នោត​ ដែល​ធ្វើការ​ចងក្រង​សហ​គមន៍​ក្នុង​តំបន់​នេះ​ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ថ្ងៃអង្គារថា ​ការ​ដែល​មាន​ប្រជាពលរដ្ឋ​​ស្ទាក់ស្ទើរ​ក្នុងការ​រំកិល ឬ​រើ​លំនៅឋាន​របស់​ខ្លួន​នោះ​ ព្រោះ​តែ​ពួកគេ​ បារម្ភ ​និង​មិនទាន់​មាន​ទំនុក​ចិត្ត ​ដោយសារតែ​អាជ្ញាធរ ​ហាក់​មិនបាន​បង្ហាញ​ភាពជាក់លាក់ ​ឬ​ប្រកាស​ជាលា​យលក្ខណ៍អក្សរ​នោះ​ទេ។ លោក​ថា​ ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​​តំបន់​នេះ គឺសុទ្ធតែ​ពេញ​ចិត្តនឹង​ការអភិវឌ្ឍ​ ជាពិសេស​ការ​កែលម្អ​ប្រឡាយ​ឲ្យ​មាន​សោ​ភណភាព និង​អាចជា​ប្រព័ន្ធ​រំដោះទឹក​​ដ៏​មាន​ប្រ​សិ​ទ្ធភាព​។

លោក​បញ្ជាក់ថា​៖ «ការស្តារ​ប្រឡាយ​ជា​ផ្នែក​មួយ​នៃ​ការ​រំដោះ​ ទឹក​ចេញពី​រាជធានី ​ប៉ុន្តែ​អ្វី ដែល​ត្រូវ​គិត​មែនទែន​ ដូចជា​តំបន់​នៅក្នុង​បឹងទំពុន​ហ្នឹង ​ចាប់​ផ្តើម​រួម​តូច​បន្តិចម្តងៗ ​តាមរយៈ​ការផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឬ​ឯកជន។ ដូច្នេះ​បញ្ហា​ និង​ដំណោះស្រាយ នៅតែ​មាន​នៅពេល​មានការ​ជជែក​ បើកចំហ ​រវាង​អ្នកពាក់ព័ន្ធ ​ដើម្បី​រក​ដំណោះស្រាយ ​និង​ចំណុច​យល់​ស្រប​គ្នា​ ចៀសវាង​មាន​ពាក្យ​ ច​ចាម​អារ៉ាម​ផ្សេងៗ។ ដូច្នេះ​លើក​ ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ​និង​ប្រជាពលរដ្ឋ​ហ្នឹង​ យក​បញ្ហា​មក​ដា​ក់លើ​តុ ​ដើម្បី​ចរចា»៕