
លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់។ ហ្វេសប៊ុក
ពោធិ៍សាត់ៈ មន្ត្រីព្រំដែនខេត្តពោធិ៍សាត់ បានទាក់ទងទៅអាជ្ញាធរថៃដើម្បីសុំយកសពយុវជនម្នាក់មកធ្វើបុណ្យនៅស្រុកកំណើត បន្ទាប់ពីត្រូវបានទាហានថៃបាញ់ស្លាប់កាលពីថ្ងៃទី ២៤ ខែ មេសា ពាក់ព័ន្ធនឹងករណីលួចចូលកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ប៉ុន្តែថៃមិនទាន់ឆ្លើយតបនៅឡើយទេ។
លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា លោកបានបញ្ជាឱ្យអភិបាលស្រុកវាលវែង និងមន្ត្រីប្រចាំព្រំដែនទាក់ទងទៅភាគីថៃរួចហើយ ដើម្បីសុំយកសពយុវជនឈ្មោះ ម៉ៅ មុំ មកជូនសាច់ញាតិធ្វើបុណ្យ នៅស្រុកកំណើត ក្នុងភូមិព្រែក ២ ឃុំសំរោង ស្រុកភ្នំក្រវាញ។
លោកថា៖ «ការងារនេះ ខ្ញុំបានប្រាប់ទៅអាជ្ញាធរយើងគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសគឺអាជ្ញាធរស្រុកយើងជាប់នឹងព្រំប្រទល់ យើងបានធ្វើការរួចហើយនៅឡើយតែសាកសពកូនក្មួយមកដល់ព្រំដែន យើងនឹងយកមកលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ»។
កាលពីថ្ងៃពុធសប្ដាហ៍មុន ទាហានថៃបានបាញ់លើយុវជនខ្មែរម្នាក់ឈ្មោះ ម៉ៅ មុំ អាយុ ២៦ ឆ្នាំ បណ្ដាលឲ្យស្លាប់ រីឯយុវជនម្នាក់ទៀតឈ្មោះ អាត វិត អាយុ ២៤ ឆ្នាំ បានរងរបួសធ្ងន់ ខណៈពួកគេលួចឆ្លងដែនចូលដីថៃដើម្បីកាប់ឈើគ្រញូង។
អ្នកទាំង ២ រស់នៅក្នុងភូមិព្រែក ២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
អភិបាលស្រុកវាលវែង លោក ហេង សុភាណា បានប្រាប់ដែរថា ខាងលោក បានស្នើសុំយកតែសពអ្នកស្លាប់ទេ រីឯអ្នករបួសត្រូវបន្តសម្រាកព្យាបាលនៅថៃ។ ប៉ុន្តែលោកបានបញ្ជាក់ថា អាជ្ញាធរថៃមិនទាន់ឆ្លើយតបថានឹងប្រគល់សពនៅពេលណាឡើយ។
លោកថា៖ «និយាយឱ្យចំទៅនេះគឺជាកិច្ចការបស់ខាងថៃហើយយើងបានព្យាយាម ហើយទាក់ទងនឹងរឿងហ្នឹង មួយថ្ងៃ ៤-៥ ដង ឯណោះ»។
លោក ណាត សុខុម ឪពុកមារបស់អ្នកស្លាប់បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា យុវជន ម៉ៅ មុំ មានបងប្អូនប្រុស-ស្រី ៦ នាក់ តែ ៤ នាក់ រួមទាំងឪពុកផងបានស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺច្រើនឆ្នាំមកហើយដោយទុកឱ្យម្ដាយ អាយុ ៥៩ ឆ្នាំ ក្លាយជាស្ដ្រីម៉េមាយ និងកំពុងរស់នៅជាមួយចៅអាយុ ៧ ឆ្នាំម្នាក់។
លោកថា៖ «សព្វថ្ងៃម្ដាយជនរងគ្រោះ កំពុងរស់នៅក្នុងខ្ទមប្រក់ស្បូវតូចមួយជាមួយចៅ ព្រោះកូនស្រីដែលនៅសល់ម្នាក់ត្រូវចេញទៅនៅជាមួយប្ដី។ និយាយឱ្យត្រង់ទៅគឺមានជីវភាពក្រណាស់ ម្ដាយដើរស៊ីឈ្នួលតាមចម្ការដំឡូងមី ដែលក្នុង ១ ថ្ងៃ អាចរកប្រាក់បានពី ១ ម៉ឺនទៅ ១ ម៉ឺន ២ ពាន់រៀល»។
អ្នកស្រី ម៉ៅ ណាត ត្រូវជាបងស្រីសពបង្កើត បានប្រាប់ថា ប្អូនប្រុសអ្នកស្រីបានចេញពីផ្ទះ ៧ ឆ្នាំមកហើយ ដោយដំបូងប្រាប់ថាទៅធ្វើទាហាន ប៉ុន្តែនៅមុនចូលឆ្នាំ ១ ថ្ងៃ គេបានមកលេងផ្ទះ ហើយក្រោយចូលឆ្នាំរួច មានអ្នកភូមិបបួលទៅកាប់ឈើលក់ឱ្យឈ្មួញម្ដង ក៏ស្រាប់តែថាត្រូវទាហានថៃបាញ់ស្លាប់ទៅវិញ។
អ្នកស្រីថា៖ «គាត់ប្រាប់ថាទៅរកឈើទៅតាមគេទេវាអត់ស្គាល់ទេ។រាល់ថ្ងៃនេះយ៉ាប់មែនទែន រកមួយពេលរស់មួយពេល»។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងលោក កេត សុផាន់ មន្ត្រីនាំពាក្យក្រសួងការបរទេសដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ ស្របពេលដែលលោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃមិនឆ្លើយតបទេក្រោយពីទូរស័ព្ទខលចូលជាច្រើនលើក។
លោក ស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមអាដហុកបានលើកឡើងថា កន្លងមកនៅពេលមានករណីបាញ់សម្លាប់ពលរដ្ឋខ្មែរជាញឹកញាប់ពីទាហានថៃ គឺធ្លាប់មានការស្នើសុំពីភាគីកម្ពុជាដើម្បីឱ្យភាគីថៃអត់ធ្មត់ តែមិនត្រូវបានភាគីថៃអនុវត្តតាមឡើយ។
លោកថា៖ «អ៊ីចឹងគឺជាការព្រួយបារម្ភមួយនិងសុំឱ្យពលរដ្ឋកម្ពុជាយើង ត្រូវយល់ដឹងអំពីផលវិបាកហ្នឹងផងនិងបញ្ឈប់ការរកស៊ីពាក់ព័ន្ធនឹងរឿងព្រៃឈើនេះនៅក្នុងប្រទេសទៀត»។
កន្លងមកសមាគមអាដហុកធ្លាប់ចេញរបាយករណ៍ថា ក្នុង ១ ឆ្នាំ មានពលរដ្ឋកម្ពុជាយ៉ាងតិច ៣៤ នាក់ ត្រូវបានទាហានថៃបាញ់សម្លាប់នៅពេលឆ្លងដែនចូលទៅក្នុងទឹកដីថៃ៕