ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានចេញ​បម្រាម​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ដើម​ខែ​កុម្ភៈ​នេះ​ឲ្យ​ប្រុង​ប្រយ័ត្ន​ការ​ប្រើប្រាស់ និង​លេង​របស់​របរ​ដែល​ងាយ​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ។ យោងតាម​សេចក្ដី​ជូន​ដំណឹ​ងរ​បស់​សាលា​រាជធានី​ភ្នំពេញ ពលរដ្ឋ​ទូទៅ មិ​នត្រូវ​ដុត​ផាវ កាំជ្រួច​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ការ​ហែក្បួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាពិសេស​ការ​អុជ​ទៀន​ធូប ក្រដាស​សែន ភ្លើង​ចង្ក្រាន ចរន្ត​អគ្គិសនី ដែល​អាច​បង្ក​ឱ្យ​មាន​អគ្គិភ័យ​កើត​ឡើង។

សេចក្ដីជូនដំណឹង​នេះ​ឲ្យ​ដឹងថា ដើម្បី​បង្ការ​នូវ​អគ្គិភ័យ អ្នក​ប្រារព្ធ​ពិធី​ត្រូវ​ដុត​ក្រដាស​សែន​នៅ​ក្នុង​ធុង​ដែក​ឬ​ឆ្នាំង​ដី ហាម​ដាច់​ខាត​ដុត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ឬ​ទ្រូង​ផ្លូវ​សាធា​រណៈ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ធ្វើ​ឡើង​ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០១៩។ ជន​ណា​បំពាន​លើ​សេចក្ដី​ណែនាំ​នេះ​ឬ​ប្រព្រឹត្ត​ល្មើស​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម បាត់​សណ្ដាប់​ធ្នាប់ សន្ដិសុខ សុវត្ថិភាព និង​របៀប​រៀប​រយ​សាធារណៈ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន។

លោក​ ម៉េ​ត មាស​ភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ចាប់​ពី​ថ្ងៃ​ពុធ​នេះ​រហូត​ដល់​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន អាជ្ញាធរ​បាន​ចាប់​ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ហាង​លក់​ទំនិញ​នានា​នៅ​ទូទាំង​ក្រុង ដែល​អាច​មាន​លក់​ផាវ​ឬ​គ្រឿង​ផ្ទុះ​ផ្សេងៗ។

លោកថ្លែងថា៖ «យើង​ទប់ស្កាត់​តាំងពី​ការ​ចរាចរ​នាំចូល​និង​តាម​ច្រក​ផ្សេងៗ​ត្រូវ​បាន​ហាម​ឃាត់ និង​បាន​ចាត់​តាំង​ឱ្យ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់។ នៅ​តាម​ទីផ្សារ តាម​ទីតាំង​អាជីវកម្ម​អី​ផ្សេងៗ​ហ្នឹង ក៏ត្រូវ​បាន​ពង្រឹង​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ បើ​ឃើញ​ថា​ដាក់​តាំង​លក់​ទៀត (ផាវ និង​កាំជ្រួច) ក៏​ត្រូវ​បាន​ដក​ហូត​យក​ដែរ។

លោក ភក្ដី បាន​ថ្លែងថា៖ «ការអំពាវនាវ​របស់​សាលា​រាជធានី​ភ្នំពេញ​គឺ​គោល​បំណង​ដើម្បី​ការពារ​សន្ដិសុខ និង​សុវត្ថិភាព​ពី​គ្រោះ​អគ្គិភ័យ និង​មិន​ត្រូវ​ទៅ​ទិញ​គ្រឿង​ផ្ទុះ​ទាំង​នោះ​មក​ដុត​ឡើយ»។

លោក ព្រហ្ម យ៉រ នាយ​កា​រិយា​ល័យ​នគរបាល​បង្ការ​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​រថយន្ត​សម្រាប់​ត្រៀម​ចេញ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ចំនួន ៤៨ គ្រឿង ហើយ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ក៏បាន​ត្រៀម​មន្ត្រី​ពន្លត់​អគ្គិភ័យ​ចំនួន ១៧៨ នាក់​ដែរ នៅ​តាម​គោល​ដៅ​ងាយ​រង​គ្រោះ ដូចជា​នៅ ខណ្ឌ​ច្បារអំពៅ ទួលគោក និង​ខណ្ឌ ៧ មករា​ជាដើម។

លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលព​ន្ល​ត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា នៅ​ក្នុង​ឆ្នាំ​នេះ មាន​ការ​រាំង​ស្ងួត​រយៈ​ពេល​វែង លោក​សូម​ឱ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​ចូលរួម​រក្សា​ប្រភព​ទឹក​ទុក​ឱ្យ​បាន​នៅ​ទូទាំង​ប្រទេស ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​ពន្លត់​អគ្គិភ័យ៕