ភ្នំពេញៈ ខេត្តចំនួន ៣ បានបើកកិច្ចប្រជុំដាច់ដោយឡែកពីគ្នាជាមួយអយ្យការ និងសាលាដំបូងនៃខេត្តនីមួយៗព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដោយបានដាក់ចេញនូវវិធានការ រួមមួយចំនួនក្នុងការពង្រឹងការអនុវត្តច្បាប់តាមរយៈការចាត់វិធានការច្បាប់លើសកម្មភាព ឬទង្វើទាំងទ្បាយណាដែលប៉ះពាល់ដល់សន្តិសុខជាតិ និងផ្សព្វផ្សាយអ្វីដែលក្រុមមន្ត្រីហៅថារដ្ឋប្រហាររបស់លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង។
ការបើកកិច្ចប្រជុំជាបន្តបន្ទាប់តាមបណ្តាខេត្តផ្សេងៗនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានអំពាវនាវឲ្យពលរដ្ឋក្រោកឈរក្នុងគោលដៅផ្ដួលរំលំរដ្ឋាភិបាលជាអ្វីដែលលោកហៅថា «អំណាចពលរដ្ឋ» ដើម្បីប្រើប្រាស់សិទ្ធិក្នុងការចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់លោកនៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ។ បណ្តាខេត្តដែលបានបើកកិច្ចប្រជុំជាមួយតុលាការខាងលើនេះរួមមានខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និងខេត្តតាកែវ។
លោក ផាន់ សុភ័ក្ត្រ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវបានឲ្យដឹងថាលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានបើកកិច្ចប្រជុំបន្ទាន់ជាមួយប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាសាលាដំបូងខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធកាលពីថ្ងៃទី ២ ខែតុលានេះដើម្បីផ្សព្វផ្សាយខ្លឹមសារសេចក្តីប្រកាសព័ត៌មានរបស់លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៦ ខែកញ្ញា។
លោកបន្ថែមថា ខ្លឹមសារសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺស្តីពីស្ថានការណ៍សន្តិសុខសង្គម និងការដាក់ចេញនូវវិធានការរួមមួយចំនួនក្នុងការពង្រឹងការអនុវត្តច្បាប់តាមរយៈការចាត់វិធានការច្បាប់លើសកម្មភាព ឬទង្វើទាំងទ្បាយណាដែលប៉ះពាល់ដល់សន្តិសុខជាតិ និង ការផ្សព្វផ្សាយការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់លោក សម រង្ស៊ី។
លោកបញ្ជាក់ថា៖ «យើងពង្រឹងតាមបណ្តាស្រុកឲ្យផ្សព្វផ្សាយពីគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងក្នុងពេលបច្ចុប្បន្ន។ យើងបានបង្ហាញមន្ត្រីពាក្យពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវច្បាប់ ហើយយើងឲ្យសមត្ថកិច្ចធ្វើការរាយការណ៍មកអយ្យការនៅពេលណាដែលមានករណីកើតឡើង ហើយអយ្យការនឹងផ្តល់យោបល់ផ្លូវច្បាប់ប្រាប់គាត់»។
លោកបន្ថែមថា៖ «ថ្នាក់ដឹកនាំតាមមូលដ្ឋានបាននិងកំពុងធ្វើការផ្សព្វផ្សាយបន្តបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់លោក សម រង្ស៊ី»។
បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងយុត្តិធម៌ដែលបានផ្សាយកាលពីថ្ងៃទី ១ តុលានេះឲ្យដឹងថាកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ គណៈអភិបាលខេត្តបន្ទាយមានជ័យក៏បានបើកកិច្ចប្រជុំជាមួយប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើការផ្សព្វផ្សាយពីស្ថានការណ៍សន្តិសុខសង្គម និងការអនុវត្តច្បាប់ចំពោះបុគ្គលដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ក្រសួងយុត្តិធម៌បានបន្តថា អង្គប្រជុំក៏បានលើកឡើងពីការផ្សព្វផ្សាយខ្លឹមសារសេចក្តីប្រកាសព័ត៌មាន និងស្មារតីនៃកិច្ចប្រជុំរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ ស្តីពីស្ថានការណ៍សន្តិសុខសង្គម និងការដាក់ចេញនូវវិធានការរួមមួយចំនួនក្នុងការពង្រឹងការអនុវត្តច្បាប់តាមរយៈការចាត់វិធានការច្បាប់លើសកម្មភាព ឬទង្វើទាំងទ្បាយណាដែលប៉ះពាល់ដល់សន្តិសុខជាតិជូនដល់សមាសភាពចូលរួមទាំងអស់។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ «ក្នុងកិច្ចប្រជុំនេះលោកប្រធាន និងលោកព្រះរាជអាជ្ញាបានចូលរួមមតិយោបល់មួយចំនួននូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងអំពើ ឬសកម្មភាពទាំងឡាយណាដែលនាំឲ្យមានហិង្សាប៉ះពាល់ដល់ស្ថាប័នជាតិប៉ះពាល់ដល់សន្តិសុខសង្គម ឬធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរស្ថាប័នរដ្ឋដឹកនាំស្របច្បាប់។ រួមទាំងសកម្មភាពទាំងឡាយណាដែលបានចូលរួមដោយផ្ទាល់ ឬជាការចូលរួមគំនិតក្នុងគម្រោងការទុច្ចរិតនេះគឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសយ៉ាងធ្ងន់ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះក្រសួងយុត្តិធម៌ក៏បានឲ្យដឹងដែរថា សាលាខេត្តព្រៃវែងកាលពីថ្ងៃទី ៣០ ខែកញ្ញាក៏បានបើកកិច្ចប្រជុំមួយជាមួយប្រធាន អនុប្រធាន ចៅក្រម និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ប្រធាន អនុប្រធានរដ្ឋបាលបានចូលរួមផ្សព្វផ្សាយខ្លឹមសារសេចក្តីប្រកាសព័ត៌មាន និងស្មារតីនៃកិច្ចប្រជុំរបស់ក្រសួងយុត្តិធម៌ផងដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថាក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធមានភារកិច្ចត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើ ឬសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខសង្គម។
លោក ម៉ាលីន បានបញ្ជាក់ទៀតថា៖ «ដូច្នេះហើយមិនមែនតែមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចនោះទេ តែក៏មានប្រជាពលរដ្ឋផងដែរ ហើយដែលការផ្សព្វផ្សាយនេះក៏ដើម្បីឲ្យប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលប៉ះពាល់ដល់សន្តិសុខ»។
ទោះយ៉ាងណាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) លោក ស៊ឹង សែនករុណា បានថ្លែងថា ការផ្សព្វផ្សាយរបស់សមត្ថកិច្ចនឹងមិនអាចជួយឲ្យប្រជាពលរដ្ឋយល់ដឹងកម្រិតណានោះទេ ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ហើយការផ្សព្វផ្សាយក៏នៅមានកម្រិត។
លោកបាននិយាយថា៖ «ជាធម្មតាអាជ្ញាធរគាត់មានសិទ្ធិធ្វើការផ្សព្វផ្សាយពីបញ្ហានេះតែវាអាស្រ័យទៅលើការយល់ដឹង និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយអាស្រ័យទៅលើកម្រិតនៃការផ្សព្វផ្សាយ។ យើងមិនដឹងថាឥទ្ធិពលនៃការផ្សព្វផ្សាយនេះវាមានកម្រិតទៅលើប្រជាពលរដ្ឋនោះទេ»៕