ភ្នំពេញៈ អគ្គ​ស្នងការរង​នគ​បាល​ជាតិ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន ​លោកម៉ក់ ជី​តូ ពី​ម្សិលមិញបាន​ណែនាំ​ដល់​មន្ត្រី ៥​ ចំណុច​ មុនពេល​ចុះបង្ក្រាប​គ្រឿងញៀន ស្របពេល​អាជ្ញាធរ​សម្រេច​លុប​ចោល​​អាជ្ញាប័ណ្ណ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដែល​អនុវត្ត​ផ្ទុយ​នឹង​កិច្ចសន្យា។

​សេចក្ដីណែនាំ​របស់​លោក​ម៉ក់ ជី​តូ ​ចុះ​ថ្ងៃ​ទី ៤ ​មីនា​ នេះ​បាន​បង្ហាញថា​៖ «ទី ១-ត្រូវ​បន្ត​អនុវត្តតាម​វិធាន​ជំនាញ ​និង​សុំ​ការអនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ​ ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ទី ២-ត្រូវ​ស៊ើបអង្កេត​​ប្រមូល​ព័ត៌មាន​ជំនាញ ​និង​កំណត់​មុខសញ្ញា​ឲ្យ​បានច្បាស់​លាស់ ​ដើម្បី​ចុះបង្ក្រាប​ ទី ៣-ពេល​ចុះបង្ក្រាប​រួចហើយ​ ត្រូវ​ជូន​ដំណឹង​ដល់​នគរបាល​មូល​ដ្ឋាន​ភ្លាម ​ទី ៤​-​មិន​អនុញ្ញាត​ឲ្យ​ចុះ​ប្រតិបត្តិការ​ព្រាវៗ​មិន​ច្បាស់លាស់ ​(ឃាត់​ច្រឡំ ​ឆែកឆេរ​ រក​ភ័ស្ដុតាងខុសពី​ជំ​នា​ញ​) និង​ទី ៥-​មន្ត្រី​ដែល​អនុវត្ត​ខុស​ច្បាប់ ​ល្មើស​វិន័យ ​នឹងត្រូវ​ទទួល​ទោស​តាម​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត»។

ជាមួយគ្នានេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានចេញ​លិខិត​មួយ​ជម្រាប​ទៅ​លោក​ គិត ធាង ​ម្ចាស់​អាជីវកម្ម​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​ (Rock​ Entertainment Center) ដែល​ចុះហត្ថលេខា​ដោយ​លោក​ហួត ហៃ ​អភិបាល​រង​រាជធានី​​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី ២៥ ​កុម្ភៈ​ ឆ្នាំ ២០១៩ ​​ដែលទទួល​បាន​ពីម្សិលមិញ ស្ដីពី​ការលុប​អាជ្ញាប័ណ្ណ​លេខ ០៥៨/១៨ អ.ទ.ច ​ចុះ​ថ្ងៃ​ទី ២៨​ ខែ​មិថុនា ​ឆ្នាំ ២០១៨ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លិខិត​បាន​ឲ្យដឹងថា ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ធ្លាប់បាន​ចេញ​អាជ្ញា​ប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ខារ៉ា​អូខេ ​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ​រ៉ុក ​ដោយ​លោក​បានធ្វើការ​ធានា​អះអាងថា ​មិនឲ្យ​មានការ​ប្រើប្រាស់ ​ឬ​ជួញ​ដូរ​គ្រឿង​ញៀន​​នៅក្នុង​មូល​ដ្ឋាន​អាជីវកម្ម​ខ្លួន​ឡើយ។

ក្រោយមក​លោក​បានធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច ​ដោយ​សន្យាថា ​មិនអនុញ្ញាត​ឲ្យមាន​ការជួញដូរ​​ ​ចែក​ចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​នោះ​ទៀតទេ​ បើ​មិន​អនុវត្ត​ទៅតាម​ខ្លឹមសារ​នៃ​កិច្ចសន្យា ​លោក​​សុខចិត្ត​ឲ្យអាជ្ញាធរ​បិទ​អាជីវកម្ម​ទាំង​ស្រុង ​និង​ទទួល​ខុសត្រូវ​តាមច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ​ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត។

លិខិត​នោះ​បន្ថែមថា​ កាលពី​ថ្ងៃ​ទី ២៣ ​ខែកុម្ភៈ ​សមត្ថកិច្ច​បានបង្រ្កាប​បទល្មើស​គ្រឿងញៀន ​ដោយបាន​រក​ឃើ​ញ​​គ្រឿងញៀន​ ចំនួន​ ៤៨,៨១០ គីឡូ​ក្រាម ​និង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ៣១១ ​នាក់ ​(ស្រី​ ៥៦​ នាក់)។

លិខិត​បញ្ជាក់ថា​៖​ «​ដោយ​ករណីនេះ ​លោក​បានអនុវត្ត​ផ្ទុយ​ពី​កិច្ចសន្យា​របស់​ខ្លួន​ ដូច្នេះ​រដ្ឋបាល​រាជធានី​សម្រេច​លុប​អាជ្ញា​ប័ណ្ណ​នេះ​ចេញ ​ចាប់ពី​ថ្ងៃចុះ​ហត្ថលេខា​តទៅ»។

ដោយឡែក លោក ​ងួន ទ្ធី​រិទ្ធ ​មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់​វែង ​កាលពី​ថ្ងៃទី ៣ ​ខែមីនា​ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ ​ឬ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍​ ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​គឹម នៀង ​ភេទ​ប្រុស​ អាយុ​ ២៥ ឆ្នាំ ​មុខរបរ​ធ្វើស្រែ ​បច្ចុប្បន្ន​រស់​នៅ ភូមិ​ដី​ក្រហម ​ឃុំ​ត្រពាំង​ប្រាសាទ ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ។ នេះ​បើតាម​របាយ​ការណ៍​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហាញ​ពី​ម្សិលមិញ។

របាយការណ៍​បន្តថា ​ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៥ ថង់​ធំ​ និង​ ១ ​ថង់​តូច​ស្មើ​ ៥០០,៦៧​ ក្រាម ​ទូរស័ព្ទ​ដៃ​ ១ គ្រឿង ​ទូក្បាល​គ្រែ ​(ទុក​គ្រឿង​ញៀន)​ ១ គ្រឿង​ ប្រាក់​ចំនួន​ ១០០.០០០​ រៀល​ ជញ្ជីង​សម្រាប់​ថ្លឹង​ ១ គ្រឿង ​និង​ពូថៅ​ដៃ។ ក្រោយ​ពេល​បង្ក្រាប​ មន្ត្រី​ជំនាញ​កង​រាជ​អាវុ​ធ​ហត្ថ​​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី។ លោក ​ងួន ទ្ធី​រិ​ទ្ធ ​កាលពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការ​បញ្ជាក់​​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ​ តាម​របាយការណ៍​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ​បាន​បង្ហាញ​ ចុង​សប្តាហ៍​មុនថា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​សាកសួរ​ជន​សង្ស័យ​​ចំនួន ១៧ នាក់​ បន្ទាប់ពី​សមត្ថ​កិច្ច​បា​ន​ចុះ​ធ្វើការ​បង្ក្រាប​ក្នុង​បទល្មើស​ជាក់​សែ្ត​ង​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំ​កា​រមន ពាក់​ព័ន្ធ​ករណី​ប្រើប្រាស់ ​សម្រួល ​និង​ចាត់ចែង ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​សរុប​ទម្ងន់ ៤៩,៤៤ គីឡូក្រាម។

ដោយ​លោក​លី សុ​ផា​ណា ​ព្រះរាជ​អាជ្ញាធរ​ង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពី​ម្សិលមិញ​ប្រាប់ថា ​លោក​កំពុង​ជាប់​រវល់​ប្រជុំ ​មិនអាច​និយាយ​បាន​ទេ។

ជាមួយគ្នានេះ ជនជាតិ​ចិន​ចំនួន​ ១៣ នាក់ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សាកសួរ និង​ស៊ើបអង្កេត​អនុវត្ត​នីតិវិធី​នៅ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​លោកស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិល​មិញ​​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ។

ក្នុង​អំឡុងពេល​ចុះ​ប្រតិបត្តិការ​នេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​រាយ​ការណ៍​ថា​ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៣១១ នាក់​ (ប្រុស ​២៥៦ នាក់ ​និង​ស្រី ​៥៥ នាក់) ​និង​ចាប់​បាន​វត្ថុតាង​ពាក់​ព័ន្ធ​បទល្មើស​មួយចំនួន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​ដើម្បី​សាកសួរ។

របាយការណ៍​បន្តថា​ វត្ថុតាង​សារធាតុ​ញៀន​ចាប់យក​រួមមាន​៖ ថ្នាំ​គ្រាប់អិ​ចស្តា​ស៊ី​គ្រវី ​១២ គីឡូក្រាម​ ២១៩.​២៦​ ក្រាម ​កេ​តា​មីន (Ketamine) ​៨​ គីឡូ-ក្រាម​ ៩៣៥.០៦ ក្រាម ​ថ្នាំបន្សាប (Nimetazepam)​ ​៣០៥.១០ ក្រាម​ មេ​តំ​ហ្វេ​តា​មីន (ICE) ១.៦ ក្រាម ​ហេ​រ៉ូអុីន (Heroine) ០.៦១ ក្រាម​ ធ្វើ​តេ​ស្ត​បឋម​មិន​ច្បាស់លាស់​ទម្ងន់ ១៥,១៤​គីឡូក្រាម​ (សង្ស័យ​ធាតុ​គីមី) ​សម្បក​វេចខ្ចប់ (សម្បក​កែវ​ចំនួន ២៤៧ ​សម្បក​កេស ​និង​ថង់​ផ្លា​ស្ទីក​មួយចំនួន)​ទម្ងន់​ប្រហែល​ ១២ គីឡូ​ក្រាម ​ដោយ​សរុប​ជារួម​ទម្ងន់ ​៤៩,៤៤ គីឡូក្រាម។

របាយការណ៍​បន្តថា​ ក្រោយ​ធ្វើការ​ស្រាវជ្រាវ​លើ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ​ សមត្ថកិច្ច​រកឃើញថា ​ជន​សង្ស័យ​ជនជាតិ​ខ្មែរ​ចំនួន​ ១៧ នាក់ ​(ប្រុស ១៦ នាក់ ​និង​ស្រី ​០១ នាក់)​ និង​ជនជាតិ​ចិន​ចំនួន ​១៣ នាក់ ​បាន​ពាក់ព័ន្ធ​បទល្មើស​ប្រើប្រាស់ ​សម្រួល ​និង​ចាត់ចែង ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន។

ចំពោះ​មនុស្ស​ចំនួន ២៨១ នាក់ ​ដោយ​មាន​ការឯកភាព​ពី​លោក​ស ថេត ​និង​លោក លី សុ​ផា​ណា​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ត្រឡប់​ទៅ​លំនៅឋាន​វិញ ​ដោយ​មាន​អាណា​ព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត។

លោកស៊ឹង សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស (​អាដហុក) ​​ថ្លែងថា ​ករណី​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ​ហាក់​​គួរ​ឲ្យ​ព្រួយបារម្ភ​ ដូច​ករណី​នៅ​ម​ជ្ឈ​មណ្ឌល​កម្សាន្ដ​រ៉ុ​ក ​បាន​ធ្វើ​ឲ្យ​​មានការ​ភ្ញាក់​​ផ្អើលប៉ុន្ដែ​សមត្ថកិច្ច​មិន​​បាន​​បង្ហាញ​ម្ចាស់​ទីតាំង​ពិត​ប្រាកដ​ទេ។

លោក​បញ្ជាក់ថា​៖ «ជារួម​យើង​ចង់​ឲ្យ​សមត្ថកិច្ច​ទាំងអស់​ហ្នឹង ​ធ្វើការ​តាម​ជំនាញ​ឲ្យ​ច្បាស់លាស់ ​មាន​វិជ្ជាជីវៈ ​និង​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំងក្លា​ថែមទៀត​ យើង​ឃើញ​ហើយ​ថា ​បើ​យើង​ប្រៀបធៀប​នឹង​បទល្មើស​ព្រៃឈើ​ គេ​ឃើញ​ឡាន​ដឹក​ឈើ​ធំៗ ​សមត្ថកិច្ច​នៅតែ​ពិបាក​ក្នុងការ​ទប់ស្កាត់ ​ចុះ​ទម្រាំ​តែ​គ្រឿងញៀន​ដែល​គេ​ដាក់​ក្នុង​ហោ​ប៉ៅ​តូចៗ ​តើ​វា​នឹង​ពិបាក​ទប់​ស្កាត់​យ៉ាង​ណា។ ដូច្នេះ ​ទើប​ទាមទារ​​ឲ្យ​សមត្ថ​កិច្ច​មាន​ជំនាញ​ត្រឹមត្រូវ ​បើ​មិន​អ៊ីចឹង​ទេ វា​កាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សង្គម​យើង»៕