The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាណាចក្រ​ជំនួញ​ត្រកូល​ ហ៊ុន ​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ GlobalWitness

អាណាចក្រ​ជំនួញ​ត្រកូល​ ហ៊ុន ​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ GlobalWitness

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត Daniel Nass

អាណាចក្រ​ជំនួញ​ត្រកូល​ ហ៊ុន ​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ GlobalWitness

ក្រុម​គ្រួសារ​​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ប្រមែ​ប្រមូល​ទ្រព្យ​ធន​ច្រើន​សន្ធឹក​សន្ធាប់​ជាមួយ​នឹង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​ចំនួន ១១៤ ក្រុមហ៊ុន​ក្នុង​នោះ​មាន​​ក្រុមហ៊ុន​ថាមពល​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្រុមហ៊ុន​រុករក​រ៉ែ​ និង​​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​ដែល​ភាគ​ច្រើន​​ក្នុង​វិស័យ​សំខាន់ៗ​​​​របស់​កម្ពុជា​។ ​នេះ​បើ​យោង​តាម​ការ​ស៊ើប​អង្កេត​​មួយ​របស់​អង្គការ Global Witness ​ដែល​បាន​ចោទ​ប្រកាន់​​ថា​គ្រួសារ​ត្រកូល​ ហ៊ុន ​បាន​បំពាន​ច្បាប់​​ប្រទេស​ដើម្បី​កសាង​អាណាចក្រ​​ជំនួញ​របស់​ខ្លួន។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា Hostile Takeover: The Corporate Empire of Cambodia’s Ruling Family ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​​​ការ​កាន់កាប់​ច្រើន​​របស់​​ក្រុម​គ្រួសារ​​ត្រកូល​ ហ៊ុន និង​សម្ព័ន្ធ​​មិត្ត​​ដ៏​មាន​អំណាច​របស់​ពួកគេ​ក្នុង​វិស័យ​ទាំង ២០ ដោយ​របាយការណ៍​រកឃើញ​ថា​សាច់​ញាតិ ២៧ នាក់​របស់​​លោក​នាយក​រដ្ឋមន្រ្តី​មាន​​​​​​ការ​ផ្សារភ្ជាប់​នឹង​​ក្រុមហ៊ុន​ជាច្រើន​ដែល​​​តម្លៃ​​ទុន​ដំបូង​មាន​ចំនួន​ច្រើន​ជាង ២០០ លាន​ដុល្លារ​អាមេរិក​។

ទិន្នន័យ​ដែល​ទទួល​បាន​មកពី​បញ្ជី​​ពាណិជ្ជកម្ម​​របស់​ក្រសួង​ពាណិជ្ជកម្ម​មិន​​បាន​ផ្ដល់​​ព័ត៌មាន​អំពី​​ចំណូល​ទេ​មាន​ន័យ​​ថា​តួលេខ​នេះ​គ្រាន់​តែ​ជា «ចំណែក​មួយ» នៃ​តម្លៃ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​។

ម្យ៉ាង​ទៀត​របាយការណ៍​នេះ និង​ប្រភព​មួយ​ចំនួន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​​​​​​​​​​សង្កត់​ធ្ងន់​ថា​ឯកសារ​គ្រាន់​តែ​ជា​ព័ត៌មាន​មួយ​ចំណែក​ទេ​ដោយ​​របាយការណ៍​បាន​​បញ្ជាក់​ថា​គ្រួសារ​នេះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​បាន​ប្រើប្រាស់​អ្នក​តំណាង​ដើម្បី​លាក់បាំង​​ទំហំ​ពិតប្រាកដ​នៃ​អាណាចក្រ​​ជំនួញ និង​ទ្រព្យ​​​ផ្ទាល់​ខ្លួន​របស់​សមាជិក​ត្រកូល​ ហ៊ុន។

អ្នក​និពន្ធ​​​បាន​​សរសេរ​ថា៖ «របាយការណ៍​នេះ​ផ្ដល់​នូវ​មូលដ្ឋាន​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​សង្ស័យ​ថា​លោក ហ៊ុន សែន បាន​រំលោភ​បំពាន​តំណែង​​នាយក​រដ្ឋមន្រ្តី​ដើម្បី​អនុញ្ញាត​​ឲ្យ​សាច់ញាតិ​គ្រប់គ្រង ឬ​កាន់កាប់​​ចំណែក​ធំ​ក្នុង​វិស័យ​សំខាន់ៗ​ភាគ​ច្រើន​​​របស់​កម្ពុជា»។

អ្នក​និពន្ធ​បាន​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​នេះ​មិន​ត្រឹម​​តែ​អំពី​ការ​ប្រមូល​ទ្រព្យ​​ផ្ទាល់​ខ្លួន​ ឬ​ចំណង​​ជាក់​លាក់​រវាង​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន និង​​ក្រុមហ៊ុន​ទេ​គឺ​​អំពី​ការ​​គ្រប់គ្រង​របស់​គ្រួសារ​ត្រកូល ហ៊ុន ​លើ​​​វិស័យ​ឯកជន​ និង​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន គ្រប់គ្រង​ស្ទើរតែ​ទាំង​ស្រុង​លើ​ប្រទេស​កម្ពុជា​»។

នៅ​សប្ដាហ៍​នេះ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​​អំពី​​ការ​រក​​ឃើញ​របស់​អង្គការ​ Global Witness ​ដោយ​ច្រាន​​ចោល​ថា​អង្គការ​ Global Witness កំពុង​ព្យាយាម​ញុះញង់​ឲ្យ​មាន​ «​​ការ​បះបោរ​» ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្រ្តី​​ហើយ​​ផ្តល់​ការ​កត់សម្គាល់​ថា​លោក​ជា​ «​អ្នក​នាំ​ពាក្យ​មិនមែន​ជា​មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ទេ​»។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី​ សឹង សុផារី ​បាន​ទទួល​ស្គាល់​ថា​វា​តែងតែ​មាន​តម្រូវការ​​កែ​លម្អ​​​បញ្ញត្តិ​នៃ​វិស័យ​ឯកជន​ប៉ុន្តែ​​ថា​ភាព​ជោគជ័យ​របស់​សាច់​ញាតិ​របស់​លោក​នាយក​រដ្ឋមន្រ្តី​គឺ​​ដោយ​សារ​ «​កេរ្តិ៍​ឈ្មោះ​ល្អ​»​ ដែល​បាន​ទាក់ទាញ​វិនិយោគិន​។ ​«​វា​មិន​ល្អ​ឥតខ្ចោះ​...ប៉ុន្តែ​កម្ពុជា​ឥឡូវ​នេះ​គឺជា​ទីផ្សារ​សេរី​អ្នក​ដែល​មាន​លុយ​អាច​វិនិយោគ​ក្នុង​វិស័យ​ដែល​​ពួកគេ​ចង់​មិន​ថា​ពួកគេ​ជា​នរណា​ទេ​»​។

អាណាចក្រ

ក្រាហ្វិក​បង្ហាញ​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។
ក្រាហ្វិក​បង្ហាញ​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ រូបថត Daniel Nass

នៅ​ឆ្នាំ​ ២០១១ ​លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រកាស​ទ្រព្យសម្បត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ជា​ស្ថាប័ន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​​​ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង ​ជា​មនុស្ស​ជំនិត​យូរ​មក​ហើយ​របស់​លោក​ ហ៊ុន សែន​។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រកាស​​ប្រាក់​បៀវត្សរ៍​របស់​លោក​ក្នុង​តំណែង​ជា​​​មេដឹកនាំ​​​ប្រទេស​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​គឺ​ ១១៥០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ឬ ១៣៨០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ខណៈ​ដែល​លោក​​កំពុង​ប្រគល់​ឯកសារ​​ដោយ​​​ផ្ទាល់​​នៅ​ទីស្នាក់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​រាជធានី​ភ្នំពេញ​លោក​​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ថ្ងៃ​នេះ​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ»។

យោង​តាម​​របាយការណ៍​ Hostile Takeover ​​​បាន​ឲ្យ​ដឹង​ថា​លើ​ឯកសារ​ក្រុម​គ្រួសារ​​របស់​លោក​ ហ៊ុន សែន មាន​ភាគហ៊ុន​​ច្រើន​​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចំនួន ១៧ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ចំនួន ១០ ​អាជីវកម្ម​បដិសណ្ឋារកិច្ច និង​ការ​កម្សាន្ត​ចំនួន ១០ ក្រុមហ៊ុន ៨ ទាំង​ក្នុង​វិស័យ​ទេសចរណ៍ និង​លក់​រាយ និង​ក្រុមហ៊ុន​ ៧ ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ។

ការ​កាន់កាប់​របស់​ពួកគេ​ក៏​​មាន​ក្នុង​វិស័យ​ថាមពល ៦ ក្រុមហ៊ុន​រ៉ែ ៦ ក្រុមហ៊ុន​កសិកម្ម ៤ ​ក្រុមហ៊ុន និង​ព្រៃឈើ​មួយ​ក្រុមហ៊ុន និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​​មាន​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី​គឺ​លោកស្រី ហ៊ុន ម៉ាណា ជា​អ្នក​នាយិកា​វិទ្យុ និង​ទូរទស្សន៍​បាយ័ន។

គ្រួសារ​នេះ​ក៏​មាន​​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន​​ពីរ​ផង​ដែរ​រាប់​ទាំង​ភាគហ៊ុន ៦ ភាគរយ​របស់​លោកស្រី​ ហ៊ុន ម៉ាណា ដែល​មាន​តម្លៃ ៤៤ លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន Viettel កម្ពុជា​គឺជា​ផ្នែក​មួយ​​នៃ​​ក្រុមហ៊ុន​ Viettel Group ​​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​ដែល​ជា​ម្ចាស់​ប្រព័ន្ធ​ទូរស័ព្ទ មិត្តហ្វូន។

នៅ​ក្នុង​របាយការណ៍​នេះ​មាន​ឧទាហរណ៍​ជាច្រើន​ស្ដី​អំពី​ «​​​ការ​អនុគ្រោះ​​ពិសេស»​​ លើ​ក្រុមហ៊ុន​​ក្នុង​នោះ​​​​​រួម​មាន​ការ​​​គាំទ្រ​របស់​លោក ​ហ៊ុន សែន ​ចំពោះ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​នេះ​ដោយ​លោក ហ៊ុន សែន បាន​ណែនាំ​ទាហាន​​ទាំងអស់​​​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ។ ​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​​ផ្នែក​ព័ត៌មាន​​របស់​ក្រុមហ៊ុន​នោះ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​សប្តាហ៍​នេះ។

អង្គការ Global Witness ក៏​បាន​កត់សម្គាល់​ផង​ដែរ​​ថា​ក្រសួង​ទេសចរណ៍​​​បាន​កំណត់​​​​យក​ទឹក​បរិសុទ្ធ វីតាល់ ​ដែល​ជា​ផលិត​ដោយ​ក្រុមហ៊ុន NVC Corporation ដឹកនាំ​ដោយ​លោកស្រី ហ៊ុន ម៉ាណា ជា​ទឹក​​​បរិសុទ្ធ​ផ្លូវ​ការ​សម្រាប់​ពិធី​​ទាំងអស់​របស់​រដ្ឋ​។​ នេះ​បើ​តាម​​​​គេហទំព័រ​របស់​ក្រុមហ៊ុន NVC។

អាជីវកម្ម​​របស់​គ្រួសារ​​នេះ​រួម​មាន​​​ក្រុមហ៊ុន​រោងចក្រ​ចំនួន​ពីរ​ក្រុមហ៊ុន​​មេធាវី ឬ​ពន្ធ​ចំនួន​ពីរ​ប្រតិបត្តិករ​ល្បែង​ស៊ីសង​ចំនួន ២ ក្រុមហ៊ុន​សន្តិសុខ​ចំនួន ២ និង​ភាគហ៊ុន​ក្នុង​​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ចំនួន​ ២ ​​​រួម​ទាំង​ក្រុមហ៊ុន​ឱសថ​ផង​ដែរ។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១១៤ គឺ​មាន​ក្រុមហ៊ុន ២០ គ្មាន​ចែង​ពី​កម្មវត្ថុ​ទេ​ហើយ​​មាន​តែ ១០៣ ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​​​ចុះ​បញ្ជី​សមាជិក​គ្រួសារ​ត្រកូល​ ហ៊ុន ជា​ប្រធាន​ អភិបាល ឬ​មាន​ភាគហ៊ុន​ជាង ២៥ ភាគរយ។

អង្គការ Global Witness ក៏​បាន​គូសបញ្ជាក់​​ផង​ដែរ​ពី​ចំណង​​ទាក់ទង​ជាច្រើន​រវាង​ក្រុមហ៊ុន​ម៉ាក​អន្តរជាតិ និង​​​គ្រួសារ​ត្រកូល​ ហ៊ុន ដែល​​អង្គការ​​​នេះ​​ហៅ​ថា​ជា​ «អ្នក​​យាម​ទ្វារ​ធំ​» ​​ចំពោះ​ការ​ហូរ​ចូល​នៃ​មូលធន​បរទេស​ដែល​​ចង់​​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

ក្រុមហ៊ុន​អន្តរជាតិ Apple ក្រុមហ៊ុន Canon ក្រុមហ៊ុន LG Electronics ក្រុមហ៊ុន Lenovo-IBM ក្រុមហ៊ុន Nokia ក្រុមហ៊ុន Electrolux និង​ក្រុមហ៊ុន Pioneer ធ្វើការ​ចែកចាយ​តាមរយៈ​​ក្រុមហ៊ុន​ដែល​មាន​ចំណង​នឹង​គ្រួសារ​នេះ។

ផលិត​ផល​រួមមាន​ Nescafe Gold ស្រា​វីស្គី Johnnie Walker ស្រា​ខូញ៉ាក់ Hennessy និង​ស្រាបៀរ Corona ស្រោម​អនាម័យ Durex ​​ត្រូវ​បាន​​ដាក់​លក់​តាម​ក្រុមហ៊ុន​ដែល​មាន​​ចំណង​ទាក់ទង​នឹង​​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន​។

លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​ Occidental College ក្នុង​ទីក្រុង Los Angeles ​បាន​លើក​ឡើង​ពី​ការ​រកឃើញ​ក្នុង​របាយការណ៍​របស់​អង្គការ​ Global Witness ថា៖ «របាយការណ៍​បាន​បង្ហាញ​ថា​យើង​កំពុង​និយាយ​ពី​មនុស្ស​មួយ​ចំនួន​តូច​មាន​​​​​ចំណែក​​​​លើ​អ្វីៗ​គ្រប់​យ៉ាង»។

លោក​បាន​បន្ថែម​ថា៖ «តើ​អ្នក​អាច​នឹក​ស្រមៃ​​ឃើញ​ទេ​ថា​តើ​អត្ថប្រយោជន៍​នៃ​សកល​ភាវូបនីយកម្ម​​​អាច​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ និង​​​​​ផ្លាស់ប្តូរ​ជីវិត​ក្នុង​កាលៈទេសៈ​ផ្សេង​ទៀត​​ដោយ​របៀប​ណា​​? ​វា​​គឺ​អំពី​ខ្សែ និង​ខ្នង​នៅ​កម្ពុជា​ឪពុក​ម្តាយ​ជា​អ្នក​​​​​​​កំណត់​អំពី​កម្រិត​ដែល​​កូន​អាច​ដើរ​ឆ្ងាយ​ប៉ុន​ណា​ហើយ​នោះ​គឺ​​ជា​រឿង​ដែល​គួរ​ឲ្យ​អាណិត​អាសូរ​ណាស់»។

ជួប​គ្រួសារ​ត្រកូល ហ៊ុន និង​ដៃគូ​

Content image - Phnom Penh Post
ស្លាក​យីហោ​ទំនិញ​មួយ​ចំនួន​ដែល Global Witness អះអាង​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រួម​ចំណែក​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ​ត្រកូល ហ៊ុន។ រូបថត Daniel Nass

ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន វីរជន​​កម្ពុជា​បាន​ពង្រឹង​ការ​គ្រប់គ្រង​របស់​ពួកគេ​​ក្នុង​ប្រទេស​​នេះ​តាមរយៈ​យុទ្ធសាស្រ្ត​​រៀបការ​​ដើម្បី​បង្កើត​​ចំណង​រវាង​គ្រួសារ​ក្រុមហ៊ុន និង​មុខ​តំណែង​សាធារណៈ។

ការ​កាន់កាប់​ទាំង​នោះ​មាន​ពាក់ព័ន្ធ​នឹង​សមាជិក​​គ្រួសារ​ត្រកូល ហ៊ុន ​និង​​អ្នក​ជិត​ស្និទ្ធ​​របស់​ពួកគេ​​សរុប​ចំនួន​ ២៧ ​នាក់​ហើយ​យ៉ាង​ហោច​ណាស់​ ៤ ​​ក្នុង​ចំណោម​នោះ​រួមមាន​កូន​ប្រុស​កណ្តាល​​របស់​លោក​នាយក​រដ្ឋមន្រ្តី​គឺ​លោក ហ៊ុន មានិត មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​​​ក្រុមហ៊ុន​មួយ​ចំនួន​​ខណៈ​​កំពុង​កាន់​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​​កងកម្លាំង​​សន្តិសុខ​របស់​ជាតិ​។

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ​លោក ហ៊ុន ម៉ាណែត​ ​ដែល​ជា​​ឧត្តមសេនីយ៍ឯក​ និង​ថ្មីៗ​នេះ​ទៀត​កូនប្រុស​ពៅ​​គឺ​លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត​មិន​ជាប់​ពាក់ព័ន្ធ​​ជាមួយ​ក្រុមហ៊ុន​​នៅ​ក្នុង​របាយការណ៍​នេះ​ទេ​ប៉ុន្តែ​ភរិយា​​របស់​គាត់​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធំ​ៗ​។

ភរិយា​របស់​លោក ម៉ាណែត គឺ​លោកស្រី ពេជ ចន្ទមុនី កូនស្រី​របស់​លោក ពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចំនួន​ ៨ រួម​ទាំង​ជា​អ្នក​អភិបាល​រោង​ភាពយន្ត​ Legends Cinema ផង។

ទន្ទឹម​នេះ​លោកស្រី យឹម ​ឆៃលីន ​ភរិយា​​របស់​លោក ហ៊ុន ម៉ានី ​ជា​កូនស្រី​​របស់​ឧបនាយក​រដ្ឋមន្រ្តី យឹម ឆៃលី មាន​តួនាទី​នៅ​ក្រុមហ៊ុន​ចំនួន​ ៦ ​​រួម​ទាំង​​ជា​នាយិកា​​​ក្រុមហ៊ុន​រុករក​រ៉ែ​​មួយ​ និង​​​មាន​ហ៊ុន​ចំនួន​ ២០ ​ភាគរយ​នៅ​​ក្រុមហ៊ុន​លក់​​ឱសថ​។

ចំពោះ​លោក ហ៊ុន ម៉ានិត ​ប្រធាន​នាយកដ្ឋាន​ចារកម្ម​​របស់​យោធា​ត្រូវ​បាន​​អង្គការ​​ Global Witness អះអាង​ថា​គាត់​មាន​តំណែង​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​​កម្ពុជា​ឯកជន​ដែល​​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​។

បើ​តាម​មាត្រា​​​ ២៥ ​​នៃ​លក្ខន្តិកៈ​​ទូទៅ​របស់​មន្រ្តី​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ​មន្រ្តី​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ជា​ «​សមាជិក​​គណៈកម្មាធិការ​នាយក​​ ឬ​ធានា​ចំពោះ​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន​ទេ»។

ភ្នំពេញ​ប៉ុស្តិ៍​​នៅ​សប្តាហ៍​នេះ​មិន​អាច​ទាក់ទង​លោក ម៉ានិត បាន​​ទេ​ដែល​​ភរិយា​​របស់​គាត់​ឈ្មោះ ហុក ចិន្តាវី កូនស្រី​របស់​លោក ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ថា​ជា​អ្នក​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​​​​ក្នុង​ក្រុង​បាវិត​ ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ ​បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​​អំពី​តួនាទី​ទ្វេ​របស់​លោក ម៉ានិត នោះ​ទេ។

ខណៈ​ចំណុច​​ផ្តោត​ជា​ញឹកញាប់​ត្រូវ​បាន​សំដៅ​ទៅ​លើ​កូន​ប្រុស​ត្រកូល​ ហ៊ុន ប៉ុន្តែ​កូនស្រី​ត្រកូល​នេះ​ក៏​មាន​អាជីវកម្ម​សំខាន់ៗ​ជាច្រើន​ដែរ​ជាពិសេស​កូនស្រី​​បង​បង្អស់ ​ហ៊ុន ម៉ាណា ​ដែល​​​ជា​ពាណិជ្ជករ​ល្បី​ឈ្មោះ​ហើយ​ត្រូវ​បាន​​អង្គការ Global Witness ​រៀបរាប់​ថា​មាន​តាំងពី​ក្រុមហ៊ុន​​​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម ក្រុមហ៊ុន​ទូរគមនាគមន៍​រហូត​ដល់​​ក្រុមហ៊ុន​សេវា​អាកាសចរណ៍​វីអាយភី សារមន្ទីរជាតិ​អង្គរ​ក្នុង​ខេត្ត​សៀមរាប​ ​និង​​មាន​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង ទៀត​ផង។

ប្អូនស្រី​របស់​គាត់ ហ៊ុន ម៉ាលី មាន​ភាគហ៊ុន​​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​ ៧​ រួម​ទាំង​ជា​​ម្ចាស់​​ផ្សារ​ទំនើប TK Avenue និង​ជា​ម្ចាស់​ភាគហ៊ុន​​​នៃ​ភោជនីយដ្ឋាន​ Strongrill ផង​ដែរ។

ស្វាមី​របស់​លោកស្រី ម៉ាណា គឺ​ឧត្តមសេនីយ៍​នគរបាល​ផ្កាយ​បី​ឈ្មោះ ឌី វិជ្ជា កូនប្រុស ហុក ឡងឌី និង​ស្វាមី​របស់​អ្នកស្រី ម៉ាលី គឺ​​លោក សុខ ពុទ្ធីវុធ កូន​ប្រុស​របស់​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ​ក៏​​គ្រប់គ្រង​ក្រុមហ៊ុន​ជាច្រើន​ផង​ដែរ​។

លោក ឌី វិជ្ជា ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ថា​ជា​នាយក​​ និង​ជា​ម្ចាស់​​ភាគហ៊ុន​​នៃ​ក្រុមហ៊ុន​ល្បែង​​ Poseidon។ នេះ​បើ​តាម​ការ​ដាក់​នៅ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​ដោយ​​សារព័ត៌មាន Bloomberg។

បើ​តាម​របាយការណ៍​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​ហ្វីលីពីន DFNN បាន​ទិញ​​ក្រុមហ៊ុន Poseidon ​យ៉ាង​ស្ងាត់ៗ​​​តាមរយៈ​​ក្រុមហ៊ុន​សាខា​សិង្ហបុរី​មួយ​ក្នុង​តម្លៃ​​ ៤,២ ​លាន​ដុល្លារ​ខណៈ​ចំណូល​របស់​ក្រុមហ៊ុន​នេះ​គឺ​​មាន​ចំនួន​រហូត​ដល់​ ២១,២ ​លាន​ដុល្លារ​ចន្លោះ​ពី​ខែ​មិថុនា​ និង​ខែ​ធ្នូ​ឆ្នាំ​ ២០០៧​ រួម​ទាំង​​ប្រាក់​ចំណេញ​​ចំនួន​ ១,០៩ ​លាន​ដុល្លារ​។

លោក វិជ្ជា មិន​អាច​ទាក់ទង​បាន​​ទេ​នៅ​សប្តាហ៍​នេះ​ខណៈ​​ក្រុមហ៊ុន​ DFNN ​មិន​ឆ្លើយតប​នឹង​សំណើ​សុំ​​ព័ត៌មាន​ត្រឹម​ម៉ោង​ចេញ​ព័ត៌មាន​។

ប្អូនស្រី​របស់​លោក ហ៊ុន សែន ​​លោកស្រី ហ៊ុន សេងនី មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ចំនួន​ ១២​ ហើយ​បងប្អូន​ជីដូន​មួយ​​របស់​គាត់​ឈ្មោះ ឌី ចូច រួម​ទាំង​អតីត​ភរិយា​របស់ ចូច គឺ​លោកស្រី សេង គាង ​ដែល​កាលពី​មុន​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​អង្គការ Global Witness ថា​មាន​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចំនួន ៥​។

លោកស្រី គាង ​ជា​មនុស្ស​មាន​ទំនាក់​ទំនង​​ជិតស្និទ្ធ​ជា​មួយ​ជំទាវ​ធំ ប៊ុន រ៉ានី ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ថា​ជា​ប្រធាន​ និង​នាយក​​ក្រុមហ៊ុន Grand Harvest International ជាប់​ពាក់ព័ន្ធ​នឹង​​ក្រុមហ៊ុន ហុង កុង ដែល​មាន​ឈ្មោះ​ដូច​គ្នា​ដែល​អះអាង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​​​ថា​ផ្គត់ផ្គង់​​​ទៅ​ម៉ាក​ល្បីៗ​ដូចជា​ ម៉ាក Tommy Hilfiger ម៉ាក Polo Ralph Lauren និង ម៉ាក All Saints។

ក្មួយស្រី និង​ក្មួយប្រុស​រួម​ទាំង​សាច់​ថ្លៃ​ក៏​មាន​ប្រវត្តិ​​​ចាប់​អារម្មណ៍​ផង​ដែរ​។ កូនៗ​​របស់​លោក ហ៊ុន ណេង ជា​​បង​ប្រុស​របស់​លោក ហ៊ុន សែន ​​ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្រ្ត​​ និង​អតីត​អភិបាល​ខេត្ត​​កំពង់ចាម​មាន​​ការ​ជាប់​ទាក់ទង​​ទៅ​នឹង​ក្រុមហ៊ុន​ចំនួន​ ២៨ ខណៈ​ភរិយា​របស់​លោក​​ជា​ម្ចាស់​ក្រុមហ៊ុន​ពីរ​។

នៅ​ពេល​ទាក់ទង​នៅ​សប្ដាហ៍​នេះ​លោក​ឧកញ៉ា​ ហ៊ុន តូ កូន​ប្រុស​លោក​ ហ៊ុន ណេង​ បាន​លើក​ឡើង​ថា​របាយការណ៍​អង្គការ​ Global Witness ​គឺជា​រឿង​របស់​អង្គការ​មួយ​នេះ។​ តែ​ការ​រកស៊ី​ធ្វើ​ជំនួញ​ជា​រឿង​របស់​អ្នក​ផ្សេង​គឺ​កុំ​ឲ្យ​តែ​មាន​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​រដ្ឋ។

លោក​ ហ៊ុន តូ ​បញ្ជាក់​ថា៖ «រឿង​ហ្នឹង​រឿង​របស់​វា​ទេ​កុំ​ឈឺ​ក្បាល​ជាមួយ​ខ្ញុំ។​ ខ្ញុំ​គ្មាន​ពេល​អី​ឈឺ​ក្បាល​ជាមួយ​​ទេ​។ គេ​រកស៊ី​ជា​រឿង​របស់​គេ​ទេ​គ្មាន​ទៅ​ទើស​គេ​ទេ។ កុំ​ឲ្យ​តែ​គេ​ទៅ​ប្លន់​អ្នក​ណា​។ គេ​រកស៊ី​រឿង​អី​ជា​រឿង​ស្រប​ច្បាប់​របស់​គេ​ទេ»។

នៅ​ពេល​ទាក់ទង​កាលពី​ថ្ងៃ​ចន្ទ​លោក​ ហ៊ុន ណេង​ ដែល​ជា​បងប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ចំពោះ​លោក​ផ្ទាល់​មិន​ដែល​ធ្វើការ​រកស៊ី​នោះ​ទេ​ហើយ​កូនៗ​វិញ​ក៏​គ្មាន​ក្រុមហ៊ុន​ច្រើន​រហូត​ដល់​ទៅ​ជាង​ ២០ ​នោះ​ដែរ​។ ម្យ៉ាង​វិញ​ទៀត​បើ​និយាយ​ពី​អ្នក​រកស៊ី​មាន​ត្រកូល​ ហ៊ុន វិញ​គឺ​មាន​ច្រើន​ណាស់។

លោក ហ៊ុន ណេង ថ្លែង​ថា៖ «មក​សួរ​អី​ខ្ញុំ ​ខ្ញុំ​អត់​ដឹង​អី​ផង​។ ត្រកូល​ ហ៊ុន ​មាន​ច្រើន​ណាស់​មាន​ជីដូន ជីទូត ជីលា​។ កូន​ខ្ញុំ​តែ​ពីរ​បី​នាក់​ហ្នឹង​មាន​ក្រុមហ៊ុន​ឯ​ណា​ដល់​ ២៨ ​នោះ​។ របាយការណ៍​មាន​ពិត និង​មិន​ពិត​។ ធ្វើ​ឲ្យ​ពិត​ស្រួល​បួល​មើល​។ អា​មិន​ពិត​ហ្នឹង​ជាប់​គុក​អាហ្នឹង»​។ ​លោក ហ៊ុន ណេង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ត​នោះ​ទេ​ដោយសារ​តែ​លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​។

ភ្នំពេញ​ ប៉ុស្តិ៍ ​បាន​ព្យាយាម​ទាក់ទង​លោក​ ឌី វិជ្ជា ​ស្វាមី​លោកស្រី​ ហ៊ុន ម៉ាណា តែ​លោក​មិន​លើក​ទូរស័ព្ទ។ រីឯ​លោកស្រី ហ៊ុន ម៉ាណា ក៏​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ផ្ញើ​តាម​ហ្វេសប៊ុក​ផ្លូវការ​លោកស្រី​កាល​ពី​ថ្ងៃ​ចន្ទ​ដែរ​ខណៈ​ដែល​លោក អ៊ាង សុផល្លែត ជំនួយការ​លោក ហ៊ុន សែន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​​ចំពោះ​របាយការណ៍​នេះ។

យ៉ាង​ណា​ក៏ដោយ​លោក​ អ៊ុយ ​សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទ​ក្រហម​កម្ពុជា​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​ Global Witness នេះ។ លោក​បាន​អះអាង​ថា​លោក​ជំទាវ​អត់​មាន​ការ​រកស៊ី ឬ​ភាគហ៊ុន​ជាមួយ​នឹង​ក្រុមហ៊ុន​ណា​មួយ​ដូច​ការ​ចោទប្រកាន់​របស់​អង្គការ​ Global Witness​ នោះ​ទេ។

លោក​ សំអាត​ បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «Global Witness ចេះ​តែ​ថា។ ​រឿង​សម្តេច​ប្រធាន​គឺ​លោក​អត់​មាន​ទេ។​ តែ​រឿង​កូនចៅ​គាត់​ពូ​ក៏​មិន​ស៊ី​ជម្រៅ​ដែរ»។ តែ​លោក​​​បាន​លើក​ឡើង​ថា​នៅក្នុង​ច្បាប់​អត់​មាន​ហាមឃាត់​អត្តបុគ្គល​ណា​មួយ​មិន​ឲ្យ​ប្រកប​មុខរបរ​រកស៊ី​នោះ​ទេ​។

រីឯ​លោក ហ៊ុន ម៉ាណែត ​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី​ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ​ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ យឹម លាង កូន​ប្រុស​លោក យឹម ឆៃលី បដិសេធ​ និង​បាន​ថ្លែង​ថា​អង្គការ Global Witness ​ចេះ​តែ​លើក​ឡើង​ប៉ុណ្ណោះ​។

នៅ​លើ​ច្បាប់​?

នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ក្រុមហ៊ុន​ច្បាប់​ដែល​បង្កើត​ឡើង​ដោយ​លោកស្រី ហ៊ុន គឹមឡេង ក្មួយស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី​បាន​​គូសបង្ហាញ​អំពី​​គុណប្រយោជន៍​​ដែល​ខ្លួន​អាច​ផ្តល់​ឲ្យ​គឺ​ការងារ​ឡប់ប៊ី​។

ក្រុមហ៊ុន HML Law Firm & Consultants គឺ «​ត្រូវ​បាន​ដាក់​ជំហរ​យ៉ាង​ល្អ​​ក្នុង​ការ​ធានា​ឲ្យ​មាន​​កិច្ចសហការ​​ និង​លទ្ធផល​ល្អ​» ​ពី​ការ​ឡប់ប៊ី​ក្រសួង​ និង​ស្ថាប័ន​​របស់​រដ្ឋាភិបាល​»។ ​នេះ​បើ​តាម​គេហទំព័រ​របស់​​ខ្លួន។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​អង្គការ​ Global Witness ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ដែល​ជាប់​​ពាក់ព័ន្ធ​នឹង​គ្រួសារ​ត្រកូល​ ហ៊ុន ​ទទួល​បាន​ «​ការ​អនុគ្រោះ​ពិសេស​» នៅ​ក្នុង​​​កិច្ចការ​ជាមួយ​រដ្ឋ​ខណៈ​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​តុលាការ​​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រតិបត្តិការ​ជាមួយ​​និទ្ទណ្ឌភាព​ពី​ច្បាប់​ខណៈ​ច្បាប់​​បង្កើត​ឡើង​គឺ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​អំពើ​ពុករលួយ​ធានា​នូវ​តម្លាភាព និង​ផ្តន្ទាទោស​ចំពោះ​ការ​រំលោភ​​បំពាន​​ច្បាប់។

នៅ​ពេល​ទាក់ទង​នា​សប្តាហ៍​នេះ​ក្រុមហ៊ុន HML ​បាន​បដិសេធ​​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​​មិន​សមស្រប​ណា​​នោះ​ទេ​។

ប៉ុន្តែ​​នៅ​ក្នុង​ពិភព «​ល្អក់​កករ» ​នៃ​ពាណិជ្ជកម្ម​កម្ពុជា​ការ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​មាន​អំណាច​ខ្ពស់​ត្រឹមត្រូវ​គឺ​សំខាន់​ណាស់​។ នេះ​បើ​តាម​​ប្រភព​នៅក្នុង​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​។

ថ្លែង​សុំ​មិន​បញ្ចេញ​​ឈ្មោះ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​​ធុរកិច្ច​ជនជាតិ​បរទេស​​ដែល​មាន​បទពិសោធ​យូរ​មក​ហើយ​បាន​ថ្លែង​ថា​ខណៈ​មនុស្ស​មួយ​ចំនួន​ដូចជា​លោកស្រី គឹមឡេង ​​មាន​ទំនាក់​ទំនង​ជា​ចំហ​ជាមួយ​គ្រួសារ​ត្រកូល​ ហ៊ុន ដែល​មាន​ «​តម្លៃ​យ៉ាង​ខ្លាំង​»​ នៅ​ពេល​និយាយ​​អំពី​ការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​​ខណៈ​សាច់ញាតិ​ដទៃៗ​ជា​ញឹកញាប់​មាន​ទំនាក់​ទំនង​ស្ងាត់ៗ​ដើម្បី​ការពារ​គ្រួសារ​​ និង​​កេរ្តិ៍ឈ្មោះ​ដៃគូ​របស់​ពួកគេ។ «​ផ្នែក​រឹង​គឺ​ការ​ដឹង​ថា​អ្វី​ជា​របស់​ពួកគេ​ ឬ​អ្វី​ជា​របស់​អ្នក​ដទៃ​ពួកគេ​​មាន​កម្មសិទ្ធិ​ជាច្រើន​ដែល​អ្នក​មិន​ដែល​ឃើញ​ជា​លាយលក្ខណ៍​អក្សរ​​នៅ​កន្លែង​ណា​ទេ​»​។

ប្រភព​មួយ​ទៀត​​ជា​អ្នក​ជំនាញ​ច្បាប់​មាន​បទពិសោធ​យូរ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ផង​ដែរ​នោះ​បាន​ថ្លែង​ថា​សមាជិក​​គ្រួសារ​ និង​ឥស្សរជន​មាន​អំណាច​ដទៃៗ​ដែល​ភ្ជាប់​ទំនាក់​ទំនង​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ញឹកញាប់​ធ្វើការ​​ជា​ដៃគូ​ស្ងាត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ច្បាប់​ដោយ​រលូន។

គាត់​បាន​ថ្លែង​ថា៖«​ពួកគេ​ជួយ​ឲ្យ​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​រយៈពេល​លឿន​»​។ គាត់​បន្ថែម​ថា៖ «​ពួកគេ​ផ្តល់​ការ​គាំទ្រ​ល្អ​» ​នៅ​ក្នុង​ករណី​មាន​បញ្ហា​​ និង​កត់សម្គាល់​​ថា​វា​នឹង​ជួយ​ផង​ដែរ​លើ​បញ្ហា​ការងារ​ពាក់ព័ន្ធ​​អធិការកិច្ច​ពន្ធដារ​លើ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ត្រកូល ហ៊ុន​។

ទោះ​ជា​យ៉ាងណា​ក្តី​ពួកគេ​និយាយ​ថា​ការ​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ត្រកូល​ ហ៊ុន ​ឬ​បុគ្គល​មាន​អំណាច​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា​អាច​ប្រែ​ក្លាយ​ជា​ល្វីង​ជូរចត់​​​យ៉ាង​លឿន​ប្រសិន​បើ​កិច្ច​សន្យា​មិន​ត្រូវ​បាន​គោរព​។

កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​លោកស្រី​ ហ៊ុន ម៉ាលី ហ៊ុន គឹមឡេង និង ហ៊ុន សេងនី តែ​អ្នក​លើក​ទូរស័ព្ទ​បាន​ឆ្លើយ​ថា​ច្រឡំ​លេខ។

បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ស្ថាប័ន​រដ្ឋ​​របស់​កម្ពុជា​ជាពិសេស​ស្ថាប័ន​តុលាការ​ត្រូវ​បាន​ចាត់​ទុក​ថា​ពុករលួយ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ខណៈ​​ការ​ដាក់​លំដាប់​ថ្នាក់​​ស្តីពី​​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​​​​របស់​ធនាគារ​ពិភពលោក​បាន​ដាក់​បញ្ជី​កម្ពុជា​​ជា​ប្រទេស​ទី​ ១៣៣​ ក្នុង​ចំណោម​ប្រទេស​ ១៨៩​ ជាមួយ​នឹង​ «ការ​​អនុវត្ត​កិច្ចសន្យា​» ​គឺជា​វិស័យ​បារម្ភ​បំផុត​។

ប្រភព​អ្នក​ជំនាញ​ច្បាប់​​បាន​ថ្លែង​បន្ត​ថា៖ «បើ​សូម្បី​អ្នក​ទទួល​បាន​​ការ​សម្រេច​នៅ​ក្នុង​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នរណា​នឹង​អនុវត្ត​វា?​»។

បើ​តាម​របាយការណ៍​អាជីវកម្ម​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​​ត្រកូល​ ហ៊ុន ​គឺ​មាន​គម្រោង​ធំៗ​​ដែល​ទទួល​បាន​កិច្ចសន្យា​ពី​រដ្ឋ​ការ​រុករក​រ៉ែ​ធម្មជាតិ​រួម​ទាំង​ការ​កាប់​ឈើ​ រ៉ែ និង​បូម​ខ្សាច់ ឬ​ទទួល​បាន​សិទ្ធិ​យ៉ាង​រឹងមាំ​រួម​ទាំង​​អាជ្ញាប័ណ្ណ​​កាស៊ីណូ​​ និង​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​។

បើ​តាម​ទិន្នន័យ​ក្រុមហ៊ុន​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​​គ្រួសារ​ត្រកូល​ ហ៊ុន បាន​កាន់កាប់​សម្បទាន​រុករក​រ៉ែ​​ក្នុង​ខេត្ត​ចំនួន​ប្រាំ​រួម​ទាំង​ដី​ចំនួន​ ២០០០០ ​ហិកតា​​ក្នុង​ខេត្ត​ឧត្តរមានជ័យ​​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​ Worldwide Investment Group ​របស់ ហ៊ុន គឹមឡេង ​ក្មួយ​ប្រុស​​​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ថ្លែង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​ថា​ទីតាំង​នោះ​មាន​ «​ស្រទាប់​​ធ្យូង​ថ្ម​ដ៏ធំ​»​ ខណៈ​មាន​ការ​កត់សម្គាល់​​ផង​ដែរ​ថា​ក្រុមហ៊ុន​មាន​​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​​នៅ​​តាម​​បណ្តោយ​ទន្លេ​មេគង្គ​ចម្ងាយ​ ៤ ​គីឡូម៉ែត្រ​។

ការ​រកស៊ី​មួយ​ចំនួន​ក្នុង​វិស័យ​កសិកម្ម​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​រួម​ទាំង​​​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​​យ៉ាង​ហោច​ណាស់​​​​សម្បទាន​ចំនួន​ពីរ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ខណៈ​​អាជ្ញាប័ណ្ណ​កាស៊ីណូ​ក៏​ត្រូវ​បាន​ផ្តល់​​ទៅ​ឲ្យ​ក្រុមហ៊ុន​ Vina(HK)​ ដែល​ជា​ក្រុមហ៊ុន​មួយ​​របស់​​ភរិយា​​របស់​សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា​ លី យ៉ុងផាត់ គឺ​លោកស្រី គឹម ហ៊ាង ដែល​មាន​លោកស្រី ហ៊ុន ម៉ាណា ជា​ម្ចាស់​ភាគហ៊ុន​ផង​ដែរ​។

ជា​ការ​ឆ្លើយតប​ទៅ​អង្គការ Global Witness លោកស្រី​បាន​បដិសេធ​ថា​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ត្រកូល​ ហ៊ុន ​​ទេ​។

ទោះ​យ៉ាង​ណា​ក្តី​របាយការណ៍​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ភ័ស្តុតាង​ថា​ពួកគេ​ត្រូវ​បាន​​ផ្តល់​ឲ្យ​​អាជ្ញាប័ណ្ណ​ និង​កិច្ចសន្យា​​ដោយ​មិន​លម្អៀង​ដោយ​​លើក​ឡើង​អំពី​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​នឹង​ដាក់​ទោសទណ្ឌ​ចំពោះ​ការ​​ផ្តល់​ប្រយោជន៍​មិន​យុត្តិធម៌​​ ឬ​ការ​ប្រព្រឹត្ត​អនុគ្រោះ​​ដោយ​រដ្ឋ​។

អ្នក​និពន្ធ​របាយការណ៍​នេះ​បាន​និយាយ​ថា​៖ «​ដោយសារ​តែ​អំពើ​ពុករលួយ ​និង​ការ​ខ្វះ​តម្លាភាព​​នៅ​ក្នុង​​វិស័យ​​សាធារណៈ​របស់​កម្ពុជា​នេះ​គួរ​លើក​ឡើង​ជា​បញ្ហា​ធ្ងន់ធ្ងរ​»។

Curtis S Chin អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ថ្លែង​ថា​បើ​ទោះបី​ជា​​វា​សំខាន់​​ក្នុង​ការ​ធ្វើឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​សកម្មភាព​ខុស​ច្បាប់​​ និង​​ការ​គ្រាន់​តែ​មាន​ «​​ភាព​​ជាប់​ទំនាក់​ទំនង​» ​របាយការណ៍​នេះ​គឺជា​ការ​ដាស់​តឿន​រំឭក​​ឲ្យ​មាន​តម្លាភាព​ជាង​មុន​។

Chin បាន​ថ្លែង​ថា​៖ «​​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន​​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​...ខ្លួន​ត្រូវ​បង្កើន​នូវ​អភិបាលកិច្ច​ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ»។

ទោះ​យ៉ាង​ណា​ក្តី​ទីប្រឹក្សា​​​អាជីវកម្ម​បាន​ថ្លែង​ថា​ដោយសារ​​សេដ្ឋកិច្ច​បដិបញ្ញត្តិ​​របស់​កម្ពុជា​ការ​វិនិយោគ​របស់​គ្រួសារ​ត្រកូល​ ហ៊ុន បើ​ទោះបី​ជា​​ទ្រង់ទ្រាយ​ធំ​ក៏​មិន​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​ដល់​​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ទេ។

លោក​បាន​ថ្លែង​ថា​ការ​ធ្វើ​ទំនើបកម្ម​​មាន​ន័យ​ថា​វិស័យ​ឯកជន​កំពុង​តែ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រព័ន្ធ​ប្រើ​ឥទ្ធិពលជន​មាន​អំណាច​​ឆ្ពោះ​ទៅ​រក​​ការ​អនុវត្ត​​ធុរកិច្ច​​​ដែល​មាន​លក្ខណៈ​ឆ្លាតវៃ​ជាង​មុន​។ លោក​បាន​បន្ថែម​ថា​អាជីវកម្ម​បរទេស​ជាច្រើន​មិន​ចង់​ប្រថុយ​ប្រថាន​ភ្ជាប់​ខ្លួន​ពួកគេ​ជាមួយ​ឥស្សរជន​នយោបាយ​​ទេ។

ពួកគេ​បាន​និយាយ​ថា​៖ «​សំណួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​​គឺ​ថា​តើ​គ្រួសារ​នេះ​ទទួល​បាន​ទ្រព្យ​​សម្បត្តិ​នេះ​យ៉ាង​ដូច​ម្តេច​?» ។ ពួកគេ​បាន​ប៉ាន់​ប្រមាណ​ថា​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​នេះ​គឺ​មាន​ចន្លោះ​ពី​ ៥ ​ពាន់​លាន​​ទៅ​ ១០ ​ពាន់​លាន​ដុល្លារ​។

យើង​កំពុង​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​យើង

បើ​ទោះបី​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ផ្តល់​សិទ្ធិ​ឲ្យ​មាន​ការ​ឆ្លើយតប​ចំពោះ​បុគ្គល​ទាំងអស់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ផង​នោះ​គឺ​មាន​តែ​លោក សុខ ពុទ្ធីវុធ ដែល​ជា​ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ាលី ​​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី​បាន​ទទួល​ស្គាល់​ថា​លោក​មើល​ឃើញ​ «​បញ្ហា​ជាច្រើន​» និង​ថា «​ដំណោះស្រាយ​​ល្អ​គឺ​កម្រ​ត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ​»។

លោក សុខ ពុទ្ធីវុធ ប្រធាន​ក្រុមហ៊ុន Soma Group ​ដែល​​មាន​កិច្ចសន្យា​អភិវឌ្ឍអគារ​ថ្មី​​សម្រាប់​អាជ្ញាធរ​​អាកាសចរ​ស៊ីវិល​ និង​ការ​វិនិយោគ​ក្នុង​ចំនួន​ទឹក​ប្រាក់​ ១០០ ​លាន​ដុល្លារ​​នៅ​ក្នុង​ការ​ពង្រីក​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​បាន​ថ្លែង​ថា​៖ «​​ខ្ញុំ​អាច​យល់​អំពី​ការ​សន្មត​របស់​អ្នក​ថា​ខ្ញុំ​​បំពាន​អំណាច​ដើម្បី​ទៅ​ដល់​កន្លែង​ដែល​ខ្ញុំ​​មាន​បច្ចុប្បន្ន​ប៉ុន្តែ​ខ្ញុំ​អាច​ធានា​អ្នក​ថា​ខ្ញុំ​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​អំពី​បញ្ហា​ប្រឈម​នៃ​ការ​​កសាង​ក្រុម​វិស័យ​ឯកជន​ដែល​មាន​​ការ​ទទួល​ខុស​ត្រូវ​»។

ថ្លែង​កាលពី​សប្តាហ៍​មុន​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​លោក ពុទ្ធីវុធ ដែល​នា​សប្តាហ៍​នេះ​ វ​បាន​ជ្រើសរើស​ជា​ថ្មី​ជា​ប្រធាន​សហព័ន្ធ​អង្ករ​កម្ពុជា​បាន​ថ្លែង​ថា​ទំនាក់​ទំនង​របស់​លោក​ជាមួយ​គ្រួសារ​​ដើម្បី​ធ្វើ​ឲ្យ​មាន​គោល​នយោបាយ​ផ្លាស់ប្តូរ​គឺជា​វិធី​​ល្អ​មួយ​សម្រាប់​ប្រទេស​។

ទោះ​យ៉ាង​ណា​ក្តី​មន្រ្តី​ទូត​ម្នាក់​​នៅ​រាជធានី​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​តម្រូវការ​ឲ្យ​​មាន​​ការ​ជាប់​ពាក់ព័ន្ធ​នយោបាយ​​គឺជា​ការ​បំបាក់​ទឹក​ចិត្ត​​ធំ​មួយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ពេល​ពួកគេ​ស្វែងរក​ការ​ពិភាក្សា​​អំពី​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​៕

TK/PS (អត្ថបទ​បកប្រែ)

អត្ថបទគួរចាប់អារម្មណ៍