ភ្នំពេញៈ សហរដ្ឋអាមេរិក​ក្រោយ​ពី​ប្រកាស​ផ្អាក​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ថា​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ​កំពុង​ដើរ​ថយក្រោយ​តាមរយៈ​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​នានា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នោះ ឥឡូវ​បាន​ងាក​មក​ផ្តល់​ជំនួយ​មួយ​ផ្នែក​វិញ​ជាង​ ១ ​លាន​ដុល្លារ​លើ​គម្រោង​កម្ចាត់មីន​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃទី​ ៣០ ​ខែ​ឧសភា​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាមរយៈ​ការិយាល័យ​កាត់បន្ថយ​សព្វាវុធ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​កម្ចាត់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​ក្នុង​ការ​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ព័ត៌មាន និង​កិច្ចប្រតិបត្តិការ​បោស​សម្អាត​សំណល់​គ្រាប់បែក​ចង្កោម​នៅ​តំបន់​ខាង​កើត​ប្រទេស​កម្ពុជា​ដែល​ត្រូវ​អនុវត្ត​សហការ​រួម​គ្នា​រវាង​អង្គការ​ជា​ដៃគូ​ជំនួយ​នៃ​ប្រជាជន​ន័រវែស​ (NPA) ​និង​អង្គភាព​ស៊ីម៉ាក់​។

គម្រោង​នេះ​សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​មក​អង្គភាព​ស៊ីម៉ាក់​ផ្ទាល់​ចំនួន​សរុប​ ១.៦០០.០០០ ​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​ ១២ ​ខែ​ (​មីនា​ ២០១៨-កុម្ភៈ​ ២០១៩) ​។ ជំនួយ​នេះ​គាំទ្រ​កម្លាំង​ប្រតិបត្តិការ​របស់​អង្គភាព​ស៊ីម៉ាក់​ចំនួន​ ១៩១ ​នាក់​ដែល​ត្រូវ​ប្រតិបត្តិការ​នៅ​ខេត្ត​កំពង់ចាម ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និង​ខេត្ត​ស្ទឹងត្រែង​។

ដើម្បី​សម្រេច​បាន​ក្នុង​រយៈពេល​នៃ​ការអនុវត្ត​គម្រោង ស៊ីម៉ាក់​បាន​ដាក់​ចេញ​គោលដៅ​សំខាន់​ ៣ ទី​ ១ ពង្រាយ​កម្លាំង​ស្រាវជ្រាវ​ព័ត៌មាន​តំបន់​សង្ស័យ​សំណល់​គ្រាប់បែក​ចង្កោម​លើ​ផ្ទៃដី​ចំនួន​ ៣០០០ ​ហិកតា​នៃ ៧៦៨ ​ភូមិ​។ ទី​ ២ ពង្រាយ​កម្លាំង បោសសម្អាត​តំបន់​រង​ផលប៉ះពាល់​ដោយ​សំណល់​គ្រាប់បែក​ចង្កោម​ចំនួន​ ២២០០ ​ហិកតា និង​ទី​ ៣ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​រំដោះ​តំបន់​សំណល់​គ្រាប់បែក​ចង្កោម​ទាំងអស់​ពី​តំបន់​ទិស​ខាង​កើត​ប្រទេស​ក្នុង​ន័យ​គាំទ្រ​ដល់​ផែនការ​ជាតិ សកម្មភាព​មីន ២០១៨-២០២៥​។

សហរដ្ឋអាមេរិក​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ​​មក​ក្រោយ​ពេល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ភាពចម្រូង​ចម្រាស​រហូត​ឈាន​ដល់​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​អន្តរជាតិ ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ចាប់​មេដឹកនាំ​បក្ស លោក កឹម សុខា ដាក់គុក ប្រទេស​មហាអំណាច​មួយ​នេះ​បាន​សម្រេច​បិទ​ការ​ផ្តល់​ជំនួយ​មក​ឲ្យ​ប្រទេស​កម្ពុជា​។ ការព្យួរ​ជំនួយ​គឺជា​ការដាក់​ទណ្ឌកម្ម​មួយ​ផ្នែក​មក​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​ចោទ​ថា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន មាន​ការ​រំលោភ​សិទ្ធិមនុស្ស​រឹតត្បិត​សេរីភាព​ក្នុង​ការ​សម្តែង​មតិ​។

អ្នក​វិភាគ​នយោបាយ និង​ស្រាវជ្រាវ​បញ្ហា​សង្គម​លោក​បណ្ឌិត មាស នី ថ្លែង​ថា ការងាក​មក​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ពី​សំណាក់​សហរដ្ឋអាមេរិក​វិញ​នេះ មាន​ន័យ​ថា​អាមេរិក​មិន​ចង់​បិទ​ទ្វារ​ទាំង​ស្រុង​នោះ​ទេ គឺ​ទុក​ច្រក​ខ្លះ​សម្រាប់​កម្ពុជា​។ លោក​ថា​ការផ្តល់​ជំនួយ​បែប​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​សម្រាប់​មនុស្សធម៌ ដែល​ជំនួយ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការផ្តល់​ទៅ​រដ្ឋាភិបាល​ក្នុង​រឿង​នយោបាយ​ទៅ​លើ​ផ្នែក​ផ្សេងៗ​របស់​រដ្ឋាភិបាល​នោះ​ទេ​។

លោក មាស នី បញ្ជាក់​ថា​៖ «​ខ្ញុំ​មើល​ទៅ​ទំនង​ដូចជា​សហរដ្ឋអាមេរិក​នៅ​តែ​ទុក​ច្រកទ្វារ​ខ្លះ​សម្រាប់​ធ្វើឲ្យ​មាន​ការ​បើក​ផ្លូវ​កុំ​ឲ្យ​បិទ​ជិត​ពេក​។ បើ​បិទ​ជិត​ពេក​វា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​គ្មាន​ច្រកចេញ ហើយ​បើ​កាល​ណា​គ្មាន​ច្រក​ចេញ​គឺ​ផ្អែក​ទៅ​លើ​ចិន​កាន់តែ​ខ្លាំង​ហើយ​។ បើ​កាល​ណា​ផ្អែក​ទៅ​លើ​ចិន​កាន់តែ​ខ្លាំង​គឺ​ប្រជាធិបតេយ្យ​មាន​ភាពគ្រោះថ្នាក់​កាន់តែ​ធ្ងន់​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ​៕