ភ្នំពេញៈ សហរដ្ឋអាមេរិក​នឹង​និរទេស​ជនជាតិ​កម្ពុជា​ចំនួន ៥១ នាក់​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​មក​ដល់​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដែល​ការ​និរទេស​នេះ​គឺជា​ការ​និរទេស​ដ៏ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី​មាតុភូមិនិវត្តន៍​រយៈពេល​ ១៥ ​ឆ្នាំ​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​។

ក្រុម​ដែល​ត្រូវ​និរទេស​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​រួមបញ្ចូល​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​រាងកាយ​ដែល​មាន​លក្ខណៈ​មាន​ជំងឺ​រុំារ៉ៃ​។ នេះ​បើ​តាម​អង្គការ 1Love Cambodia ដែល​ជា​អង្គការ​គាំទ្រ​ជន​ដែល​ត្រូវ​និរទេស​។

ក្រុម​នេះ​បាន​ថ្លែង​នៅក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ «​យើង​ត្រូវ​បាន​ជម្រាប​ថា​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​របស់​អាមេរិក ក្រុម​នេះ​នឹង​រួម​បញ្ចូល​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​រុំារ៉ៃ​ដែល​នឹង​តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​ជាប់​ជានិច្ច​ពី​សហគមន៍​របស់​យើង​»​។ «​យើង​មាន​ការ​ឈឺចាប់ ហើយ​ខឹង​ដែល​និយាយ​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ​»​។

លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ទោះ​យ៉ាង​ណា​ក្តី​លោក គីម វន្នី មន្ត្រី​ផ្នែក​ពិនិត្យ​ពេល​ចូល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​បាន​បញ្ជាក់​ថា ក្រុមមន្ត្រី​កំពុង​រៀបចំ​សម្រាប់​ការមក​ដល់​របស់​ពួកគេ ប៉ុន្តែ​បាន​កត់សម្គាល់​ថា តួលេខ​ពេល​ខ្លះ​អាច​ផ្លាស់ប្តូរ​។

លោក វន្នី បាន​ថ្លែង​ថា​៖ «​ដើម្បី​ឲ្យ​ច្បាស់ នៅ​ថ្ងៃ​នោះ​ពួកគេ​បញ្ជូន​ឈ្មោះ​របស់​ពួកគេ​មក​ព្រលាន​យន្តហោះ​។ នោះ​យើង​នឹង​ដឹង​ច្បាស់​ថា តើ​ពួកគេ​កំពុង​មក​ឬ​អត់​»​។

លោក Brendan Raedy អ្នក​នាំពាក្យ​សម្រាប់​ផ្នែក​អន្តោប្រវេសន៍​អាមេរិក និង​គយ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​និយាយ​ថា​៖ «​ដោយសារ​សន្តិសុខ​ប្រតិបត្តិការ ICE មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ជើង​ហោះហើរ​នាពេល​ខាង​មុខ​រហូត​ទាល់​តែ​ការងារ​ត្រូវ​បាន​បញ្ចប់​»​។

ជនជាតិ​កម្ពុជា​រហូត​ដល់ ២០០ ​នាក់​ត្រូវ​បាន​រំពឹង​ថា​នឹង​និរទេស​ពី​អាមេរិក​មក​កម្ពុជា​នា​ឆ្នាំ​នេះ​។

មណ្ឌល​ទ្រទ្រង់​ជន​មាតុភូមិនិវត្តន៍​សមាហរណកម្ម​បាន​ទទួល​ជន​ដែល​ត្រូវ​បាន​និរទេស​ប្រមាណ ៥៥០ ​នាក់​រួច​មក​ហើយ​ក្នុង​រយៈកាល​ ១៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។ ភាគច្រើន​បំផុត​នៃ​អ្នក​ដែល​ត្រូវ​បាន​និរទេស​ទាំង​នោះ​បាន​ចូល​ទៅ​ក្នុង​ទឹកដី​អាមេរិក​ជា​ជនភៀសខ្លួន​តាំង​ពី​កុមារភាព​ដែល​រត់​គេច​ចេញពី​របប​ខ្មែរក្រហម​ជាមួយ​គ្រួសារ​របស់​ពួកគេ ហើយ​ពួកគេ​ជាច្រើន​មិន​ដែល​មក​ប្រទេស​កម្ពុជា ឬ​ថែម​ទាំង​មិន​ចេះ​និយាយ​ខ្មែរ​នោះ​ទេ​។

កម្មវិធី​និរទេស​នេះ​បង្កើត​ឲ្យ​មាន​ជម្លោះ​កាទូត​រវាង​អាមេរិក និង​កម្ពុជា​កាលពី​ឆ្នាំ​មុន​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ឈប់​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ដល់​អ្នក​ដែល​ត្រូវ​និរទេស​ភាគច្រើន​បំផុត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​និរទេស​។

កាលពី​ខែ​កុម្ភៈ​ ឧបការី​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​កិច្ចការ​កុងស៊ុល លោក Carl Risch បាន​ថ្លែង​ថា​ទណ្ឌកម្ម​ទិដ្ឋាការ​ទៅលើ​មន្ត្រី​ការបរទេស​ជាន់ខ្ពស់​កម្ពុជា អាច​នឹង​ត្រូវ​ដកចេញ​វិញ​ «​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ​» ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​តាម​ការសន្យា​ម្តង​ទៀត​ក្នុង​ការ​ទទួល​យក​អ្នក​ដែល​ត្រូវ​និរទេស​។

លោក Jimmy Hiem ដែល​ជា​សមាជិក​ម្នាក់​នៃ​អង្គការ 1Love Cambodia បាន​ថ្លែង​ថា ក្រុម​នេះ​កំពុង​ប្រមូល​ជំនួយ​សម្រាប់​ទិញ​សម្ភារ​ផ្ទះបាយ​សម្រាប់​អ្នក​ដែល​ត្រូវ​និរទេស​ដូចជា ឆ្នាំងបាយ ចានក្បាន និង​របស់របរ​ប្រើប្រាស់​ក្នុង​បង្គន់​ជាដើម​។

លោក Hiem ដែល​ត្រូវ​បាន​និរទេស​មក​កម្ពុជា​កាលពី​មួយ​ឆ្នាំ​កន្លះ​មុន​បាន​ថ្លែងថា លោក​បាន​ជួប​ការលំបាក​ចំពោះ​ការរស់នៅ​នៅ​ពេល​មិន​មាន​បងប្អូន​នៅក្នុង​ប្រទេស​កម្ពុជា និង​ចេះ​និយាយ​ខ្មែរ​តិចតួច​។

លោក​បាន​ថ្លែង​ថា​លោក​នៅ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​នៅ​ឡើយ​។

លោក Hiem បាន​ថ្លែង​បន្ត​ថា​៖ «​នៅក្នុង​ចិត្ត​របស់​ខ្ញុំ វា​មាន​ជីវិត​ផ្សេង​មួយ​ទៀត បន្ទាប់ពី​អាមេរិក​។ ប៉ុន្តែ​ពួកគេ​មិន​បោះបង់ចោល​ទេ ហើយ​នោះ​ជា​អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​គឺ​ជួយ​ពួកគេ​ឲ្យ​មាន​ទិសដៅ​ក្នុង​ប្រទេស​កម្ពុជា​»៕ PS