ភ្នំពេញៈ សហ​រដ្ឋ​អា​មេរិក បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​អ្វី​ដែល​អាមេរិក​លើក​​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជាបន្ត​ប្រើ​ការ​​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ហើយ​មាន​លក្ខណៈ​នយោបាយដើម្បី​យា​យី​​ពលរ​ដ្ឋ​របស់​ខ្លួន ដែល​រួម​មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួននា​ពេល​ថ្មីៗ​នេះ​ ដែល​ធ្វើ​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ដោយ​សន្តិវិធី។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ ដែល​ផ្ញើ​ទៅ​កាន់​ស្ថាប័ន​សារ​​ព័ត៌មាន​កាល​ពី​ម្សិល​មិញស្ថា​ន​​ទូត​អាមេរិក​បាន​ថ្លែង​ថា៖ «​ប្រជាពលរដ្ឋ​​កម្ពុជា​គ្រប់​រូប​ គួរ​តែ​អាច​អនុវត្ត​សិទ្ធិ​របស់​គេក្នុង​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ​ ដោយ​សេរី និង​ក្នុង​ការ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី»។

សេចក្ដី​ថ្លែង​ការ​ណ៍ដដែល​បន្ត​ថា៖ «យើង​តែង​តែ​បាន​អំពា​វ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹត​ត្បិត​នយោបាយ​ដ៏​ហួស​ហេតុ ទៅ​លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា​ដោះ​លែង​អ្នក​ជាប់​ពន្ធ​​នា​គារ​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំ​ពើ​ចិត្ត ឬ​ទាំង​ខុស​ច្បាប់​ ហើយ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន»។

ប៉ុន្តែ​សេចក្ដី​ថ្លែង​ការណ៍​នេះ​ ត្រូវ​​​បាន​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​បក​ដោយ​លើក​ឡើង​ថា នៅ​កម្ពុជា​ មិន​មាន​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាពនៃ​ការ​បញ្ចេញ​មតិ​ទេ។

លោក​ថ្លែង​ថា៖ «វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​គាត់ គំនិត​របស់​គាត់​បង្ហាញ​ពី​ការ​លម្អៀង​ផ្នែក​នយោបាយ​ អ៊ីចឹង​ហើយបាន​ជា​គាត់​និយាយ​ដូច្នេះ​។ មិន​មាន​ការ​រឹតត្បិត​សិទ្ធិ​​សេរីភាព​អី​ទេ បើ​សិន​ពួក​គេ​មិន​រំលោភ​ច្បាប់»។

កាល​ពី​សប្ដាហ៍​មុនមនុស្ស​ ៧​ នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ប្រារព្ធ​ខួប ​៣ ឆ្នាំ​ នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​ លោក កែម ឡី។ ប៉ុន្តែ​ក្រោយ​មក​ម​នុស្ស ​៥ នាក់ ​ត្រូវ​បាន​ដោះ​លែង​វិញ​ ចំណែក​ ២ ​នាក់​ រួម​មាន​លោក គង់​ រ៉ៃយ៉ា និង​លោក សួង​ នាគព័ន្ធ​ ត្រូវ​បាន​​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​​ជា​អាទិ៍ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។

លោក សុខ ឥសាន បាន​ថ្លែង​​ថា ការ​លក់​អាវ​យឺត​របស់ ​គង់​ រ៉ៃយ៉ា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ និង​ជា​ការ​យក​សាក​​សព​លោក កែម ឡី ធ្វើ​ជា​ជំនួញ។ ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​​រិះ​គន់​លើ​ការ​បញ្ជូន​ជន​ជាតិ​ខ្មែរ​អាមេរិកាំង​មកកម្ពុជា​វិញរបស់​អាមេរិក​​កាល​ពី​ពេល​ថ្មីៗ​នេះ​ផងដែរ។

លោក​ថ្លែង​ថា៖ «យើង​មិន​បាន​ធ្វើ​អ្វីតាម​អំពើ​ចិត្ត​ ឬ​ខុស​ច្បាប់​អ្វី​ទេ គឺ​យើង​ធ្វើ​តាម​ប្រព័ន្ធ​​តុលាការ​របស់​យើង។ មិនដែល​អ្នក​ណា​ម្នាក់​ ដើរ​តាម​ផ្លូវ​សុខៗ ហើយ​គេ​ទៅ​ចាប់​ដាក់គុកដោយ​គ្មាន​ហេតុ​ និង​ផល​ទេ»។

លោក សុខ ឥសាន ថ្លែង​ថា​ អាមេរិក​មិន​គួរ​ធ្វើ​ការ​វាយ​តម្លៃ​ ដោយ​ឈរ​លើ​របៀបវារៈ​នយោ​​បាយ​ទេ គេ​គួរ​ផ្អែក​លើ​ការ​ពិត​ជាក់​ស្ដែង។ សេចក្តី​ថ្លែង​ការណ៍​​របស់​អាមេរិក​​គឺ​បង្ហាញ​ពី​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

ប៉ុន្តែ លោក ឡៅ ម៉ុងហៃ អ្នក​​វិភាគ​នយោបាយ​បាន​ការ​ពារ​សេច​ក្តី​ថ្លែងការណ៍​របស់​អា​​មេរិក​ថា ក្នុង​នាម​ជា​ភាគី​មួយ​នៃកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​​គាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នោះ ​អាមេរិក​​គ្រាន់​តែ​ធ្វើ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង។ កិច្ច​ព្រម​ព្រៀង​នោះ​ចែង​ថា៖ «ត្រូវ​លើក​កម្ពស់​ និង​ជំរុញ​ការ​គោរព និង​ឃ្លាំ​​មើល​សិទ្ធិ​មនុស្ស​ និង​សេរីភាព​សំខាន់ៗ​នៅ​កម្ពុជា»។

លោក​ថ្លែង​ថា៖ «អ្នក​ដែល​មាន​ហេតុ​ផល​ នឹង​មិន​ចាត់​ទុក​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា​ ជា​ការ​ជ្រៀត​ជ្រែក​លើ​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​ទាល់​តែសោះ»៕