
លោក Patrick Murphy ក្នុងកម្មវិធីស្បៀងអាហារពិភពលោកឆ្នាំមុន។ ហ៊ាន រង្សី
ភ្នំពេញៈ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនដែលហៅកាត់ថា USAID បានផ្តល់ជំនួយចំនួន ៨៧៥ ០០០ ដុល្លារបន្ថែមដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានានៅកម្ពុជា។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ WFP,(USAID) និងសភាពាណិជ្ជកម្មអាមេរិក (AmCam) ដែលបានផ្សាយកាលពីម្សិលមិញ។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងក្នុងសេចក្តីប្រកាសថា ការបំផ្លិចបំផ្លាញបង្កឡើងដោយទឹកជំនន់នៅឆ្នាំមុន បានបង្ហាញពីភាពចាំបាច់ក្នុងការត្រៀមខ្លួនដោះស្រាយទៅលើផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។
លោកបានថ្លែងថា៖ «ថវិកាដែលទទួលបានពីការិយាល័យជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID នេះនឹងផ្ដល់លទ្ធភាពឱ្យកម្មវិធីស្បៀងអាហារពិភពលោកពង្រឹងបន្ថែមទៅលើគម្រោងស្ដីពី“ ការច្នៃប្រឌិតថ្មីដើម្បីត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះអាសន្នដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែល USAID បានគាំទ្រតាំងពីឆ្នាំ ២០១៩ រហូតដល់ខែមីនាឆ្នាំ ២០២២»។
ទន្ទឹមនឹងនេះដែរ លោកស្រី Claire CONAN តំណាងឱ្យ (WFP) ប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់ USAID ចំពោះការគាំទ្របន្ថែមដល់កម្ពុជាដែលតែងប្រឈមនឹងវិបត្តិអាកាសធាតុដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត។
លោកស្រីបានបញ្ជាក់ថា៖ «ជំនួយនេះនឹងជួយដល់ដៃគូរដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការមនុស្សធម៌នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីត្រៀមខ្លួន និងឆ្លើយតបចំពោះវិបត្តិទាំងនេះដោយប្រើប្រាស់ព័ត៌មានដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារមនុស្សធម៌បានទាន់ពេលវេលា»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខា បានថ្លែងថា ជំនួយនេះនឹងរួមចំណែកជួយដល់ជនរងគ្រោះរាំងស្ងួត និងជនក្រីក្រផងដែរ។
លោកថា៖ «កម្មវិធីស្បៀងអាហារពិភពលោកបានជួយបញ្ហាផ្នែកស្បៀងទៅដល់ប្រជាជនមិនថាអ្នករងគ្រោះទេ គឺទាំងជនក្រីក្រខ្វះស្បៀងជំនួយនេះមិនមែនតែតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទេ ក៏មានតាមរយៈស្ថាប័នផ្សេងៗទៀតដែលពាក់ព័ន្ធការងារនេះ»។
លោកស្រី ជា ជូ មន្ត្រីផ្នែកទំនាក់ទំនងនៃកម្មវិធីស្បៀងអាហារពិភពលោកកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ជំនួយនេះនឹងយកទៅប្រើលើយន្តការដែលមានស្រាប់រួមមាន ពង្រឹងប្រព័ន្ធព័ត៌មានសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិដែលមានឈ្មោះថា“ ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ ( PRISM)”។ ក្នុងនោះមានកែលម្អសមត្ថភាពតាមដានគ្រោះវិបត្តិអាកាសធាតុ ប៉ាន់ស្មានផលប៉ះពាល់លើពលរដ្ឋ និងកំណត់គោលដៅផ្ដល់ជំនួយបន្ទាន់ដល់កន្លែងដែលត្រូវការជំនួយបំផុត។
លោកស្រីបន្តថា ការគាំទ្រដល់ប្រព័ន្ធប្រកាសអាសន្នជាមុនអំពីទឹកជំនន់គឺដើម្បីជួយពង្រីកវិសាលភាព និងពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន និងសហគមន៍ដែលរងហានិភ័យដោយប្រើប្រាស់ព័ត៌មានដើម្បីសង្គ្រោះអាយុជីវិត និងបន្តគាំទ្រដល់វេទិកាឆ្លើយតបជំនួយមនុស្សធម៌ (HRF) ដែលជាវេទិកាពហុវិស័យ និងចម្រុះស្ថាប័នដែលសម្របសម្រួលសកម្មភាពត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះអាសន្នដើម្បីរួមចំណែកដល់សកម្មភាពថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល។ បើតាមលោកស្រីជំនួយនេះនឹងជួយដល់គម្រោងដែលមានស្រាប់រយៈពេល ១ ឆ្នាំ ចាប់ពីខែមេសាឆ្នាំនេះ ដល់ឆ្នាំក្រោយ។
កាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន ៧០ ម៉ឺនដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោកដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលចេញផ្សាយពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំមុន ក្នុងអំឡុងកម្ពុជាមានគ្រោះទឹកជំនន់នោះបានឱ្យដឹងថា យ៉ាងហោចណាស់មានរាជធានី-ខេត្តចំនួន ១៩នៅកម្ពុជាបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបណ្តាលឲ្យមនុស្ស ២៥ នាក់ស្លាប់ និងជាង ៣០ ម៉ឺននាក់បានរងផលប៉ះពាល់៕