ភ្នំពេញៈ រដ្ឋាភិបាលអាមេរិកបានសម្រេចផ្ដល់ជំនួយជាង ៤២ ម៉ឺនដុល្លារបន្ថែមទៀត ដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដើម្បីស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់នៅភាគខាងកើតនៃប្រទេស កម្ពុជា នាសម័យសង្គ្រាម កាលពីទសវត្សរ៍ ៧០។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបាននិយាយថា កាលពីថ្ងៃពុធ លោកបានចុះកិច្ចព្រមព្រៀងជាមួយលោក Rune Kristian Dale-Andresen ប្រធានអង្គការ Norwegian People''s Aid (NPA) ប្រចាំនៅកម្ពុជា លើគម្រោងស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម នៅភាគខាងកើតនៃប្រទេស កម្ពុជា ដែលមានទឹកប្រាក់ចំនួន ៤២៥ ០០០ ដុល្លារអាមេរិក។ គម្រោងនេះ គាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកបានបន្តថា កាលពីដើមខែមីនាកន្លងទៅ រដ្ឋាភិបាលអាមេរិក បានផ្ដល់ជំនួយ ១,៦ លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ CMAC លើគម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅភាគខាងកើតនៃប្រទេស កម្ពុជា ដែលមានរយៈពេល ១២ ខែ ដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២៨ ខែ កុម្ភ: ឆ្នាំ ២០២០។
ជំនួយថវិកាបន្ថែមតាមរយៈអង្គការ NPA នាពេលនេះ បានធ្វើឲ្យជំនួយសរុបនៅក្នុងឆ្នាំ ២០១៩ របស់រដ្ឋាភិបាលអាមេរិក ដល់ CMAC សម្រាប់ការគាំទ្រលើគម្រោងនេះ កើនឡើងរហូតដល់ ២,២៥ លានដុល្លារ។
លោក រតនា បានបញ្ជាក់ថា៖ «គម្រោងថវិកាបន្ថែមថ្មីនេះគឺសម្រាប់គាំទ្រដល់ការចុះសិក្សាស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម នៅក្នុងភូមិគោលដៅចំនួន ៧៤៤ ភូមិ ដែលស្ថិតនៅក្នុងខេត្តភាគខាងកើតនៃប្រទេស កម្ពុជា»។
នេះជាប្រតិបត្តិការឆ្នាំទី២ នៃគម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមលើផ្ទៃដី ២ ២០០ ហិកតា នៅភាគខាងកើតនៃប្រទេស កម្ពុជា ដែលកាលពីឆ្នាំ ២០១៨ កន្លងទៅនេះ CMAC បានទទួលជំនួយថវិកាចំនួន ១,៦ លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសមួយដែលបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីដោះគ្រាប់មិនទាន់ផ្ទុះដែលកប់ក្នុងដីកាលពីសម័យសង្គ្រាម។ ក្រៅពីនេះ ក៏មានប្រទេសមួយចំនួនក៏បានផ្ដល់ជំនួយដល់កម្ពុជាសម្រាប់បោសសម្អាតគ្រាប់មិនទាន់ផ្ទុះផងដែរដូចជា ប្រទេស អូស្ត្រាលី បារាំង ជប៉ុន សហភាពអឺរ៉ុប រួមទាំងទីភ្នាក់ងារបរទេស និងអង្គការអន្តរជាតិមួយចំនួនទៀត៕