ភ្នំពេញៈ មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​បាន​ពង្រីក​ការដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ និង​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ចាត់ទុក​ថា​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឱ្យ​ខូច​ដល់​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថា អាមេរិក​មិន​យក​ប្រជាធិបតេយ្យ​ធ្វើ​ជា​លេស​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នោះ​ទេ​។

នៅក្នុង​សន្និសីទ​រយៈពេល​ខ្លី​កាលពី​ថ្ងៃ​ពុធ​នៅ​សហរដ្ឋ​អាមេរិក​លោកស្រី Heather Nauert អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា​សហរដ្ឋអាមេរិក​បាន​ពង្រីក​ការដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​នៅ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​។ លោកស្រី​បាន​លើក​ឡើង​ថា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ចាត់ទុក​ការបោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ថា​មិន​ត្រឹមត្រូវ មិន​សេរី និង​មិន​យុត្តិធម៌​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​ដូច​ដែល​បាន​ពិនិត្យ​មើល​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថ្ងៃទី​ ២៩ ខែ​កក្កដា​របស់​សេតវិមាន​អំពី​ការបោះឆ្នោត​នៅ​កម្ពុជា យើង​បាន​ពង្រីក​ការ​រឹតត្បិត​ការផ្តល់​ទិដ្ឋាការ​ដែល​បាន​ផ្តួចផ្តើម​ឡើង​កាលពី​ថ្ងៃ​ទី​ ៦ ​ខែ​ធ្នូ​ឆ្នាំ​ ២០១៧ ​ទៅ​លើ​បុគ្គល​ពាក់ព័ន្ធ​ដែល​ធ្វើឱ្យ​ខូច​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​»​។

លោកស្រី​បាន​បន្ត​ថា​៖ «​ការពង្រីក​ការ​រឹតត្បិត​ផ្តល់​ទិដ្ឋាការ​នេះ​នឹង​អនុវត្ត​ចំពោះ​ទាំង​បុគ្គល​ដែល​នៅ​ខាងក្នុង និង​ខាងក្រៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​ដ៏លេចធ្លោ​បំផុត​នៅ​មុន​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​។ ក្នុង​កាលៈទេសៈ​ជាក់លាក់​មួយ​​ចំនួន សមាជិក​គ្រួសារ​របស់​ពួកគេ​ក៏​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការរឹតត្បិត​នេះ​ផងដែរ​»​។

យ៉ាង​ណា​ក្ដី​លោកស្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជំរុញ​​មាន​ការ​ផ្សះផ្សា​ជាតិ អនុញ្ញាត​ឱ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​សង្គម​ស៊ីវិល​អាច​បំពេញ​​មុខងារ​បាន​ក៏​ដូច​ការដោះលែង​លោក កឹម សុខា និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត និង​លុបចោល​នូវ​បម្រាម​ហាម​បក្សប្រឆាំង​​មិន​ឲ្យ​ធ្វើ​នយោបាយ​ជាដើម​។

ក្រសួង​ការបរទេស​អាមេរិក​មិន​បាន​ផ្តល់​ឱ្យ​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ដែល​នឹង​ដាក់​ចូល​ក្នុង​ការ​រឹតត្បិត​នេះ​ទេ​។ ប៉ុន្តែ​​កាលពី​ខែ​មិថុនា​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​បង្កក​ទ្រព្យសម្បត្តិ​លោក​ ហ៊ីង ប៊ុនហៀង មេបញ្ជាការ​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ភ្ជាប់​រូប​លោក​ជាមួយ​នឹង​ករណី​វាយ​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្បែរ​រដ្ឋសភា ដោយសារ​អង្គរក្ស​ ៣ ​នាក់​នោះ​គឺ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ីង ប៊ុនហៀង ហើយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​ផ្តន្ទាទោស​។

នៅក្នុង​ខែ​មិថុនា​ដដែល អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​បាន​ហៅ​ឧត្តមសេនីយ៍ ១២ ​រូប​ថា​មាន «​បាតដៃ​កខ្វក់​» និង​បាន​ចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

ក្រោយមក​កាលពី​ខែ​កក្កដា​អង្គការ Global Witness បាន​ដាក់​ឈ្មោះ​ឧកញ៉ា​ ៤ ​រូប​ថា មាន​តួនាទី​មួយ​ចំនួន​ដែល​ធ្វើឱ្យ​ខូច​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​នោះ​រួមមាន សមាជិក​ព្រឹទ្ធសភា​លោក ម៉ុង ឫទ្ធី​, សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់​, សមាជិក​ព្រឹទ្ធសភា​លោក ឡាវ ម៉េងឃីន និង​លោក​ឧកញ៉ា ទ្រី ភាព ផង​ដែរ​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា កម្ពុជា​មាន​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​គឺ​ត្រូវ​បាន​សាទរ​ពី​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​។ លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មិន​គួរ​យក​លទ្ធិប្រជាធិបតេយ្យ​ធ្វើ​ជា​លេស​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ទេ ពីព្រោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាង​ ៨០ ​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត​។

លោក​បន្ថែម​ថា​៖ «​យើង​មិន​អាច​លក់​អធិបតេយ្យភាព​របស់​កម្ពុជា​បាន​ទេ យើង​មិន​អាច​លក់​ឆន្ទៈ​របស់​ប្រជាជន​ដែល​បាន​បោះឆ្នោត​ឱ្យ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឡើយ យើង​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សម្តេចតេជោ ហ៊ុន សែន បាន​ទេ​។ នៅក្នុង​ការបោះឆ្នោត​លើក​មុន​អាយ៉ង​របស់​សហរដ្ឋអាមេរិក​មិន​បាន​ទទួល​យក​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​សម្តេច ហ៊ុន សែន​បាន​បង្កើត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​បង្កើត​ «​វប្បធម៌​សន្ទនា​» ប៉ុន្តែ​វា​បរាជ័យ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ឥឡូវ​​នេះ ទោះបី​សម្តេច ហ៊ុន សែន ​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ហៅ​ «​លទ្ធិប្រជាធិបតេយ្យ​ ហ៊ុន សែន​» គឺថា​គាត់​បើក​ចិត្ត​ដល់​គណបក្ស​ក្រៅ​សភា​ឲ្យ​អាច​ជជែក​វែកញែក​​ជាមួយ​គណបក្ស​ប្រជាជន​បាន​តាមរយៈ​វេទិកា​»​។

លោក ផៃ ស៊ីផាន បន្ថែម​ថា​លោក​មិន​ទាន់​បាន​ឃើញ​សកម្មភាព​ពិតប្រាកដ​នៃ​ការដាក់​ទណ្ឌកម្ម​នេះ​ទេ ហើយ​ថា ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​នោះ​វា​នឹង​ប៉ះពាល់​ដល់​សហគមន៍​អាស៊ាន​ទាំង​មូល​។

លោក​ថ្លែង​ថា​៖ «​បន្ទាប់ពី​ឆ្នាំ​ ១៩៧៩ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ជន​ដែល​នៅ​រស់រាន​មាន​ជីវិត​នៃ​របប​ខ្មែរ​ក្រហម​។ ​ដូច្នេះ​យើង​មាន​បទពិសោធ​​គ្រប់គ្រាន់​ហើយៗ​ឥឡូវ​នេះ​យើង​មាន​ភាពក្លាហាន និង​តស៊ូ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​យើង​»៕ NS