ភ្នំពេញៈ សហរដ្ឋអាមេរិក​បាន​សន្យា​ជួយ​បណ្តុះបណ្តាល​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ល្អប្រសើរ ខណៈ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី លោក Patrick Murphy បាន​ជួប​ពិភាក្សា​ជាមួយ​នាយឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ជា​អ្វីដែល​អ្នកវិភាគ​មើលឃើញ​ថា ជា​ការចាប់ផ្ដើម​ធ្វើឲ្យ​ទំនាក់ទំនង​បាន​ប្រសើរ​ឡើងវិញ​។

នៅក្នុង​ជំនួប​ជាមួយ​លោក PatrickMurphy នៅ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​កាលពី​ថ្ងៃទី​ ៣ ធ្នូ លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​សំណូមពរ​ឲ្យ​ភាគី​សហរដ្ឋ-អាមេរិក​ជួយ​បណ្តុះបណ្តាល​​ធនធាន​មនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ក្នុង​នោះ​មាន​​ការពង្រឹង​កិច្ចប្រតិបត្តិការ​នៃ​កម្លាំង​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​ត្រូវ​ទៅ​បំពេញ​បេសកកម្ម​ការងារ​​មនុស្សធម៌​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​។

ជាមួយ​គ្នា​នេះ​លោក វង្ស ពិសេន ក៏បាន​បញ្ជាក់​នៅលើ​​ហ្វេសប៊ុក​របស់​អគ្គមេបញ្ជាការ​​នៃ​កងយោធពល​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​អង្គារ​ដែរ​ថា​៖ «​បន្ត​សហការ​ល្អជា​មួយ​សហរដ្ឋ​អាមេរិក​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ក៏ដូចជា​កិច្ចសហការ​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​»​។

ជា​ការឆ្លើយតប​លោក Patrick Murphy បាន​យល់​ស្រប​តាម​ការលើកឡើង​របស់​នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ ២​។

ដោយឡែក​លើ​វិស័យ​យោធា​សហរដ្ឋអាមេរិក​សន្យាថា​នឹង​គាំទ្រ​ដល់​ការជួយ​បណ្តុះបណ្តាល​កងកម្លាំង​មួកខៀវ​កម្ពុជា និង​ផ្នែក​ជាច្រើន​ទៀត​នៃ​វិស័យ​យោធា​នាពេល​ខាងមុខ​។ នេះ​បើ​តាម​ហ្វេសប៊ុក​ដដែល​។

បើតាម​ហ្វេសប៊ុក​ខាងលើ​ថា​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ក៏បាន​លើកឡើង​ផងដែរ​នូវ​ព័ត៌មាន​ដែលថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅលើ​ទឹកដី​របស់​ខ្លួន តែ​ឯកអគ្គរដ្ឋទូត​បានចាត់ទុក​ព័ត៌មាន​នោះ​ថា ជា​ការមិនពិត​ដែល​ចង់​ធ្វើឲ្យ​បាត់បង់​ស្ថិរភាព បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ជា​ច្រើនដង​ និង​បាន​អនុញ្ញាត​​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​ជាច្រើន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ដែល​សង្ស័យ​នោះ​។

ដោយឡែក​នៅក្នុង​ហ្វេសប៊ុក​ស្ថានទូត​សហរដ្ឋអាមេរិក​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដូចជា ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន បេសកកម្ម​ថែរក្សា-​សន្តិភាព និង​សកម្មភាព​បោសសម្អាត​គ្រាប់មីន​ជាដើម​។

លោក​ឯកអគ្គរដ្ឋទូត​ Murphy បានបញ្ជាក់​នៅក្នុង​ហ្វេសប៊ុក​នោះ​ថា​៖ «​បាន​ពិភាក្សា​ពី​ភាពជឿនលឿន​ចាំបាច់​សម្រាប់​ពង្រីក​កិច្ចសហការ​ផ្នែក​សន្តិសុខ​ដែល​រួមមាន ការលើកកម្ពស់​សិទ្ធិមនុស្ស​​ និង​លទ្ធិប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ការតាំង​មូលដ្ឋាន​យោធា​បរទេស​»​។

ទាក់ទង​នឹង​បញ្ហា​នេះ​លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់​ជាថ្មី​តាម​ហ្វេសប៊ុក​​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​មាន​មាត្រា​ណាមួយ​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់​កម្ពុជា​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​បរទេស​នោះ​ដែរ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​។

អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងទ័ព​លោក​ ថោង សូលីម៉ូ បានបញ្ជាក់​បន្ថែម​ពី​ម្សិលមិញ​ថា ក្រៅពី​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​មួក​ខៀវ​កម្ពុជា អាមេរិក​ក៏​នឹង​ជួយ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​លើ​វិស័យ​យោធា​កម្ពុជា​ផងដែរ ដែល​លោក​ថា​ជាការ​បង្ហាញ​ពី​ទំនាក់ទំនង​កំពុង​ប្រសើរ​ឡើង​។

លោក​ថា​៖ «​ពីមុន​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​មាន​ការស្រុតចុះ ប៉ុន្ដែ​ចាប់ពី​អាណត្តិ​​របស់​លោក​ [Murphy] ​ទំនាក់ទំនង​មាន​ភាពល្អប្រសើរ​ឡើងវិញ​ហើយ​អ្វី​ដែល​បាន​លេចចេញ​ជា​ផ្លែផ្កា​ និង​មាន​ពន្លឺ​ស្រស់ថ្លា​ឡើងវិញ​គឺ​តាមរយៈ​លិខិត​របស់លោក​​ប្រធានាធិបតី ដូណាល់ត្រាំ ដែល​បាន​ផ្ញើជូន​សម្តេច​ដែល​បាន​បញ្ជាក់​ពី​ការគោរព​អធិបតេយ្យ​ និង​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការសន្យា​ជួយ​ដល់​កម្លាំង​​មួក​ខៀវ​កម្ពុជា​របស់​អាមេរិក​នឹង​​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​​ទាំង​ ២ ​បាន​ល្អ​ប្រសើរ​ឡើងវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​គឺជា​ការចាប់ផ្តើម​ដ៏ល្អ​នៃ​ប្រក្រតីភាព​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​ និង​កម្ពុជា​។ ​សហរដ្ឋ​អាមេរិក​អាច​បន្ត​ទំនាក់ទំនង​ជាមួយ​​កងយោធពល​ខេមរភូមិន្ទ​សាជាថ្មី​ម្តងទៀត​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​។ ​ដោយឡែក​កម្ពុជា​វិញ​អាច​បន្ថយ​ក្តីបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និង​ការចាប់យក​ប្រទេស​ចិន​របស់​កម្ពុជា​»​។

អ្នកស្រី​ Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​​កម្ពុជា​បាន​បញ្ជាក់​តាម Email ​កាលពី​ម្សិលមិញ​ដោយ​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​ជំនួប​រវាង​លោក Patrick Murphy និង​លោកនាយ​ឧត្តមសេនីយ៍ ​វង្ស ពិសេន​៕