ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការកងកម្លាំងពិសេសជាតិប្រឆាំងអំពើភេរវកម្ម ត្រូវបានអញ្ជីញចូលរួមសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការពិសេសតំបន់ប៉ាស៊ីហ្វិក នៅទីក្រុង Honolulu កោះហាវ៉ៃ សហរដ្ឋអាមេរិក នាសប្តាហ៍នេះ។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងកាលពីម្សិលមិញថា លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងសន្និសីទរយៈពេលខ្លី ថ្នាក់បច្ចេកទេស និងពហុភាគី ដោយផ្ដោតលើការប្រឆាំងនឹងអំពើភេរវកម្ម។ លោកត្រូវបានអញ្ជើញក្នុងនាមប្រធានកងកម្លាំងពិសេសជាតិប្រឆាំងនឹងអំពើភេរវកម្ម ហើយជាមនុស្សម្នាក់ក្នុងចំណោមមេបញ្ជាការប្រមាណ ៣៦ នាក់នៃកងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពីបណ្ដាប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកស្រីបន្តថា សហរដ្ឋអាមេរិកធ្វើការជាមួយយោធាកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅលើបញ្ហាឆ្លងដែននានា ដែលរួមមានប្រឆាំងភេរវកម្ម សន្តិសុខសមុទ្រ ការហ្វឹកហ្វឺនទាហានសម្រាប់ប្រតិបត្តិការសន្តិភាព ការប្រយុទ្ធប្រឆាំងការគំរាមកំហែងលើសន្តិសុខសមុទ្រអន្តរជាតិ និងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិ និងវិបត្តិមនុស្សធម៌។
លោកស្រីថ្លែងថា៖ «សហរដ្ឋអាមេរិកជឿជាក់លើទំនាក់ទំនងយោធាដ៏មានផ្លែផ្កាអាចជួយឲ្យកម្ពុជារក្សាបាននូវអធិបតេយ្យភាពរបស់ខ្លួន ពីការបង្គាប់បញ្ជាដោយសេរី ដើម្បីធានាពីសន្តិភាពរបស់ប្រទេស ភាពរីកចម្រើន និងឯករាជភាពសម្រាប់មនុស្សជំនាន់ក្រោយ»។
យ៉ាងណាក្តី លោកស្រី Emily បញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទន្ទឹងរង់ចាំការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងយោធាជាមួយកម្ពុជា ប៉ុន្តែអាចធ្វើឡើងបាន «នៅពេលរដ្ឋាភិបាលកម្ពុជាធ្វើឲ្យមានការរីកចម្រើនច្រើនលើការពង្រឹងស្ថាប័ន និងអនុវត្តការកំណែទម្រង់ដែលរួមមានការទម្លាក់បទចោទសម្រាប់លោក កឹម សុខា និងការអនុញ្ញាតឲ្យសង្គមស៊ីវិល និងសារព័ត៌មានដំណើរការដោយសេរី»។
យោងតាមលិខិតអញ្ជើញរបស់លោក Matthew Mason ប្រធានការិយាល័យសហប្រតិបត្តិការការពារជាតិនៃកងទ័ពអាមេរិកដែលបានសរសេរទៅលោក ហ៊ុន ម៉ាណែត កាលពីខែមុន ហើយត្រូវបានផ្សាយដោយក្រសួងព័ត៌មានបានបញ្ជាក់ថា គោលដៅនៃសន្និសីទនេះគឺ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែមានថាមពលឡើងវិញ បង្កើតបាននូវការផ្សារភ្ជាប់កាន់តែខ្លាំង និងពិនិត្យនូវប្រសិទ្ធភាពនៃការព្យាយាមដាច់ដោយឡែក និងជារួម ក្រោមប្រធានបទ «ភាពមិនងាយទ្រុឌទ្រោមក្នុងអធិបតេយ្យភាព»។ សន្និសីទនេះធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ពីម្សិលមិញថា លោក ហ៊ុន ម៉ាណែត បានចាកចេញទៅសហរដ្ឋអាមេរិកតាំងពីយប់ថ្ងៃអាទិត្យ។ លោកបន្ថែមថា នេះជាលើកទី១ របស់លោកក្នុងការធ្វើដំណើរទៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ ប៉ុន្តែជាលើកទី២ បន្ទាប់ពីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែ កក្កដា ឆ្នាំ ២០១៨។
លោកថ្លែងថា៖ «យើងស្វាគមន៍មិត្តទាំងអស់។ យើងជាប្រទេសអព្យាក្រឹត យើងមិនមាននិន្នាការទៅខាងណាទេ។ បើយើងមានពេលវេលាសមរម្យ យើងនឹងចូលរួម»។
លោក Carl Thayer អ្នកជំនាញកិច្ចការអាស៊ីអាគ្នេយ៍ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales ប្រទេស អូស្ត្រាលី បានថ្លែងតាមអីុមែលកាលពីថ្ងៃចន្ទថា ការអញ្ជើញលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ទៅចូលរួមបញ្ជាក់ថា ទោះបីជាមានការធ្លាក់ចុះទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជាដោយការលុបចោលនូវការធ្វើសមយុទ្ធដែលបានគ្រោងទុកកាលពីឆ្នាំ ២០១៧ ក៏ដោយ សហរដ្ឋអាមេរិកប្ដេជ្ញាបង្កើតទំនាក់ទំនងយោធាជាមួយកម្ពុជា។
លោកបន្តថា នេះជាឱកាសសំខាន់សម្រាប់លោក ហ៊ុន ម៉ាណែត ក្នុងការកសាងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ក៏ដូចជាកសាងទំនាក់ទំនងជាមួយតំណាងយោធានៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកបានថ្លែងថា៖ «វាជាប្រយោជន៍សម្រាប់កម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងយោធាជាមួយអាមេរិកតាមតែអាចធ្វើបានដើម្បីចៀសវាងការពឹងផ្អែកផ្នែកយោធាលើចិនស្ទើរទាំងស្រុង។ ខណៈដែលមិនមានការរំពឹងទុកច្រើនពីស្ថានការណ៍បច្ចុប្បន្ននេះ វាជាការបាត់បង់ឱកាសសម្រាប់កម្ពុជា ប្រសិនបើកម្ពុជាមិនភ្ជាប់ប្រតិបត្តិការយោធាជាមួយអាមេរិកតាមតែអាចធ្វើបាន ដូចជាជំនួយផ្នែករក្សាសន្តិភាព ប្រឆាំងអំពើភេរវកម្មជំនួយមនុស្ស ធម៌និងគ្រោះធម្មជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាសង្គ្រាមបច្ចេកវិទ្យាជាដើម»។
លោក Carl Thayer បានថ្លែងថា ការពង្រឹងទំនាក់ទំនងយោធាអាមេរិក និងកម្ពុជាស្ថិតនៅក្នុងដៃកម្ពុជា។ ប៉ុន្តែលោកបន្ថែមថា អាមេរិកត្រូវបានភ្ជាប់យ៉ាងខ្លាំងទៅដោយច្បាប់ដែលរឹតត្បិតកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលដែលធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ និងមានការរំលោភសិទ្ធិមនុស្ស។
លោកបានបន្តទៀតថា ច្បាប់ «The Asia Reassurance Initiative Act of 2018» បានបញ្ជាក់ថា មានការបារម្ភអំពីនីតិរដ្ឋ និងសេរីភាពស៊ីវិលនៅកម្ពុជា ហើយបានរាំងខ្ទប់ការផ្ដល់មូលនិធិដែលមានប្រយោជន៍ដល់រដ្ឋាភិបាលកម្ពុជា៕