
ភ្នំពេញៈ បើទោះជាមានការព្យាករពីក្រុមអ្នកវិភាគថាការអបអរជាផ្លូវការនាពេលថ្មីៗពីប្រទេសបារាំងនិងអូស្រ្តាលីចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនអាចនឹងនាំឲ្យម្ចាស់ជំនួយលោកខាងលិចផ្សេងៗធ្វើការអបអរសាទរតាមក៏ដោយក៏សហរដ្ឋអាមេរិកកាលពីម្សិលមិញទំនងជាព្យាយាមបញ្ចៀសការទទួល យកចំពោះជ័យជម្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក Sean McIntoshអ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងថាសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ក្នុងដំណើរការការទូតប៉ុន្តែមិនមានការគាំទ្រគណបក្សនយោបាយណាមួយឬបុគ្គលណាមួយទេ។
បើទោះជារដ្ឋាភិបាលអាមេរិកជាញឹកញាប់ធ្វើការអបអរសាទរមេដឹកនាំពិភពលោកចំពោះ ជោគជ័យនៃការបោះឆ្នោតរបស់ពួកគេក៏ដោយក៏អ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងថាវាមិនមែនជាពិធីសារការទូតសកលទេហើយវាអាស្រ័យទៅលើ«បរិបទជាក់លាក់»។ លោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាអាស្រ័យលើស្ថានភាពមិនមែនរាល់ស្ថានភាពទាំងអស់ដូចគ្នាទេ។នៅក្នុងបរិបទកម្ពុជាយើងនៅតែបារម្ភនៅឡើយចំពោះភាពមិនប្រក្រតីដែលបានបន្តមានហើយយើងនៅតែអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើបញ្ហាទាំងនោះ»។
លោកបន្តថា៖ «អ្វីៗគឺអំពីការធ្វើឲ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោត។នោះហើយជាអ្វីដែលយើងបារម្ភ»។
សហភាពអឺរ៉ុបក៏នៅតែជាម្ចាស់ជំនួយសំខាន់មួយផងដែរដែលមិនទាន់ធ្វើការអបអរសាទរជាផ្លូវការនៅឡើយចំពោះរដ្ឋាភិបាលថ្មីនេះ។
គណៈប្រតិភូអឺរ៉ុបនៅកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ។
បើទោះបីជាឯកអគ្គរដ្ឋទូតអាមេរិកលោក William Toddបានចូលរួមពិធីសម្ពោធរដ្ឋសភាកាលពីថ្ងៃទី២៣កញ្ញាស្ថានទូតអាមេរិកភ្លាមៗនោះបានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា ការចូលរួមរបស់លោក«មិនមែនជាការឯកភាពផ្លូវការចំពោះលទ្ធផលនៃការបោះឆ្នោតណាមួយឬគណបក្សនយោបាយណាមួយទេ»។
ទង្វើនោះទំនងជាបណ្តាលឲ្យមានការឆ្លើយតបមួយពីក្រសួងការបរទេសដែលបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់របស់ខ្លួនថា កម្ពុជាមិនអាចអត់ឱនចំពោះ«ឥរិយាបថក្រអឺតក្រទម»របស់ឯកអគ្គរាជទូតបរទេសណាមួយទេ។
អ្នកនាំពាក្យមួយចំនួនរបស់រដ្ឋាភិបាលមិនអាចទាក់ទងបានកាលពីម្សិលមិញ។
ចំណែក លោករដ្ឋមន្រ្តីក្រសួងព័ត៌មានខៀវ កាញារីទ្ធបានថ្លែងកាលពីថ្ងៃអាទិត្យថាការអបអរពីបរទេសបានផ្តល់នូវ«ទម្ងន់ធ្ងន់ជាងមុន»ចំពោះរដ្ឋាភិបាលហើយភាពស្របច្បាប់របស់ខ្លួនអាចកើតចេញមកបានគឺពីការបោះឆ្នោតនិងព្រះមហាក្សត្រ។
ទោះយ៉ាងណាក្តី លោក ឈាង វណ្ណារិទ្ធសាស្រ្តាចារ្យកម្ពុជានៅក្នុងផ្នែកសិក្សាអំពីអាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Leedsបានថ្លែងថាការទទួលស្គាល់ថា ការទទួលស្គាល់ជាអន្តរជាតិគឺសំខាន់សម្រាប់រដ្ឋាភិបាលថ្មីណាមួយហើយជាពិសេសសម្រាប់កម្ពុជា។
លោកបានថ្លែងផងដែរថា៖ «កម្ពុជាពឹងផ្អែកខ្លាំងណាស់លើជំនួយអភិវឌ្ឍន៍ពីបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗដូចជាចិន ជប៉ុនអឺរ៉ុបអាមេរិក និងអូស្រ្តាលី។កម្ពុជាត្រូវការការគាំទ្រការទូតពីពួកគេ»។ PS