ភ្នំពេញៈ ​អាល់កុល​ក្លែងក្លាយ​ចំនួន​ជិត ១២ តោន​ត្រូវ​បាន​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ (ក.ប.ប.) នៃ​ក្រសួង​ពាណិជ្ជកម្ម​នាំយក​ទៅ​បំផ្លាញចោល​កាលពី​ម្សិលមិញ ក្រោយពី​បង្ក្រាបបាន​នៅ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​កាលពីពេល​កន្លងមក។

លោក ផាន អូន អគ្គនាយក ក.ប.ប បាន​ថ្លែង​នៅ​ថ្ងៃទី ១២ ឧសភា​នេះ​ថា តាមរយៈ​ការចង្អុលបង្ហាញ​ពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​ព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» អគ្គនាយកដ្ឋាន ក.ប.ប បាន​បន្ត​ស្រាវជ្រាវ​ និង​បង្ក្រាប​ករណី​អាល់កុល​ក្លែងក្លាយ​ ដោយ​បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​គុណភាព​អាល់កុល​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ដាក់លក់​​និង​ចែកចាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

លោក​បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី ១១ ខែ​ឧសភា​ឆ្នាំ ២០២១ មន្ត្រី​អគ្គនាយកដ្ឋាន​ ក.ប.ប. បាន​នាំយក​អាល់កុល​ក្លែងក្លាយ​ ឬ​មេតាណុល​ប្រមាណ​ជិត ១២ តោន​ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

លោក​បាន​បន្តថា​ពិធី​បំផ្លាញចោល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយមាន​ការឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​ផងដែរ។

លោក ផាន អូន បាន​បញ្ជាក់ថា៖ «សារធាតុ​មេតាណុល​ទាំងនេះ​ត្រូវបាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យ ឃើញ​ និង​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក​មធ្យោបាយ​ដឹកជញ្ជូន​ និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី ១៥ ខែមេសា ដល់​ថ្ងៃទី ៥ ឧសភា»។

លោក​បាន​ឱ្យ​ដឹងថា​អាល់កុល​ ឬ​អេតាណុល​គឺជា​សារធាតុ​ដែល​គេ​យក​មក​ប្រើ​សម្រាប់​សម្លាប់​មេរោគ​ពិសេស​ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវីដ១៩​កំពុង​រីករាលដាល​ខ្លាំង​ធ្វើឱ្យ​តម្រូវការ​អាល់កុល​មាន​ការកើនឡើង​ខ្ពស់។ ហេតុនេះ​ទើប​មាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន​បាន​បន្លំ​យក​សារធាតុ​មេតាណុល (Methanol) មក​លក់​ជូន​ពលរដ្ឋ​ ដើម្បី​យក​ទៅ​សម្លាប់​មេរោគ​ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែល​សម្លាប់​មេរោគ​ជាដើម។

លោក​បាន​បន្តថា សារធាតុ​គីមី​មេតាណុល​គឺជា​សារធាតុពុល។ ការប្រើប្រាស់​មេតាណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ​មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ​ តែ​ថែមទាំង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ​ទៀតផង។ ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ​ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា​ហើយ​បរិភោគ​លើស​កម្រិត​នោះ។

ទាក់ទង​នឹង​ករណី​នេះ អគ្គនាយកដ្ឋាន ក.ប.ប. បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន​ម្ចាស់​ផ្សារ​ទំនើប​ និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់​សូម​ប្រកបរបរ​អាជីវកម្ម​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ និង​សុចរិតភាព​ដោយ​ត្រូវ​គិតពី​សុខុមាលភាព​របស់​អ្នក​ប្រើ​ឱ្យ​ខ្ពស់​ជាង​ផលចំណេញ​របស់ខ្លួន។

ជាមួយ​នេះ​ដែរ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បាន​រំឭក​ដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យ​ពិនិត្យ​ និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា​ និង​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់​មុន​នឹង​សម្រេចចិត្ត​ជាវ​អាល់កុល​ ឬ​ជែល យក​មក​ប្រើប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ។

ម្យ៉ាងទៀត​ប្រសិន​បើ​មាន​ករណី​សង្ស័យ​ជាយថាហេតុ​ពាក់ព័ន្ធ​នឹង​គុណភាព​អាល់កុល​ ឬ​មាន​ព័ត៌មាន​ពី​ការ​ស្តុក​ទុក​ការចរាចរ​ ឬ​ចែកចាយ​អាល់កុល​ក្លែងក្លាយ​សូម​ផ្តល់ព័ត៌មាន​មក​អគ្គនាយក​ដ្ឋាន ក.ប.ប. តាមរយៈ​លេខ​ទូរស័ព្ទ 023 231 856 /092 830 856 ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន ក.ប.ប. www.facebook.com/ccfkh/ ឬ​តាមរយៈ​គេហទំព័រ​www.ccfdg.gov.kh/៕