ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្រាវជ្រាវ​បង្ក្រាប​អាល់កុល​ក្លែងក្លាយ​បាន ១៨៣ ​កាន​ទៀត​ស្មើនឹង ៥ ៤៩០ ​លីត្រ កាលពី​ថ្ងៃទី​ ១៨ ឧសភា ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃស ខណ្ឌដង្កោ ដែល​ជនល្មើស​បាន​ដាក់លក់​តាម​អនឡាញ​។

យោងតាម​ការផ្សព្វផ្សាយ​របស់​អគ្គនាយកដ្ឋាន ក.ប.ប នៅ​រសៀល​ថ្ងៃទី​ ១៨ ខែឧសភា ដោយ​អនុវត្តតាម​ការណែនាំ​របស់​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ស្រាវជ្រាវ​បង្ក្រាប​អាល់កុល​ក្លែងក្លាយ​ជាង​ ៤០ ​តោន នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការចរាចរ​អាល់កុល​ក្លែងក្លាយ​ក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​ ផាន អូន ថ្លែងថា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​បើក​ការស្រាវជ្រាវ​ (Market Intelligence) ​តាមរយៈ​រូបភាព​ការបញ្ជាទិញ​អាល់កុល ដែល​ដាក់លក់​លើ​បណ្តាញ​សង្គម Facebook យកមក​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​ ក.ប.ប វិភាគ​រកសារ​ធាតុ​មេតាណុល ដែល​ក្លែងបន្លំ​ជា​អាល់កុល​ដើម្បី​កំណត់​អត្តសញ្ញាណ​ និង​ឈានដល់​ការបង្ក្រាប​អាល់កុល​ក្លែងក្លាយ​នេះ​តែម្ដង​។

លោក​ថា​៖ «​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ស្នើសុំ​គោលការណ៍​ឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​នាំ​យក​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​វិភាគ​នៅនឹងកន្លែង​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​។ ជា​លទ្ធផល​បាន​ចុះបង្ក្រាប​នៅ​ទីតាំង​ខាងលើ​។ អគ្គនាយកដ្ឋាន ក.ប.ប បាន​រកឃើញ​វត្តមាន អាល់កុល​ក្លែងក្លាយ ឬ​សារធាតុ​មេតាណុល​បាន​ចំនួន​ ១៨៣ ​កាន ស្មើនឹង​ ៥ ៤៩០ ​លីត្រ ត្រូវបាន​រឹបអូស និង​ចាត់ចែង​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

អគ្គនាយកដ្ឋាន ក.ប.ប ក៏បាន​បញ្ជាក់ដែរថា អំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ «​សហគមន៍​ ២០ ​កុម្ភៈ​» ​អាល់កុល​ក្លែងក្លាយ​ចំនួន​ ៤០ ៦២៥ ​លីត្រ​ប្រមាណ​ជាង​ ៤០ ​តោន​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បង្ក្រាប​ជា​បន្តបន្ទាប់​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។

បើតាម ក.ប.ប សារធាតុ​គីមី​មេតាណុល​គឺជា​សារធាតុពុល​។ ការប្រើប្រាស់​មេតាណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ​មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើ​ទៀតផង ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយ​ដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ​ ឬ​អាច បណ្តាល​ឱ្យ​ស្លាប់​បាន​ ប្រសិន​បើ​យកទៅ​លាយ​ជាមួយ​ស្រា​ហើយ​បរិភោគ​លើស​កម្រិត​នោះ​។

ក.ប.ប អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូមកុំ​យក​សារធាតុ​មេតាណុល​បន្លំ​ជា​អាល់កុល​លក់​ជូន​ពលរដ្ឋ ព្រោះ​សកម្មភាព​នេះ​មិន​ត្រឹមតែ​មិនអាច​ទប់ស្កាត់​ការចម្លង​មេរោគ ឬ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ដល់​ការប្រឈម​ចំពោះ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀតផង​៕