ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​លោក គ្រីស្ទៀន បើហ្គឺរ បាន​ថ្លែងថា អាល្លឺម៉ង់​បាន​ធ្វើ​កិច្ចការ​យ៉ាង​ប្រសើរ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ក្នុងការ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ​១៩ ហើយ​បាន​ផ្ដល់ជំនួយ​ក្នុង​រូបភាព​ ៣ ​យ៉ាង​សម្រាប់​កម្ពុជា​ក្នុងការ​ប្រឈម​នឹង​ការរាតត្បាត​ជា​សកល​នេះ​។

ក្នុង​បទសម្ភាស​មួយ​ជាមួយ​នឹង​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​សុក្រ​ទី​ ២៦ កុម្ភៈ លោក គ្រីស្ទៀន បើហ្គឺរ បាន​ថ្លែងថា អាល្លឺម៉ង់​ជា​ប្រទេស​ដែល​បាន​បង្កើត​ប្រព័ន្ធ​ធ្វើតេស្ត​រក​មេរោគ​នេះ​មុនគេ ហើយ​ក្រុមហ៊ុន BioNTech របស់ខ្លួន​បាន​ផលិត​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​មុនគេ​ឈ្មោះ Pfizer ដែល​អង្គការ​សុខភាព​ពិភពលោក​បានអនុម័ត​ឲ្យ​ប្រើប្រាស់​មុនគេ​។

បច្ចុប្បន្ននេះ​លោក​ថា ក្រុមហ៊ុន​អាល្លឺម៉ង់​ឈ្មោះ CureVac ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ឱសថ​ឈ្មោះ BAYER មាន​ផែនការ​ផលិត​វ៉ាក់សាំង​រហូតដល់​ ១ ​ពាន់​លានដូស​ក្នុង​ ១ ​ឆ្នាំ នៅពេល​វ៉ាក់សាំង​របស់​ពួកគេ​​ត្រូវបាន​ទទួលស្គាល់​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​គ្រប់​ផលិតករ​វ៉ាក់សាំង​អាច​ផលិត​បាន​ក្នុង​បរិមាណ​ដូចគ្នា​នេះ បញ្ហា​កូវីដ​នឹងត្រូវ​ផុតរលត់​ឆាប់ៗ​នេះ មិនយូរ​ទេ​»​។

លោក​បន្ថែមថា អាល្លឺម៉ង់​បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​កូវ៉ាក់​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ជាង​ ២,៥៣ ​ពាន់​លាន​ដុល្លារ ឬ ២,១ ​ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ​ ២០២០ និង​ ២០២១​។

លោក​បន្តថា​៖ «​ថវិកា​ទាំងនេះ​ត្រូវបាន​ផ្ដល់​ដោយ​គ្មាន​លក្ខខណ្ឌ​ផ្សេង​ភ្ជាប់​ទៅជា​មួយ​ទេ ក្រៅពី​លក្ខខណ្ឌ​ដែល​អង្គការ​សហប្រជាជាតិ​ដាក់ចេញ​។ ជារួម​យើង​បាន​ចូលរួម​យ៉ាង​ពេញលេញ​អំពី​ការប្ដេជ្ញា​ជា​សកល​របស់​យើង​សម្រាប់​យន្តការ​វ៉ាក់សាំង​»​។

សម្រាប់​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​នឹង​កូវីដ​ ១៩ ​នៅ​កម្ពុជា លោក គ្រីស្ទៀន បើហ្គឺរ ថ្លែងថា អាល្លឺម៉ង់​បាន​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការបង្កើន​សមត្ថភាព​ធ្វើតេស្ត​មេរោគ និង​គាំទ្រ​ការរៀបចំ និង​ការដាក់ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​សម្របសម្រួល​ការបង្កើត​កម្មវិធី​ឌីជីថល​ដើម្បី​ស្វែងរក​អ្នក​ដែល​ត្រូវការ​ជំនួយ​។ កម្មវិធី​នេះ​បាន​ជួយ​ដល់​គ្រួសារ​ចំនួន​ ២០ ​ម៉ឺន​គ្រួសារ​ថ្មី ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​គ្រួសារ​ក្រីក្រ ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​កៀរគរ​ថវិកា​បន្ថែម​បាន​ចំនួន ៦ ​លាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​តាមរយៈ​អង្គការ​ស្បៀងអាហារ​ពិភពលោក​។ បើ​យើង​និយាយ​ម្យ៉ាងទៀត កម្ពុជា​ទទួល​បាន​នូវ​ចំណែក​ច្រើនជាងគេ​»​។

នៅពេល​សួរថា តើ​រដ្ឋាភិបាល​អាល្លឺម៉ង់​អាច​នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា​នាពេល​អនាគត​ឆាប់ៗ​នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​រូបនេះ​ថ្លែង​ថា ប្រទេស​អាល្លឺម៉ង់​ ចង់​រក្សា​ជំហរ​ស្មើភាព​គ្នា​សម្រាប់​គ្រប់​ប្រទេស​។ ប្រទេស​នីមួយៗ​អាច​ទទួល​បាន​នូវ​វ៉ាក់សាំង​ដោយ​ខ្លួនឯង​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​។ វិធីសាស្ត្រ​នេះ​គឺជា​គោលនយោបាយ​សាមគ្គីភាព​របស់​អាល្លឺម៉ង់ និង​របស់​សហភាព​អឺរ៉ុប​។

លោក​បន្តថា​៖ «​យើង​បានជ្រើសរើស​យក​ការសម្រេចចិត្ត​ដូច្នេះ​ដោយ​ចេតនា ដើម្បី​កុំ​ឲ្យ​មាន​ការធ្វើ​បុរេវិនិច្ឆ័យ​ប្រឆាំង ឬ គាំទ្រ​ដល់​ប្រទេស​ណាមួយ ឬ​ដើម្បី​ប្រឆាំង ឬ​គាំទ្រ​វ៉ាក់សាំង​ណាមួយ​។ វ៉ាក់សាំង​ណាក៏ដោយ​ដែល​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​ទទួលស្គាល់​សម្រាប់​ចែកចាយ គឺ​មិនមាន​បញ្ហា​ទេ​សម្រាប់​យើង យើង​សង្ឃឹមថា​នឹង​មាន​វ៉ាក់សាំង​របស់​អាល្លឺម៉ង់​ផងដែរ​។ តែ​យើង​ត្រូវតែ​មាន​អព្យាក្រឹត​លើ​បញ្ហា​នេះ​»​។

លោក គ្រីស្ទៀន បើហ្គឺរ បាន​កោតសរសើរ​ដល់​វិធានការ​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្នុង​ការប្រឈមមុខ​ដោះស្រាយ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​ ក្នុង​សហគមន៍​តាំងពី​ចាប់ផ្ដើម​ដំបូង និង​ការរាតត្បាត​សហគមន៍​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​ស្ថិរភាព​នៃ​ស្ថានការណ៍​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​នឹង​វិធានការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​នេះ​ពីដំបូង និង​ការផ្ទុះឡើង​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​ក៏មាន​ការភ្ញាក់ផ្អើល​ដែល​សាធារណៈ​ទទួល​យក​វិធានការ​តឹងរ៉ឹង​ទាំងនោះ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​»​។

ប្រទេស​អាល្លឺម៉ង់​បានផ្ដល់​ថវិកា​ចំនួន​ ១៦ ​លាន​ដុល្លារ​ សម្រាប់​វិធានការ​ឆ្លើយតប​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បន្ថែម​លើ​ការគាំទ្រ​ដែល​កំពុង​បន្ត​ដើម្បី​គាំទ្រ​ដល់​កិច្ចគាំពារ​ផ្នែក​សុខភាព​ និង​សង្គម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គ្រីស្ទៀន បើហ្គឺរ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ប្រទេស​អាល្លឺម៉ង់​ បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​ការកសាង​សមត្ថភាព​របស់​មន្ត្រី ជាពិសេស​ទាក់ទង​នឹង​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ជាដើម​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​អាល្លឺម៉ង់​ជា​តួអង្គ​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប ហើយ​បាន​គាំទ្រ​ដល់​កម្ពុជា​ជាច្រើន​។ វិធីសាស្ត្រ​របស់គេ​គឺធ្វើឡើង​តាមបែប​ទន់ គឺ​ផ្ដោតលើ​ការកសាង​សមត្ថភាព និង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​។ កម្ពុជា​ស្វាគមន៍​ការជួយ​គាំទ្រ​របស់​អាល្លឺម៉ង ប្រសិន​បើ​ការគាំទ្រ​ទាំងនោះ​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ ឬ​ជា​ការជ្រៀតជ្រែក​ដល់​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​»៕

វីដេអូ៖