ឧត្តរមានជ័យៈ អាល្លឺម៉ង់​បានប្រកាស​ផ្តល់ជំនួយ​ចំនួន ៣,៥ ​លាន​អឺរ៉ូ បន្ថែម​ទៀត​ដល់​អង្គការ HALO Trust ដើម្បី​​បោសសម្អាត​មីន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ និង​ប្តេជ្ញា​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​ប្រទេស​គ្មាន​គ្រាប់មីន​នៅ​ត្រឹម​ឆ្នាំ​ ២០២៥​។

ការប្រកាស​នេះ​ធ្វើ​ឡើង ខណៈ​លោក Christian Berger ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា និង​លោក លី ធុច ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​បានធ្វើ​ទស្សនកិច្ច​រួមគ្នា​ទៅ​កាន់​ចម្ការមីន​មួយ​នៅ​សង្កាត់​អូរស្មាច់​ក្រុង​សំរោង​កាលពី​ថ្ងៃទី​ ១៧ ខែមីនា​។

ហ្វេសប៊ុក​ស្ថានទូត​អាល្លឺម៉ង់​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​អាល្លឺម៉ង់​ផ្ដល់​ថវិកា​ចំនួន ៣,៥ ​លាន​អឺរ៉ូ​បន្ថែមទៀត​ សម្រាប់​ការបោសសម្អាត​មីន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១​។ អង្គការ​បោសសម្អាត​មីន HALO Trust នឹង​អនុវត្ត​កម្មវិធី​នេះ​»​។

ហ្វេសប៊ុក​ដដែល​នេះ​បាន​ដកស្រង់​សម្ដី​លោក Christian Berger ថា​៖ «​មីន​គឺជា​កេរដំណែល​ដ៏គួរឱ្យ​ឈឺចាប់​នៃ​អតីតកាល​មួយ និង​នៅតែ​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​។ យើង​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល និង​ដៃគូ​អន្តរជាតិ​ចាំបាច់​ត្រូវ​បង្កើន​ការខិតខំ​របស់​យើង ដើម្បី​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥​។ ប្រទេស​អាល្លឺម៉ង់​ប្តេជ្ញា​បន្ត​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​នៅក្នុង​ប្រទេស​ដើម្បី​ឆ្ពោះ​ទៅដល់​គោលដៅ​នេះ​»​។

ស្ថានទូត​អាល្លឺម៉ង់​បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ផ្ទៃដី​ដែលមាន​មីន ហើយ​ត្រូវបាន​ដោះ​ដោយ​ក្រុមការងារ​ដែល​ផ្តល់​មូលនិធិ​ដោយ​អាល្លឺម៉ង់​កាលពី​ឆ្នាំមុន​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការដាំដុះ​ដំឡូងមី ស្វាយចន្ទី ពោត ស្រូវ កៅស៊ូ និង​ស្វាយ​។

ស្ថានទូត​បានបញ្ជាក់​ថា​៖ «​ផលដំណាំ​ជិត ១ ៥០០ ​តោន​ ដែល​ត្រូវបាន​ដាំដុះ​ជា​រៀងរាល់​ឆ្នាំ​នៅ​លើ​អតីត​ដីចម្ការ​មីន​ដែល​បាន​បោសសម្អាត​ថ្មីៗ​ទាំងនេះ​ដោយ​បង្កើត​ឱ្យមាន​ប្រាក់ចំណូល​ថេរ និង​មាន​និរន្តរភាព​សម្រាប់​កសិករ និង​ការងារ​សម្រាប់​សហគមន៍​»​។

អាជ្ញាធរ​មីន​បាន​ដកស្រង់​សម្ដី​លោក លី ធុច ថា គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​ក្រោម​ជំនួយ​របស់​ប្រទេស​អាល្លឺម៉ង់​អង្គការ HALO Trust បាន​រំដោះ​​ផ្ទៃដី​ប្រមាណ ១២ ​គីឡូម៉ែត្រ​ក្រឡា និង​បាន​រកឃើញ និង​បំផ្លាញ​មីន​ប្រឆាំង​មនុស្ស​ ៣ ៤២១ ​គ្រាប់មីន ​ប្រឆាំង​រថក្រោះ​ចំនួន​ ១២៧ ​គ្រាប់​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣ ៥០៦ ​គ្រាប់​ ដោយ​មាន​អ្នកទទួល​ផល​ជាង​ ១៤ ​ម៉ឺន​នាក់​។

លោក លី ធុច ថ្លែងថា​៖ «​អាល្លឺម៉ង់​បាន​ផ្តល់ជំនួយ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​ដល់​អង្គការ HALO Trust ចាប់តាំងពី​ឆ្នាំ ២០១៦ សរុប​ថវិកា​ចំនួន ៧,២៥ ​លាន​អឺរ៉ូ​ ដែល​ក្នុងនោះ​ថវិកា​ចំនួន ២,៥ ​លាន​អឺរ៉ូ​ សម្រាប់​ការងារ​សកម្មភាព​មីន​ក្នុង​ឆ្នាំ​ ២០២០»​។

លោក លី ធុច បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ជំនួយ​របស់​អាល្លឺម៉ង់ មាន​សារៈសំខាន់​ក្នុង​ការសម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​បានប្រកាស​ជា​ផ្លូវការ​ថា ក្នុង​ឆ្នាំ​ ២០២៥ កម្ពុជា​គ្មាន​គ្រាប់មីន​។

លោក​ថា អាជ្ញាធរ​មីន​ត្រូវ​ពន្លឿន​ពង្រឹង​និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​សកម្មភាព​ដោះមីន​ដើម្បី​ឱ្យទាន់​ផែនការ​។ លោក​ថ្លែងបន្តថា​៖ «​ជំនួយ​របស់​អាល្លឺម៉ង់​ដែល​ពោរពេញ​ដោយ​ចិត្ត​មនុស្សធម៌​នេះ​ពិតជា​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​កម្ទេចចោល​នូវ​ឃាតករ​លាក់​មុខ​»​។

លោក​បន្ថែមថា​៖ «​យើង​ត្រូវ​ប្រើប្រាស់​នូវ​សម្ភារ​ឱ្យបាន​ទំនើប​ដែល​ចំណេញ​ពេលវេលា និង​ថវិកា នៅពេលណា​យើង​ដោះមីន​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ អ៊ីចឹង​សម្ភារ​ដែល​គេ​បង្កើត​ថ្មីៗ​ហ្នឹង​មាន​សម្ភារ​ខ្លះ គេ​ឱ្យទៅ​យើង​ធ្វើតេស្ត​គ្រាប់មីន​ហ្នឹង​វា​មាន​ចែង​មក​ស្រេច​។ នៅពេល​យើង​ដាក់​ទៅ​ចំ​ជាតិ​ដែក វា​ឱ្យ​សញ្ញា​ដែក ចំ​ជាតិ​មីន វា​ឱ្យ​សញ្ញា​ជា​មីន​។ អ៊ីចឹង វា​លឿន​»៕