ភ្នំពេញៈ ​ប្រ​ទេស ​អាល្លឺ​ម៉ង់​ បាន​សម្រេច​ផ្ដល់​ជំនួយ​ចំនួន​ ៥ លាន​អឺរ៉ូ​ ឬ​ស្មើ​នឹង ​៥,៦៧ ​លាន​​ដុល្លារ​សហ​រដ្ឋ​អា​មេរិក​ ដើម្បី​ជួយ​ដល់​ការ​អនុវ​​ត្ត​​ក្រប​ខ័ណ្ឌ​គណ​នេយ្យ​ភាព​សង្គម ​(ISAF) ​ដែល​ជា​កម្ម​វិធី​រួមគ្នា​រវាង​រដ្ឋាភិ​បាល​ និង​សង្គម​ស៊ីវិលក្នុង​ការ​លើក​កម្ពស់​​កា​រផ្ដល់​សេវា​ជូន​ពល​រដ្ឋ​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ការ​ផ្ដល់​ជំនួយ​ទឹក​ប្រាក់​នេះបាន​ធ្វើ​ឡើង​ស្រប​ពេល​លោក​ Norbert Barthle​ សមា​ជិក​សភា​សហ​ព័ន្ធ​អាល្លឺ​ម៉ង់​ និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ និង​អភិ​វឌ្ឍន៍ ​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​និង​បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ ​ហើយ​ទឹក​ប្រាក់​នេះ​គឺ​អា​ល្លឺម៉​ង់​មាន​បំណង​ឱ្យ​រដ្ឋា​ភិបាល​ និង​សង្គម​ស៊ីវិល​កាន់​តែ​មាន​ទំនុក​ចិត្ត​គ្នា​បន្ថែម​ទៀត។​

លោក Norbert Barthle​ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​នេះ​ថា​៖​ «​ការ​រីក​ចម្រើ​ន​​ខាង​ផ្នែក​សេដ្ឋ​កិច្ច​គឺ​ជា​រឿង​សំខាន់​ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ ដូច្នោះ​សង្គម​ស៊ីវិល​ដែល​មាន​សកម្ម​ភាព​ដ៏​រស់​រវើក​ គឺ​ជា​ចល​នា​មួយ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​និង​រីក​ចម្រើន​ទៅ​មុខ»។​

​​យោង​តាម​ផែន​ការ​អនុវត្ត​គណ​នេយ្យ​ភាព​សង្គម​ដំណាក់កាល​ដំបូង​ឆ្នាំ​ ២០១៦​ ដល់​ឆ្នាំ ២០១៨​ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​ គឺ​បាន​ផ្ដោត​ទៅ​លើ​វិស័យ​ចំនួន ​៣ ​គឺ​សេវា​មណ្ឌល​សុខ​ភាព​ សាលា​បឋម​សិក្សា ​និង​សេវា​រដ្ឋ​បាល​ឃុំ​នៅ​ក្នុង​ស្រុក​ចំនួន​ ១២០ នៅ​តាម​ទីជន​បទ​ ហើយ​ដំណាក់​កាល​ទី២ ​នៃ​ផែន​ការ​អនុ​វត្ត​គណ​នេយ្យ​ភាព​សង្គម​ដែល​មាន​បញ្ចូល​សេវា​ផ្សេងៗ​ទៀត​នឹង​ត្រូវ​អនុវត្ត​នៅ​តំបន់​ទី​ប្រជុំជន។​

លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល​មិន​អាច​ទាក់ទង​បាន​ទេ​ពី​ម្សិលមិញ។

​លោក​ សន​ ជ័យ ​នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ​(ANSA)​ បាន​ឲ្យ​ដឹង​ថា ​ក្រប​ខ័ណ្ឌ​គណ​នេយ្យ​ភាព​សង្គម (ISAF)​ គឺការ​ធ្វើ​កំណែ​ទ​ម្រង់​ក្នុង​ការ​ផ្ដល់​សេវា​សាធា​​រ​ណៈ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​តាម​រយៈ​ការ​ងារ​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​ជា​រឿង​សំខាន់។

លោក សន ជ័យ បាន​ថ្លែង​ថា​ ការ​អនុវត្ត​ក្រប​ខ័ណ្ឌ​គណ​នេយ្យ​ភា​ព​សង្គម​នៅ​មិន​ទាន់​បាន​អនុវត្ត​ទូលំ​ទូ​លាយ​នៅ​ឡើយ ​ដោ​យសារ​នៅ​សល់​តំបន់​ដាច់​ស្រយាល​ជា​ច្រើន​ទៀត ​ដែល​ជា​មូល​ហេតុ​បណ្ដាល​មក​ពី​ការ​ផ្ដល់​មូលនិធិ​ពី​អន្តរជាតិ​នៅ​មាន​កម្រិត​នៅ​ឡើយ៕