ភ្នំពេញៈ លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាលពី​ចុង​សប្តាហ៍​មុន​បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ជូនពរ​លោក​ចំពោះ​ជោគជ័យ​នៅក្នុង​អាណត្តិ​ថ្មី​របស់​លោក​ជាមួយ​នឹង​ការ​គូសបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់​ និង​កម្ពុជា​បាន​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ចែង​ពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ​។ នេះ​បើ​យោង​តាម​ការិយាល័យ​ព័ត៌មាន​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​គេហទំព័រ ក្រសួង​ការបរទេស​កម្ពុជា​។

លិខិត​នេះ​គឺជា​ប្រភេទ​លិខិត​ទី​ ១ ​នៃ​ការអបអរសាទរ​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​ដែល​មិន​ចូលរួម​នៅ​ក្នុង​ការសង្កេតការណ៍​បោះឆ្នោត​ជាតិ​ថ្ងៃទី ២៩ ខែ​កក្កដា និង​ដែល​មិន​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស សម្រាប់​ពិធី​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា​ថ្មី​កាលពី​សប្តាហ៍​មុន​។

បណ្តា​ប្រទេស​លោក​ខាង​លិច រួមទាំង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ​បាន​រិះគន់​ថា ការបោះឆ្នោត​របស់​កម្ពុជា «​មាន​លក្ខណៈ​គុណវិបត្តិ​» ​និង​ «​គួរ​ឲ្យ​អាម៉ាស់​» ដោយសារ​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​។

លិខិត​របស់​លោកស្រី Angela Merkel បាន​និយាយ​ថា​៖ «​ប្រទេស និង​ប្រជាជន​យើង​ទាំង​ ២ មាន​ទំនាក់ទំនង​ល្អ​។ មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ត្រូវ​បាន​ឆ្លុះបញ្ចាំង​ជាពិសេស​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​»​។ ​

លិខិត​នេះ​បន្ថែម​ថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ឈរ​លើ​មូលដ្ឋាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ដែល​ចែង​ពី​ការគោរព​សិទ្ធិ​មនុស្ស នីតិរដ្ឋ​គោលការណ៍​ប្រជាធិបតេយ្យ​ព្រម​ទាំង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​»​។

លិខិត​នេះ​បន្ត​ថា​៖ «​ចំពោះ​កិច្ចការ​ពង្រឹង​ប្រជាធិបតេយ្យ និង​​ការចូលរួម​តាមរយៈ​កិច្ចសន្ទនា​នយោបាយ​ដោយ​បើក​ចំហ​នៅ​កម្ពុជា សម្តេច​អាច​ពឹង​ផ្អែក​លើ​អាល្លឺម៉ង់​បាន​។ ខ្ញុំ​សូម​ជូនពរ​សម្តេច​ទទួល​បាន​សំណាងល្អ​ និង​សព្ទសាធុការពរ​ក្នុង​ការបំពេញ​កិច្ចការ​សំខាន់ៗ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​លិខិត​របស់​លោកស្រី Merkel ប៉ុន្តែ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ថ្មី​គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន​។

លោក​បន្ត​ថា​៖ «​នេះ​គឺជា​សេចក្តី​សម្រេច និង​ការវាយតម្លៃ​ដោយ​ប្រទេស​អាល្លឺម៉ង់ ដែល​គោរព​ជម្រើស​របស់​ប្រជាជន​កម្ពុជា​។ ជម្រើស​របស់​ប្រជាជន​កម្ពុជា សូម្បី​តែ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​គោរព​ឆន្ទៈ និង​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​»​។

លោក​ អ៊ូ ចាន់រ័ត្ន អតីត​តំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មើល​ឃើញ​លិខិត​របស់​លោកស្រី Merkel ក្នុង​លក្ខណៈ​វិជ្ជមាន​។ តាមរយៈ​ខ្លឹមសារ​នៃ​លិខិត​នេះ​លោក​បាន​ថ្លែង​ថា ប្រទេស​អាល្លឺម៉ង់​នៅ​តែ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នយោបាយ​កម្ពុជា​ ខណៈ​បណ្តា​ប្រទេស​លោក​ខាង​លិច​ក៏​បើកទ្វារ​ចំហ​សម្រាប់​ការសន្ទនា​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​វា​ជា​លិខិត​ពិធីសារ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា​អាល្លឺម៉ង់​ចង់​បង្កើត​ទំនាក់ទំនង ហើយ​ស្វែងរក​វិធី​ឲ្យ​មាន​កិច្ចសន្ទនា​។ ពិតណាស់ យុទ្ធសាស្ត្រ​នយោបាយ​របស់​ប្រទេស​មួយ​ចំនួន ពួកគេ​មិន​ចង់​ឲ្យ​មាន​ភាព​ប្រទូស្ត​រាយ​ដាក់​គ្នា ឬ​នៅក្នុង​វិធី​ដែល​មិន​មើល​មុខ​គ្នា​។ ដូច្នេះ​ពួកគេ​ចង់​សម្រួល​បញ្ហា ហើយ​ត្រួសត្រាយ​ផ្លូវ ឬ​ធ្វើ​ជា​ស្ពាន​សម្រាប់​កិច្ចសន្ទនា​»​។

«​ខ្ញុំ​អបអរ និង​ស្វាគមន៍​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាល្លឺម៉ង់​។ វា​ជា​រឿង​ល្អ​»​។

ប៉ុន្តែ​លោក​ ឡៅ ម៉ុងហៃ ​ដែល​ជា​អ្នកវិភាគ​នយោបាយ​បាន​មើលឃើញ​ផ្ទុយ​ពីនេះ​។ លោក​បាន​ថ្លែង​ថា លិខិត​របស់​លោកស្រី​អធិការបតី Merkel គឺជា​លិខិត​ធុរកិច្ច​យ៉ាង​ច្បាស់ មិនមែន​លក្ខណៈ​ការទូត សង្ខេប​ និង​ត្រង់ៗ​ទៅ​រក​ចំណុច ដើម្បី​រំឭក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ជា​មូលដ្ឋាន​នា​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​កម្ពុជា​។

លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​៖ «​វា​គឺជា​ការជូន​ដំណឹង​មក​នាយក​រដ្ឋមន្ត្រី​របស់​យើង ឲ្យ​គោរព​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ប្រជាធិបតេយ្យ និង​ចូលរួម​នៅក្នុង​កិច្ចសន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង​។ គាត់​អាច​នឹង​ប្រឈមមុខ​នឹង​ផលវិបាក ប្រសិន​បើ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​»​។

លោក​ថ្លែង​ថា​វា​ខុស​ពី​លិខិត​របស់​នាយករដ្ឋមន្ត្រី​ចិន​ដែល​បាន​ផ្តល់​ការគាំទ្រ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ចិន និង​កម្ពុជា ខណៈ​លិខិត​ពី​ប្រទេស​ដទៃៗ​ទៀត ​គឺជា​លិខិត​ពិធីសារ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ថ្មី និង​គណបក្ស​កាន់​អំណាច​។

ទន្ទឹម​នេះ​ដែរ​លោក ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​មួយ​របស់​លោក​នៅ​ថ្ងៃ​នេះ​ទៅ​ចូលរួម​ពិព័រណ៍​ ចិន‑អាស៊ាន​ លើក​ទី​ ១៥ នៅក្នុង​ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​។ លោក​ក៏​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​ពិពរ័ណ៍​នោះ​ផង​ដែរ​៕ PS