រតនគិរីៈ កាំភ្លើង​កែច្នៃ​ចំនួន​ ១៤ ​ដើម​ត្រូវ​បាន​នគរបាល​ស្រុក​បកែវ​យក​ទៅ​រក្សាទុក បន្ទាប់ពី​ពលរដ្ឋ​នៅ​ភូមិ​សាលាឃុំ​កក់ ស្រុក​បកែវ ខេត្ត​រតនគិរី យក​ទៅ​ប្រគល់​ឲ្យ​តាមរយៈ​ការ​បំផុស​អប់រំ​ពី​សមត្ថកិច្ច​កាលពី​ថ្ងៃទី​​ ១២ ខែ​ធ្នូ ឆ្នាំ​​២០១៨​។

លោក ជួប វណ្ណារក្ស អធិការ​នគរបាល​ស្រុក​បកែវ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា កាំភ្លើង​ដែល​សមត្ថកិច្ច​របស់​លោក​ទទួល​យក​ពី​ពលរដ្ឋ​នោះ​សុទ្ធសឹង​តែ​ជា​អាវុធ​កែច្នៃ ហើយ​ការប្រគល់​អាវុធ​នេះ​គឺ​ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ដល់​លំនៅឋាន​ពួកគាត់​ស្តីពី​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ។

លោក​បញ្ជាក់​ប្រាប់​ថា​៖ «​ពួកគាត់​យក អាវុធ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​យើង​នេះ គឺ​ដោយសារ​ពួកគាត់​បាន​យល់​ច្បាស់​ពី​ការអប់រំ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​។ យើង​បាន​ពន្យល់​ពួកគាត់​ថា អាវុធ​ទាំង​នោះ​ទោះ​ជា​មិន​ពិត​ក្តី តែ​វា​អាច​សម្លាប់​មនុស្ស​បាន ហើយ​បើ​ពលរដ្ឋ​យើង​ណា​ម្នាក់​យក​ទៅ​បាញ់សម្លាប់​គេ​គឺ​ត្រូវ​ជាប់​ពន្ធនាគារ » ។

លោក​បាន​បន្ត​ថា​អាវុធ​កែច្នៃ​ទាំង​​ ១៤ ​ដើម​នោះ​គឺជា​អាវុធ​ដែល​ពលរដ្ឋ​យក​ទៅ​ប្រកបរបរ​ចូល​ព្រៃ​បាញ់​សត្វ​ដែល​ប្រើ​ដែក​កាំកង់​ជា​គ្រាប់ ឬ ពួកគាត់​កែច្នៃ​ដែក​ធ្វើ​ជា​គ្រាប់​ក៏មាន ។

លោក​បាន​បញ្ជាក់​ថា​បើ​ទោះ​ជា​ពលរដ្ឋ​បាន​ប្រគល់​អាវុធ​ដល់​សមត្ថកិច្ច​បែប​នេះ​ក្តី ប៉ុន្តែ​លោក​អាច​សន្និដ្ឋាន​បាន​ថា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​បកែវ​ពិតជា​មិន​ទាន់​ប្រគល់​ឲ្យ​អស់​នៅ​ឡើយ​ទេ តែ​ទោះ​យ៉ាង​ណា​សមត្ថកិច្ច​របស់​លោក​នឹង​ព្យាយាម​ចុះ​ទៅ​ដល់​ភូមិ-ឃុំ​របស់​ពួកគាត់​បន្ត​ទៅ​ទៀត​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​ពួកគាត់​យល់ច្បាស់​ពី​ច្បាប់ ។

លោក​ វណ្ណារក្ស បាន​ថ្លែង​ថា​៖ « ពលរដ្ឋ​របស់​យើង​ភាគច្រើន​ជា​ជនជាតិ​ភាគតិច ដូច្នេះ​ពួកគាត់​មិន​សូវ​បាន​យល់​ដឹង​ច្បាស់​ពី​ច្បាប់​ទម្លាប់​នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា ប្រសិនបើ​ពួកគាត់​ទទួល​បាន​ការផ្សព្វផ្សាយ​អប់រំ​ស្តីពី​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ញឹកញាប់​នោះ ពួកគាត់​នឹង​មាន​ការ​ភ្ញាក់​រឭក​ច្រើន​បន្ត​ទៀត » ៕