The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាវុធ​ជិត ​១០០០ ដើម​នឹង​ត្រូវ​កម្ទេច​ចោល

អាវុធ​ជិត ​១០០០ ដើម​នឹង​ត្រូវ​កម្ទេច​ចោល

Content image - Phnom Penh Post
អាវុធ​ជិត​ ១០០០ ​ដើម​ដែល​សមត្ថកិច្ច​ខេត្ត​សៀមរាប​ប្រមូល​បាន​ត្រៀម​កម្ទេច​ចោល​​​។ រូបថត សហការី

អាវុធ​ជិត ​១០០០ ដើម​នឹង​ត្រូវ​កម្ទេច​ចោល

សៀមរាបៈ អាវុធ​ពិត និង​កែច្នៃ​ជិត​ ១០០០ ដើម​ដែល​បាន​ប្រមែប្រមូល​ពី​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​​ជាតិ​ផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ចន្ទ​​បាន​​​ប្រមូល​ និង​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ដើម្បី​រង់ចាំ​ថ្ងៃ​ដុត​បំផ្លាញ​​ចោល​។

លោក វរសេនីយ៍ឯក ឆេត ញ៉ា ប្រធាន​​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​អាវុធ​ទាំងអស់​ដែល​សមត្ថកិច្ច​ប្រមូល​​បន្តិច​ម្តងៗ​តាម​បណ្តា​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​សៀមរាប​មាន​ចំនួន​ ៩៨២ ដើម។

អាវុធ​ទាំង​នោះ​ភាគច្រើន​ជា​អាវុធ​កែច្នៃ​ដែល​ប្រមូល​មកពី​តាម​ព្រៃ​ខ្លះ​កប់​ក្នុង​ដី​រីឯ​ខ្លះ​ទៀត​បាន​ពី​បទល្មើស​ខុស​ច្បាប់​ដែល​បាន​មកពី​ការ​ប្លន់ និង​ការ​បាញ់​សត្វ​ព្រៃ​ខុស​ច្បាប់។ លោក​​បន្ត​ថា​៖ «អាវុធ​ទាំងអស់​នេះ​ត្រូវ​បាន​ប្រមូល​​​តាំងពី​ចុង​ឆ្នាំ ២០១៥។

មូលហេតុ​ដែល​យើង​ប្រមូល​​គឺ​ដោយសារ​តែ​អាវុធ​មួយ​​ចំនួន​នៅ​តែ​អាច​ប្រើប្រាស់​បាន និង​អាច​បង្ក​ហានិភ័យ​​ដល់​​ជីវិត​មនុស្ស​»។

លោក ឆេត ញ៉ា ឱ្យ​ដឹង​ទៀត​ថា​អាវុធ​​ទាំងនោះ​មាន​ដូចជា​កាំភ្លើង​ខ្យល់​​ចំនួន​ ១៩២ ដើម​កាំភ្លើង​ព្រៃ កែច្នៃ​ធ្វើ​ពី​ឈើ​ចំនួន​ ៣៥១​ ដើម​ កាំភ្លើង​បាញ់​ព្រួញ​ចំនួន​ ១៥ ​ដើម​កាំភ្លើង AK47 ចំនួន​ ២៩១ ​ដើម កាំភ្លើង CKC ចំនួន ១០០ ដើម​កាំភ្លើង B69 ចំនួន​ ៥ ​ដើម កាំភ្លើង RPD ចំនួន​ ៦ ​ដើម កាំភ្លើង AR15 ចំនួន​ ១៥ ​ដើម និង​កាំភ្លើង RPK ចំនួន​ ៧ ​ដើម។

លោក​​បញ្ជាក់​ថា៖ «យើង​កំពុង​តែ​រង់ចាំ​បញ្ជា​ក្នុង​ការ​ដុត​បំផ្លាញ​អាវុធ​ទាំង​នោះ​ចោល»​។ សមត្ថកិច្ច​បាន​ធ្វើ​សកម្មភាព​ប្រមូល​អាវុធ​ជាតិ​ផ្ទុះ​តាម​​បណ្តា​​ស្រុក​នានា​ក្នុង​ខេត្ត​សៀមរាប​ចាប់​តាំងពី​ឆ្នាំ​ ២០០៣ ហើយ​សកម្មភាព​​​នេះ​នឹង​នៅ​តែ​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​។

លោក​បាន​បន្ថែម​ថា​៖ ​«យើង​នឹង​នៅ​តែ​បន្ត​ប្រមូល​អាវុធ​ទាំង​នេះ​ដោយ​ចុះ​ត្រួតពិនិត្យ​ និង​ប្រមូល​​ជា​​រៀង​រាល់​ខែ​ពី​ស្រុក​ទាំង​ ១២ ​នៃ​ខេត្ត​សៀមរាប​ក្នុង​គោលបំណង​បញ្ចៀស​នូវ​គ្រោះថ្នាក់​នានា​ដែល​បង្ក​​ដោយ​អាវុធ​ទាំង​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍