ភ្នំពេញៈ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការពារជាតិប្រគល់អាវុធប្រភេទ CKC ចំនួន ១ ២១០ ដើម ដល់មន្ទីរបរិស្ថានរាជធានី-ខេត្ដ សម្រាប់មន្ត្រីឧទ្យាននុរក្សល្បាត ខណៈមានមន្ដ្រីឧទ្យានុរក្សចំនួន ៣ នាក់បានស្លាប់ និងរបួស ក្នុងពេលកំពុងបំពេញការងារការពារធនធានធម្មជាតិក្នុងឆ្នាំនេះ។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ដ្រា បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា បន្ទាប់ពីមន្ត្រីឧទ្យានុរក្សខ្លះរងគ្រោះស្លាប់ និងរបួសដោយសារតែជនល្មើសបាញ់ និងវាយប្រហារក្នុងពេលល្បាតការពារធនធានធម្មជាតិ ទើបក្រសួងបរិស្ថានបានស្នើទៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកាលពីខែកញ្ញា ឆ្នាំ ២០១៩ ដើម្បីបំពាក់អាវុធជាកាំភ្លើងវែងប្រភេទ CKC ដល់មន្ត្រីឧទ្យានុរក្សប្រមាណ ១ ២០០ នាក់ នៅទូទាំងប្រទេសដើម្បីប្រើប្រាស់ក្នុងពេលដើរល្បាតក្នុងដែនសមត្ថកិច្ចដែលគ្រប់គ្រងដោយក្រសួងបរិស្ថានក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះឱ្យបានគង់វង្ស។
លោកបានថ្លែងថា៖ «ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ មន្ត្រីឧទ្យានុរក្ស ៣ នាក់ ដែលរងគ្រោះថ្នាក់ពេលបំពេញការងារស្លាប់ ដោយក្រុមជនទុច្ចរិតប្រព្រឹត្តបទល្មើសធនធានធម្មជាតិមានចំនួន ១ រូប របួស ២ រូប ដោយការបាញ់របស់ព្រានព្រៃនៅក្នុងខេត្តមណ្ឌលគិរី និងរបួសដោយការកាប់របស់ជនល្មើសកាប់រុករានទន្ទ្រានដីធ្លីនៅខេត្តកំពង់ធំចំនួន ១ រូប»។
តាមរបាយការណ៍លទ្ធផលការងារលើការគ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ របស់ក្រសួងបរិស្ថានដែលបង្ហាញក្នុងសន្និបាតបូកសរុបការងាររបស់ខ្លួនកាលពីថ្ងៃចន្ទបានឲ្យដឹងថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការពារជាតិប្រគល់អាវុធប្រភេទ CKC ចំនួន ១ ២១០ ដើម ដល់មន្ទីរបរិស្ថានរាជធានី-ខេត្ដ សម្រាប់មន្ដ្រីឧទ្យានុរក្សល្បាតការពារធនធានធម្មជាតិ។
របាយការណ៍នេះបញ្ជាក់ថា៖ «ក្រសួងបរិស្ថានចាត់បញ្ជូនមន្ត្រីឧទ្យានុរក្សចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធជាតិផ្ទុះ តាមបច្ចេកទេសពីគ្រូបង្វឹកជាយោធាចារ្យនៅតាមបណ្តាភូមិសាស្ត្ររៀងៗខ្លួន។ យោធាចារ្យបាន និងកំពុងបណ្ដុះបណ្ដាលមន្ដ្រីឧទ្យានុរក្ស បង្កើនសមត្ថភាពលើការប្រើប្រាស់ ការគ្រប់គ្រងអាវុធជាតិផ្ទុះ និងការថែទាំអាវុធ»។
បើតាមរបាយការណ៍ដដែលមានមន្ដ្រីឧទ្យានុរក្សសរុបចំនួន ១ ៣២៣ នាក់ ហើយដែលបានធ្វើសច្ចាប្រណិធានជាមន្ដ្រីនគរបាលយុត្ដិធម៌ និងភ្នាក់ងារនគរបាលយុត្ដិធម៌។ ក្នុងនោះក្រសួងក៏បានសហការជាមួយក្រសួងការពារជាតិក្នុងការបណ្ដុះបណ្ដាលមន្ដ្រីឧទ្យានុរក្សដើម្បីពង្រឹងសមត្ថភាពលើនីតិវិធីល្បាតប្រើប្រាស់ និងថែទាំអាវុធនៅសាលានាយទាហានសកម្មត្នាតពង ផងដែរ។
កាលពីខែកញ្ញាក្រសួងបរិស្ថានបានប្រកាសថា តំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងនេះមានចំនួន ៥៧ កន្លែងមានទំហំប្រមាណ ៧ ២៤៩ ០២៤ ហិកតាក្នុងនោះមានឧទ្យានជាតិចំនួន ១២ កន្លែង, ដែនជម្រកសត្វព្រៃចំនួន ២០ កន្លែង,តំបន់ការពារទេសភាពចំនួន ១២ កន្លែង, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨ កន្លែង, តំបន់រ៉ាមសារចំនួន ៥ កន្លែង តំបន់បេតិកភណ្ឌធម្មជាតិចំនួន ២ កន្លែង និងរបៀងអភិរក្សជីវសាស្ត្រចម្រុះចំនួន ៣ កន្លែង។
ក្រសួងបរិស្ថានបញ្ជាក់ថា ក្នុងការការពារ និងអភរិក្សតំបន់ការពារធម្មជាតិទាំងនេះមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២២០ នាក់ ដែលកំពុងឈរជើងការពារធនធានធម្មជាតិក្នុងតំបន់ទាំងនោះ។ មន្ត្រីឧទ្យានុរក្សដែលកាន់អាវុធពេលនេះទទួលបានការបង្វឹកពីយោធាចារ្យ នៅតាមបណ្តាភូមិភាគ ដើម្បីប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធប្រភេទ CKC ។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិបានលើកឡើងថា ការផ្ដល់ការបណ្ដុះបណ្ដាល និងបំពាក់អាវុធដល់មន្ដ្រីឧទ្យានុរក្សគឺជាការល្អប្រសើដើម្បីអាចឲ្យមន្ដ្រីអាចការពារខ្លួនពេលចុះអនុវត្ដការងារនៅតាមតំបន់អភិរក្សនានាបាន។
លោកថ្លែងថា៖ «នេះជាការលើកទឹកចិត្ដដល់មន្ដ្រីឧទ្យានុរក្សចំពោះការអនុវត្ដការងាររបស់ខ្លួន។ នៅពេលដែលមន្ដ្រីឧទ្យានុរក្សចុះទៅល្បាតការពារធនធានធម្មជាតិដោយមិនមានអាវុធនោះជនល្មើសអាចនឹងធ្វើសកម្មភាពប្រព្រឹត្ដបទល្មើសមកលើមន្ដ្រីបាន» ៕