បាត់ដំបងៈ កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ​បុរស​ម្នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ពាក់​ផ្កាយ​៤ ថត​បង្ហោះ​តាម​ហ្វេសប៊ុក បន្ទាប់ពី​ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៨ ខែ​មេសា​ឆ្នាំ​ ២០២០ នៅ​ភូមិ​ល្វាទេរ ឃុំ​ត្រាង ស្រុក​កំរៀង​។

លោក ឡាច ប្រុស​ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ណាំ កប ភេទ​ប្រុស​អាយុ ៣៦ ​ឆ្នាំ​គឺ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ​ដោយសារ​គាត់​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​គាត់​។

ដោយសារ​តែ​មាន​ការសង្ស័យ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ធ្វើការ​ឆែក​រកមើល​ក្នុង​បញ្ជី​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​មិន​ឃើញ​មាន​ឈ្មោះ​នេះ​ក៏​សមត្ថកិច្ច​ចាប់ផ្តើម​បើក​ការស្រាវជ្រាវ​ដើម្បី​រក​អត្តសញ្ញាណ​ជនសង្ស័យ​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់គាត់ ដើម្បី​ឃាត់ខ្លួន​ជន​ម្នាក់នេះ​យក​មក​សួរនាំ​។ ជនសង្ស័យ​មិនទាន់​បោកប្រាស់​នរណា​ទេ តែ​គាត់​ស្លៀកពាក់ ដើម្បី​ដើរ​បង្អួត​គេឯង​ក្នុងភូមិ​គាត់​។

លោកប្រុស​និយាយ​ទៀត​ថា ដោយសារ​តែ​អ្នកភូមិ​ឃើញ​ជនសង្ស័យ​ស្លៀកពាក់​ឯកសណ្ឋាន​ពាក់​ផ្កាយ​ថ្នាក់​ឧត្តមសេនីយ៍​បែបនេះ​ម្នាក់ៗ​នាំគ្នា​និយាយ​ពេញ​ភូមិ​ថា​ «​អានេះ​ឮថា ចូល​ធ្វើ​ទាហាន​ម្ង៉ៃ​នោះ​សោះ​ឥឡូវ​ពាក់​ផ្កាយ​៤»​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​លោក អ៊ន ជ្រីសៅមណ្ឌល ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​ទទួល​ផែន​ព្រហ្មទណ្ឌ​ដែល​ជា​អ្នក​ទទួលបន្ទុក​សួរចម្លើយ​ជនសង្ស័យ​ដែរ ប៉ុន្តែ​ត្រូវបាន​លោក​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។ ប៉ុន្តែ​បើ​តាម​មន្ត្រី​មួយរូប​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា ករណី​ខាងលើ​នេះ​កម្លាំង​អាវុធហត្ថ​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​ភូមិ-ឃុំ​ខាងលើ​ និង​នាំយក​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។

ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅក្នុង​អាខោន​ហ្វេសប៊ុក​របស់គាត់​ដាក់​ឈ្មោះ ណាំ កប ដែល​ជា​ឈ្មោះ​របស់គាត់​ហើយ​ចំពោះ​រូបភាព​កីឡាករ​ដែល​ថា​នៅក្នុង​កងពលតូច​ថ្មើរជើង​លេខ​ ៤១ នៃ​យោធភូមិភាគ​ទី​ ៤ នៅក្នុង​ស្រុក​អង្លង់វែង​នោះ​គាត់​មិនមែន​បម្រើការ​នៅក្នុង​អង្គភាព​កងពល​តូច​នោះទេ​។

មន្ត្រី​រូបនោះ​បន្តថា ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ប្រការ​ដែល​គាត់​ស្លៀក​ឯកសណ្ឋាន​យោធា និង​មាន​ពាក់​ផ្កាយ​ ៤ ​ផង​នោះ​ គឺ​គាត់​បាន​ទិញ​គេ​យកមក​ពាក់ ដើម្បី​សម្ញែង​បង្អួត​ដល់​អ្នកភូមិ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ត្រង់​ថា​តម្លៃ​ប៉ុន្មាន​នោះ គាត់​ភ្លេច​ហើយ ហើយ​ក៏​គាត់​មិនបាន​ទៅ​បោកប្រាស់​នរណា​ដែរ​។ គាត់​បាន​យក​រូប​ពាក់​ផ្កាយ​ ៤ ​នោះ​ដាក់​ជា​ឡូហ្គោ​នៅក្នុង​អាខោន​ហ្វេសប៊ុក​គាត់​។

មន្ត្រី​អាវុធហត្ថ​រូបនោះ​បន្តទៀត​ថា តាមរយៈ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​តាមរយៈ​ការដកហូត​បាន​វត្ថុតាង​មួយចំនួន​ក្នុង​នោះ​សមត្ថកិច្ច​បាន​រកឃើញ​មាន​ស្លាក​ឈ្មោះ ហង់ សំណាង មួយ​ទៀត​ដែល​ឈ្មោះ​នេះ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ថា តើ​មាន​ម្ចាស់​ពិតប្រាកដ​ឬ​យ៉ាងណា​?

បើ​តាម​មន្ត្រី​អាវុធហត្ថ​រូបនេះ​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មាន​ស័ក្ដិស្មា ផ្កាយ​ ៤ ចំនួន​ ១ ​គូរ ស័ក្ដិ​អាវ​ប្រយុទ្ធ ១ គូ ស្លាក​ឈ្មោះ នាយឧត្តមសេនីយ៍​ ១ មេដាយ ១ ​កំប្លេ ឯកសណ្ឋាន​ប្រយុទ្ធ ១ ​កំប្លេ សញ្ញា​សម្គាល់ នាយឧត្តមសេនីយ៍ ១ ​គូ និង​ស្លាក​ឈ្មោះ ហង់ សំណាង ចំនួន​ ១ ​ផងដែរ​៕