ក្រចេះ: សមត្ថកិច្ចបានចុះបង្ក្រាបផ្ទះឈ្មួញឈើមួយកន្លែង នៅសង្កាត់អូរឫស្សី ក្រុង ក្រចេះ កាលពីថ្ងៃទី ១៧ ខែ មិថុនា ដោយបានរឹបអូសរថយន្តសាំយ៉ុងដឹកឈើពេញៗចំនួន ៨ គ្រឿង ខណៈរថយន្តទាំងនេះ បម្រុងដឹកឈើចេញទៅវៀតណាម។
លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កងរាជអាវុធហត្ថខេត្តក្រចេះ រឹបអូសបានរថយន្តដឹកឈើប្រណីតចំនួន ៨ គ្រឿង ហើយលោកគ្រាន់តែជាតំណាងឱ្យអយ្យការដែលជាអ្នកសម្របសម្រួលនីតិវិធីលើករណីនេះប៉ុណ្ណោះ។ លោក ជា សុភ័ក្រ មិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ។
លោកបានប្រាប់ថា៖ «កាលណាមានបទល្មើស គេបង្រ្កាបហើយ»។
លោក បួយ រតនា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បានទេ កាលពីម្សិលមិញ។
យោងតាមការចុះផ្សាយរបស់ Fresh News បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តក្រចេះនាថ្ងៃទី ១៧ ខែ មិថុនា បានចុះឡោមព័ទ្ធលំនៅឋានស្តុកឈើរបស់ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ នៅចំណុចភូមិកាប៉ូក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ។ សមត្ថកិច្ចបានរឹបអូសរថយន្ដសាំយុងដឹកឈើ ៨ គ្រឿង ដែលលាក់ទុកក្នុងផ្ទះបម្រុងដឹកទៅកាន់ប្រទេស វៀតណាម។
លោក ឡុង យឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះបានថ្លែងថា កម្លាំងអាវុធហត្ថបានចុះឡោមព័ទ្ធលំនៅឋានឈ្មួញឈើ និងបានឃាត់រថយន្តចំនួន ៨ គ្រឿង ដែលលាក់ទុក និងផ្ទុកឈើប្រណីតប្រភេទឈើតាត្រាវពេញក្នុងរថយន្ត និងប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្សារ។
លោក ឡុង យឹង បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ ម្ចាស់ឈ្មួញឈើ មិនបាននៅផ្ទះនោះទេ ហើយជនសង្ស័យរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្តស្រាវជ្រាវឃើញមានពាក់ព័ន្ធក្នុងមុខជំនួញឈើប្រណីតឆ្លងដែន។
លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានថ្លែងថា ឈើទាំងនេះជាប្រភេទឈើប្រណីតតាត្រាវ និងឈើលេខ ១ ដែលមានមុខកាត់ធំៗ និងមានប្រវែងចាប់ពី ២ ម៉ែត្រ ដល់ ៣ ម៉ែត្រ ហើយរហូតមកដល់ព្រឹកថ្ងៃអង្គារម្សិលមិញសមត្ថកិច្ច មិនទាន់ធ្វើការវាស់វែងនៅឡើយទេ។
ពាក់ព័ន្ធនឹងករណីបង្ក្រាបបទល្មើសព្រៃឈើនេះដែរ យោងតាមគេហទំព័រកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃអាទិត្យបានចុះបង្ក្រាបឈើ ដែលជនល្មើសបានយកមកគរ និងរក្សាទុកនៅក្នុងចម្ការស្វាយចន្ទីស្ថិតក្នុងភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ដោយមិនទាន់ធ្វើការវាស់វែង។ បច្ចុប្បន្ន វត្ថុតាងត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកមករក្សាទុក នៅស្នាក់ការសន្តិសុខ ៧៨៧ ក្នុងស្រុកអណ្តូងមាស៕