ព្រះ​សីហនុៈ កង​​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សី​​ហ​នុ​ បាន​​​បញ្ជូន​មនុស្ស​​ប្រុស​ស្រី​ ៣ ​នាក់​​ទៅ​សាលា​ដំបូង​ខេត្ត​​ព្រះ​សីហនុ កាល​ពី​ម្សិល​មិញ​​ ពាក់​ព័ន្ធ​​​បទ​បង្ខាំង​មនុស្ស​​ខុស​ច្បាប់​ ក្នុង​រឿង​​ទំនាស់​ដី​ធ្លី​​មួយ​ ស្ថិត​​នៅ​ភូមិ​ស្ទឹង​ឆាយ​ខាង​ជើង​​ ឃុំ​ស្ទឹង​ឆាយ​​ ស្រុក​កំពង់​សិលា​ ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៤​ ខែ​កុម្ភៈ​ ​ឆ្នាំ ២០១៩។​

​លោក​​ កែវ ​សុផល​ មេ​​បញ្ជាការរង​ នៃ​ទី​​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ព្រះ​សី​ហ​នុ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​​ ជន ​៣​ នាក់​ ដែល​​ពាក់ព័ន្ធ​បទ​បង្ខាំង​មនុស្ស​​នោះ លោក​មិន​បាន​ចាំ​ឈ្មោះ​ពួក​គេ​ទេ​ ព្រោះ​លោក​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ការិយាល័យ​ ប៉ុន្តែ​ពួកគេ​​ ត្រូវ​​បាន​បញ្ជូន​​ទៅ​​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​កាល​ពី ម្សិលមិញ។

លោក​ថ្លែង​ថា​​៖​ «​ជន ​៣​​ នាក់​នោះ ​សមត្ថកិច្ច​ខ្ញុំ​ត្រូវ​តែ​បញ្ជូន​ទៅ​តុលាការ​​ហើយ​បើ​​ទោះ​ជា​មាន​ការ​​ស្នើ​សុំ​សម្រុះ​សម្រួ​ល​​ពី​​ភាគី​បង្ក​ក្តី​ ព្រោះ​ខាង​ដើមបណ្តឹងឲ្យ​​ធ្វើ​តាម​ច្បាប់​។​ រឿង​នេះ​តាម​គោល​​ការណ៍​ គឺ​ព្រះរាជអាជ្ញា​អមសាលា​ដំបូង​ខេត្ត​ព្រះ​សី​ហ​នុ​ បង្គាប់​ឲ្យ​ខាង​ខ្ញុំ​បញ្ជូន​ទៅ​តុលាការ​​ទាំង​អស់​នៅ​ថ្ងៃនេះ​ (ថ្ងៃ​ទី​ ៦ ​កុម្ភៈ​)»។

លោក​បញ្ជាក់​ថា​ រឿង​​ហេតុ​នេះកើតឡើង​ ជាប់​​ពាក់ព័ន្ធ​ទៅ​នឹង​រឿងទំនាស់​ដី​ធ្លី​ រវាង​ភាគី​ទាំង​ ២​ ហើយ​ដើម​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​បទ​ល្មើស​នេះ​ គឺ​ដោយ​សារ​​តែ​ភាគី​ជន​រងគ្រោះ​ គាត់​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ហើយ​ភាគី​​បង្ក​មាន​ការ​សង្ស័យ​ថា​ ជន​រងគ្រោះ​ ​បាន​ជិះ​ម៉ូតូ​​ចូល​​ទៅ​ក្នុង​ដី​ទំនាស់​​នោះ​​ ក៏​​ពួកគេ​បាន​ឃាត់​ជន​រង​គ្រោះ​ និង​​ដក​យក​សោម៉ូ​តូ​របស់​ជន​រង​គ្រោះ​ទៀត ​ទើប​ជនរងគ្រោះ​​បាន​ប្តឹង​ទៅ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់សិលា។

លោក​​បន្ត​​​ថា​៖ «​ពួក​គាត់​ (ក្រុម​ជន​សង្ស័យ)​ មិន​ត្រូវ​ធ្វើ​អ៊ី​ចឹង​ទេ​ តើ​ពួក​​គាត់​អាង​អី បានជា​​ទៅ​​ឃាត់​​ និ​ង​ដក​សោ​ម៉ូតូ​គេ​ ព្រោះ​ជា​ប្រជា​ពលរដ្ឋ​ធម្មតា​ហ្នឹង​។​ អាហ្នឹង​​គឺ​វា​ខុស​ច្បាប់​មួយ​ហើយ​»​​។

បើ​តាម​មន្រ្តីអាវុធហត្ថស្រុក​កំពង់សិលាដែល​បដិសេធ​ប្រាប់​ឈ្មោះថា​ ជន​សង្ស័យ​ទាំង​ ៣ នាក់ ១.​ឈ្មោះ​ សំ​ សុខុន​ ភេទ​ស្រី ​អាយុ ៥៨ ឆ្នាំ ​​(ម្តាយ​) ទី​២.​ឈ្មោះ​ រ៉ា​ន​ ដា​លុច ​ភេទ​ប្រុស​ អាយុ ​៣៦ ​ឆ្នាំ ​(​កូន​) ទី៣.​ឈ្មោះ​ ពុធ​ នូ ​ភេទ​ប្រុស​ អាយុ ​២៧ ឆ្នាំ ​(​ក្មួយ​)​ ពួក​គេ​មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។ ​រីឯជន​រង​គ្រោះ​ឈ្មោះ ប៊ុន យុ​ទ្ធា អាយុ​ ៦៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆាយ​ខាង​ត្បូង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា។

មិន​អាចទាក់ទង​​ប្រភព​គូ​ជម្លោះ​ទាំង​ ២​ ដើម្បី​សុំ​អធិប្បាយ​​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ៕