ស្វាយរៀង: កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ដឹក​ធ្យូង​ចំនួន ៨ ​គ្រឿង (​រថយន្ត​តូច ៣ គ្រឿង​) ​ទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កាលពី​ម្សិលមិញ បន្ទាប់ពី​ចាប់​ឃាត់​នៅក្បែរ​ច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិ​បុស្សមន ឃុំ​បុស្សមន ស្រុក​រំដួល​កាលពី​ថ្ងៃទី​ ១៣ ខែមេសា​ខណៈ​រថយន្ត​ទាំងនេះ​បម្រុង​ដឹក​ធ្យូង​ឆ្លងដែន​ខុសច្បាប់​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

លោក សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា កងរាជអាវុធហត្ថ​ស្រុក​រំដួល​ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​ឃាត់​រថយន្ត​ដឹក​ធ្យូង​ចំនួន ៨ ​គ្រឿង​ របស់​ឈ្មួញ​មួយក្រុម​មាន​គ្នា ៨ ​នាក់ ​ដែល​បម្រុង​ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​។

លោក​បន្តថា ធ្យូង​ទាំងនេះ​ផលិត​ពី​ឈើ​មាន​តម្លៃ​ដោយ​មិនមែន​ជា​ធ្យូង​ដែល​ផលិត​ពី​សិប្បនិមិ្មត​ទេ​។ ដូច្នេះ​ការដុត​ធ្យូងឈើ​គឺជា​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ធ្វើឲ្យ​បាត់បង់​ព្រៃឈើ​។ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​មន្ត្រី​ជំនាញ​បាន​សាកសួរ​ម្ចាស់​រថយន្ត​ទាំង​ ៨ ​នាក់​ហើយ​បាន​បញ្ជូន​បន្ត​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្វាយរៀង​កាលពី​ម្សិលមិញ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។

លោក សែ វុទ្ធី បញ្ជាក់ថា​៖ «​បើតាម​ច្បាប់​គឺ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ផលិត​ធ្យូង​សិប្បនិមិ្មត ប៉ុន្ដែ​ចំពោះ​ពលរដ្ឋ​ដែល​ដុត​ធ្យូង​ពី​ឈើ​គឺ​គេ​អនុញ្ញាត​ឲ្យ​ផលិត​ក្នុង​កម្រិត​ទ្រង់ទ្រាយ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ចំពោះ​ករណីនេះ​ឈ្មួញ​ដឹក​តាម​រថយន្ត​ទ្រង់ទ្រាយ​ធំ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ទៀត​ទើប​យើង​បង្ក្រាប ហើយ​ចាត់វិធានការ​តាម​ច្បាប់​តែម្ដង​»​។

លោក គល់ សុវណ្ណ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្វាយរៀង និង​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក មាស ចក់ ​ស្នងការរង​នគរបាល​ខេត្តស្វាយរៀង​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មិនទាន់​បាន​ទទួលដំណឹង​នេះ​ទេ ហើយ​កម្លាំង​លោក​ក៏​មិនបាន​សហការ​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​ខេត្តស្វាយរៀង​ដែរ​។ លោក​បញ្ជាក់ថា​៖ «​បើសិន​ខាង​កម្លាំង​អាវុធហត្ថ​ខេត្តស្វាយរៀង​ចុះបង្ក្រាប ផ្ទាល់​គឺ​ប្រហែល​ជា​កម្លាំង​គាត់​មាន​កម្លាំង​គ្រប់គ្រាន់​ហើយ ប៉ុន្ដែ​បើ​កម្លាំង​គាត់​មិន​គ្រប់គ្រាន់ គាត់​អាច​ស្នើ​មក​កម្លាំង​នគរបាល​យើង​ឲ្យ​ជួយ​ក៏បាន​ដែរ​»​។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដកស្រង់​សម្ដី​មន្ត្រី​កងរាជ​អាវុធហត្ថ​ស្រុក​រំដួល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា នៅ​យប់​ថ្ងៃទី​ ១២ ខែ​មេសា មាន​រថយន្ត​ចំនួន​ ៨ ​គ្រឿង​ បាន​ដឹក​ធ្យូង​តាមផ្លូវ​ជាតិ​លេខ​ ៣១៣ រួច​ឆ្ពោះទៅ​ច្រកទ្វារ​ព្រំដែន​កម្ពុជា-វៀតណាម​ ដោយ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែន​បុស្សមន ឃុំ​បុស្សមន ស្រុក​រំដួល​។

លោក​បន្តថា ក្នុងអំឡុង​ពេលនោះ​ពួកគេ​បាន​ទៅ​ទាក់ទង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រកព្រំដែន​ទាំង​ភាគី​កម្ពុជា និង​វៀតណាម​ដើម្បី​សុំ​ដឹក​ធ្យូង​ចូលទៅ​ប្រទេស​វៀតណាម​ប៉ុន្តែ​លោក​មេ​ប៉ុស្ត៍​ភាគី​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ឆ្លងដែន​នៅពេល​យប់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បង្គាប់​ឲ្យ​ម្ចាស់​រថយន្ត​ត្រឡប់ក្រោយ​វិញ​។

លោក​បន្ថែមថា ទោះយ៉ាងណា​ក្រុម​ឈ្មួញ​ទាំងនោះ​មិន​បាន​ថយក្រោយ ដោយ​នាំគ្នា​បើក​រថយន្ត​មក​ឈប់​នៅតាម​ផ្លូវថ្នល់​ជិត​ច្រកទ្វារ​ព្រំដែន​។ លុះដល់​ព្រឹក​ថ្ងៃទី​ ១៣ ខែមេសា ទើប​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ចុះ​ល្បាត​ឃើញ​ក៏​ឃាត់​សាកសួរ និង​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕