ភ្នំពេញៈ ក្រុមប្រឹក្សា​វិន័យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពី​ក្រុម​អធិការកិច្ច​បាន​បញ្ចប់​ការស៊ើបអង្កេត​ទៅ​លើ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ នេះ​បើ​តាម​លោក​នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ការកោះប្រជុំ​ក្រុមប្រឹក្សា​វិន័យ​របស់​កងរាជ​អាវុធហត្ថ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុមអធិការកិច្ច​កងរាជ​អាវុធហត្ថ​បាន​បញ្ចប់​ការស៊ើបអង្កេត​ទៅ​លើ​លោក កង សៅគុណ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ថា បាន​ស៊ីដាច់ លុយ​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កងអង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមាណ ៨០ លាន​រៀល​កាលពី​អំឡុង​យុទ្ធនាការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា និង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្សេង​ទៀត​។

លោក ជូ សារុន មេបញ្ជាការ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​យក​អង្ករ​ឧបត្ថម្ភ​របស់​លោក ហ៊ុន ម៉ានី កូនប្រុស​លោក ហ៊ុន សែន និង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា និង​អំពើ​ពុករលួយ​ផ្សេង​ទៀត ខណៈ​លោក​ សាក់ សារ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ក៏​សង្ស័យ​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​យក​លុយ​ពី​ឈ្មួញ​រកស៊ី​ឈើ​ផង​ដែរ​។

លោក​ សៅ សុខា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមប្រឹក្សា​វិន័យ​របស់​កងរាជ​អាវុធហត្ថ​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ហើយ ដើម្បី​ពិភាក្សា​ទៅ​លើ​ករណី​ការស៊ើប​អង្កេត​លើ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ​ដែល​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ពុករលួយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ស្អែក​បាន​គេ​ប្រជុំ​ស្តាប់​របាយការណ៍ ហើយ​ក្រុមប្រឹក្សា​វិន័យ​គេ​វាយតម្លៃ​។ យើង​ពិនិត្យ​វាយតម្លៃ​។ យើង​ពិនិត្យ មើល​ថា​តើ​ដំណើរ​រឿង​នៃ​ការប្រព្រឹត្ត​ហ្នឹង​មាន​កំហុស​ផ្នែក​ខាង​វិន័យ​វា​មាន​អ្វី​ខ្លះ​ហើយ​ផ្នែក​ខាង​ក្របខ័ណ្ឌ​ច្បាប់​មាន​អ្វីខ្លះ​ដែរ (​បើ​គាត់​បាន​ប្រព្រឹត្ត​) យើង​នឹង​អនុវត្ត​ពិន័យ​ទៅ​តាម​ច្បាប់​លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​បើ​គាត់​រំលោភ​បំពាន​ច្បាប់ យើង​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​»​។

កាលពី​ថ្ងៃទី​ ២៥ ខែ​តុលា​លោក សាក់ សារ៉ាង មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា​លោក​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​ពុករលួយ និង​យក​លុយ​ពី​ឈ្មួញ​រកស៊ី​ឈើ​ដោយ​បាន​ថ្លែង​ថា លោក​បាន​និង​កំពុង​ស្វែងរក​មនុស្ស​ដែល​បាន​ចោទប្រកាន់​រូប​លោក​។

លោក​ចោទ​សួរ​ថា​៖ «​តើ​ខ្ញុំ​ទៅ​ពុករលួយ​ជាមួយ​ពី​ណា​? ​ខ្ញុំ​យក​លុយ​ពី​ផ្ទះ​ខ្ញុំ​ធ្វើ​បន្ទាយ​ផង​ទៅ​ពុករលួយ​មកពី​ណា​? ខ្ញុំ​កំពុង​រក​អ្នក​ដែល​ចោទ​ខ្ញុំ ប្តឹង​ដាក់​ចូល​តុលាការ​ដើម្បី​ធ្វើការ​កោះ​ហៅ​វា​យក​មក​សួរ​»​។

លោក កង សៅគុណ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារ​ក៏​បាន​បដិសេធ​ដែរ​ថា លោក​បាន​ស៊ីដាច់​លុយ​របស់​លោក​ ហ៊ីង ប៊ុនហៀង ​ប្រមាណ​ ៨០ ​លាន​រៀល​កាលពី​អំឡុង​យុទ្ធនាការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា និង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្សេង​ទៀត​។ ​«​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​។ យើង​ទុក​ឲ្យ​ថ្នាក់​លើ​គាត់​ធ្វើ​ការងារ​ថា តើ​នរណា​ខុស​នរណា​ត្រូវ​?»​។

លោ សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា ការស៊ើប​អង្កេត​របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅ​លើ​មន្ត្រី​របស់​ខ្លួន អាច​នឹង​មាន​ការលំបាក​ដើម្បី​បង្ហាញ​ថា មន្ត្រី​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ដោយសារ​មិន​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចូលរួម​។ ​«​គេ​មិន​អាច​យក​កាំបិត​ទៅ​ចិត​ដង​ឯង​កើត​ទេ​។ មន្ត្រី​ក្នុង​តំណែង​ដូច​កងរាជ​អាវុធហត្ថ ឬ​កងកម្លាំង​ប្រដាប់​អាវុធ​កម្រ​នឹង​មាន​ការស៊ើបអង្កេត​ល្អិតល្អន់​ណាស់ លុះត្រា​តែ​មាន​ការសហការ​គ្នា​»៕